ខេត្តកំពង់ចាម ៖ រយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គបានហក់ឡើងជាហេតុធ្វើឲ្យព្រែកបឹងបួរមួយចំនួនជាប់ដងទន្លេ ត្រូវបានទឹកហូរចូលជាមួយនោះ គេក៏បានសង្កេតឃើញក្រុមមនុស្សខិលខូចដាក់បទល្មើសនេសាទស្បៃមុង ដោយខុសច្បាប់មានរហូតដល់រាប់ម៉ឺនម៉ែត្រឯណោះដោយមិនគិតពីការបំផ្លាញធនធានធម្មជាតិ ។ ឧបករណ៍ទាំងនេះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដុតកម្ទេចចោល ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា ក្រោមការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តក៏ដូចជា ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងរយៈប៉ុន្មានថ្ងៃនេះរូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់មានជាហូរហែក្នុងនោះរួមមាន ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកស្ទឹងត្រង់ រួមទាំងការចុះប្រតិបត្តិការនៅស្រុកកោះសូទិន ដោយធ្វើឡើងនៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣ សរុបទៅបានជាច្រើនករណី ក្នុងនោះរឹបអូសបានលូ ស្បៃមុង និងរបាំងស្បៃមុងបានរហូតដល់រាប់ម៉ឺនម៉ែត្រឯណោះ ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តថា រយៈពេលដែល រូបលោកដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបបទល្មើសនេសាទនៅតាមអតីតឡូនេសាទមួយចំនួនជាប់ និងដងទន្លេមេគង្គក្នុងនោះដោយទទួលបានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧបករណ៍នេសាទដែលដកហូត ត្រូវបានដុតបំផ្លាញចោលជាមួយនោះបានចាក់លែងកូនត្រី ក្នុងបឹងធម្មជាតិបានរាប់រយគីឡូក្រាមទៀតផង ។
ជាក់ស្ដែង ក្នុងប្រតិបត្តិការដោយធ្វើឡើង ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាបដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍លូស្បៃមុង ចំនួន០១នាក់ និងចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន ៖

ករណីទី០១ លូស្បៃមុងចំនួន០៦មាត់ របាំងស្បៃមុងចំនួន១៥៦ម៉ែត្រ បង្គោលចម្រឹងចំនួន៨៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧.៥ គីឡូក្រាម ។ នៅចំណុចស្ពានព្រែកសណ្តាយ ឃុំមហាលាភ ស្រុកកោះសូរទិន ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ករណីទី០២ លូស្បៃមុងចំនួន០៨មាត់ របាំងស្បៃមុងចំនួន២៤១ម៉ែត្រ បង្គោលចម្រឹងចំនួន១២២ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់១២គីឡូក្រាម ។ នៅចំណុចបឹងកំពិត បឹងឈើពុក ភូមិដំណាក់ព្រីងកើត ឃុំមហាលាភស្រុកកោះសូទិន ។
ក្នុងនាមជំនាញរដ្ឋបាលជលផលក៏ដូចជា អាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបញ្ឈប់នៅសកម្មភាពបទល្មើសនេសាទដោយខុសច្បាប់ ហើយងាកមកប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារស្របច្បាប់ ដើម្បីរក្សានិរន្តរភាពមច្ឆាជាតិឲ្យនៅគង់វង្ស ៕


ចែករំលែកព័តមាននេះ