ថ្នាក់ដឹកនាំអារ៉ាប់ជាច្រើនរូប ត្រៀមខ្លួនចាំតែទិញអ្វីគ្រប់យ៉ាងដែលខឿនឧស្សាហកម្មការពារប្រទេសរបស់បស្ចិមប្រទេសបញ្ចេញលក់ ពិសេសពីប្រទេសអាល្លឺម៉ង់ ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) បានឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗនេះអាល្លឺម៉ង់ក្លាយជាអ្នកនាំចេញអាវុធលំដាប់ទីបីពិភពលោក ។
ស្ថិតិរបស់ SIPRI បង្ហាញថា ជាង១ទសវត្សកន្លងមក ការរួមចំណែកនៃខឿនឧស្សាហកម្មការពារប្រទេសអាល្លឺម៉ង់ ក្នុងទីផ្សារអាវុធពិភពលោកកើនទ្វេដង ឡើងដល់១១ភាគរយ ។ឆ្នាំ២០០៨ អាល្លឺម៉ង់លក់អាវុធបានជិត៦ពាន់លានអឺរ៉ូ ។ ប្រទេសអាល្លឺម៉ង់ផ្គត់ផ្គង់ភាគច្រើនផលិតផលការពារប្រទេសបច្ចេកទេសខ្ពស់ដូចយ៉ាងនាវាមុជទឹក និងសម្ភារអេឡិកត្រូនិចយោធាជាដើម។ អាវុធអាល្លឺម៉ង់មានគុណភាពល្អរហូតដល់រុស្ស៊ីក៏ក្លាយជាអតិថិជនអាវុធផ្នែកខ្លះរបស់ប្រទេសនេះដែរ ។ ថ្វីបើអាវុធរុស្ស៊ីសមស្របពិសេសសម្រាប់សង្គ្រាមឈ្លបនៅទ្វីបអាហ្វ្រិក ប៉ុន្តែលោកអាណាតូលី ស៊ែរឌីយូកូវ (Anatoly Serdyukov) រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី ទទួលស្គាល់អាវុធទាំងនោះ លែងសមស្រប «សំណូមពរទំនើបកម្ម» ហើយ ។ ហេតុនេះរុស្ស៊ីមានផែនការទិញសម្ភារសឹកធុនធ្ងន់មានតម្លៃជិត៥០០ពាន់លានអឺរ៉ូ នាឆ្នាំ២០២០ ក្នុងនោះផលិតផលមួយភាគធំជារបស់បស្ចិមប្រទេស ។ កងទ័ពរុស្ស៊ីប្តូររថក្រោះ T-90 របស់ខ្លួនដោយរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ហើយក្រុមហ៊ុន Rheinmetall នឹងផ្គត់ផ្គង់ដែកស្រោបសម្រាប់រថយន្តយោធាផ្សេងទៀតរបស់រុស្ស៊ី ។ មិនតែប៉ុណ្ណោះសូម្បីជំរំចល័តរបស់រុស្ស៊ីមិនយូរប៉ុន្មានទៀតទេ នឹងទៅ ជា “made in Germany” ដែរ ។
ប្រៀបធៀបផែនការរុស្ស៊ី ការកម្មង់ទិញរបស់លីប៊ីទាបជាងច្រើន ។ មុនខែតុលា ឆ្នាំ២០០៤ សភាពអឺរ៉ុប ចេញបញ្ជាដាក់ទណ្ឌកម្មលីប៊ី ។ ឆ្នាំ២០០៥ ក្រុមហ៊ុនអាល្លឺម៉ង់ផ្តល់ឱ្យកាដាហ្វី នូវរថយន្តឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងក្នុងតម្លៃត្រឹមតែ៣០០.