ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រចាពលរដ្ឋទាំងអស់ថា ការបង្ការ ដែលល្អបំផុតពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាន និងគ្រុនឈីកដែរ រួមមាន ការពារខ្លួនកុំឱ្យមូសខ្លាខាំ ស្ត្រីដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ នឹងដៃគូរួមភេទរបស់គាត់រឹតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួនពីមូលខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដូច្នេះ បានធ្វើឡើង ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយក្រសួងសុខាភិបាល បានប្រកាសពីករណីជំងឺហ្ស៊ីកាដំបូង នៅក្នុងឆ្នាំ២០២៣ នៅកម្ពុជា។ នោះគឺករណីជំងឺហ្ស៊ីកា ចំនួន ១ករណី កើតលើកុមារីអាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យ បានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័ស រកជំងឺគ្រុនឈាន តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មក លទ្ធផលបង្ហាញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។
ក្រសួងសុខាភិបាល បានប្រកាសថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូលខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកា ខាំ។ ប្រភេទសមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លា ដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះ មាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកា ឆ្លងពីម្តាយទៅកូន ក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។



ចែករំលែកព័តមាននេះ