០០០អឺរ៉ូប៉ុណ្ណោះ ។ ឆ្នាំ២០០៦ ការកម្មង់ទិញសម្ភារបរិក្ខារកងទ័ពរបស់កាដាហ្វីឡើងដល់ជិត២លានអឺរ៉ូ ។ឆ្នាំ២០០៧ តួលេខនេះឡើងដល់២៤លានអឺរ៉ូ ។ ឆ្នាំ២០០៨ នៅសល់ត្រឹម៤លានអឺរ៉ូ ។ ឆ្នាំ២០០៩ ហក់ឡើងវិញដល់ជាង៥៣លានអឺរ៉ូ ។ ប្រធានាធិបតីកាដាហ្វីទិញសម្ភារបាញ់កាំជ្រួចប្រឆាំងរថក្រោះ (“Milan 3” របស់បារាំង និងអាល្លឺម៉ង់) ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ បច្ចេកវិជ្ជាទំនាក់ទំនង បច្ចេកវិជ្ជារ៉ាដាសមរភូមិ និងសម្ភារបំផ្លាញរលកធាតុអាកាសអេឡិចត្រូនិក ។ ទំនិញចុងក្រោយទាំងនេះហាក់បីដូចជាកំពុងបម្រើយ៉ាងមានប្រសិទ្ធភាពសម្រាប់ការដាហ្វី ប្រឆាំងពួកបះបោរសព្វថ្ងៃ ។
ចំណែកលោកនាយករដ្ឋមន្ត្រីអ៊ីតាលីស៊ីលវីយ៉ូ ប៊ែរលូស្កូនី លក់អាវុធឱ្យមិត្តកាដាហ្វីរបស់ខ្លួនច្រើនជាងថ្នាក់ដឹកនាំណាៗទាំងអស់នៅបស្ចិមប្រទេស ដែលមានតម្លៃសរុប១១០លានអឺរ៉ូ នាឆ្នាំ២០០៩ ក្នុងនោះភាគច្រើនជាឧទ្ធម្ភាគចក្រប្រយុទ្ធ ។
តាមពិត ពួកបស្ចិមប្រទេសខិតខំបង្កើនទំនាក់ទំនងលក់ដូរអាវុធដូច្នេះតាំងពីយូរមកហើយជាមួយប្រទេសជាច្រើននៅពិភពអារ៉ាប់ ។ ដូចយ៉ាងព្រះអង្គម្ចាស់អេនឌ្រូ របស់អង់គ្លេសធ្លាប់យាងបំពេញទស្សនកិច្ចនៅយេមែន ជួបចរចាជាមួយលោកអាលី អាប់ឌុលឡាស់ សាឡេហ៍ ប្រធានាធិបតីយេមែន នៅរដ្ឋធានី San’a នាឆ្នាំ២០០៩ ។ ក្រោយទស្សនកិច្ចនោះមិនយូរប៉ុន្មាន អង់គ្លេសលក់គ្រាប់រំសេវ និងអាវក្រោះឱ្យយេមែនមានតម្លៃ១៨៣.០០០អឺរ៉ូ ។ ពិតណាស់កម្លាំងសន្តិសុខយេមែន កំពុងប្រើប្រាស់គ្រាប់រំសេវអង់គ្លេសទាំងនោះបាញ់ប្រហារអ្នកធ្វើបាតុកម្មនាពេលសព្វថ្ងៃ ។
ចំណែកអាល្លឺម៉ង់មានទំនាក់ទំនងលក់ដូរអាវុធជាមួយអេហ្ស៊ីបប៉ុន្មានឆ្នាំមកហើយ ។ ឆ្នាំ២០០៩ អាល្លឺម៉ង់ផ្តល់សម្ភារបរិក្ខារកងទ័ពឱ្យអេហ្ស៊ីបមានតម្លៃជិត៨០លានអឺរ៉ូ ភាគច្រើនសម្ភារសម្រាប់រថក្រោះ និងសម្ភារអេឡិចត្រូនិកកងទ័ព រួមទាំងកាំភ្លើងស្វ័យប្រវត្តិផងដែរ ។ ប៉ុន្តែគេមិនទាន់ច្បាស់ថា ចំនួនអាវុធ និងយោទ្ធោបករណ៍ដែលអាល្លឺម៉ង់ផ្តល់ឱ្យនោះ សព្វថ្ងៃបម្រើប្រជាជន ឬប្រឆាំងប្រជាជនអេហ្ស៊ីបឡើយ។ ពេលប្រទេសអេហ្ស៊ីបកើតចលាចល អាល្លឺម៉ង់ប្រញាប់ប្រញាល់ផ្អាកច្បាប់អនុញ្ញាតឱ្យផ្គត់ផ្គង់អាវុធដល់ប្រទេសនេះសិន ។
រីឯអាមេរិកងាករកទម្រង់ផ្សេង ពិសេសបាញ់ឆ្ពោះអារ៉ាប៊ីសាអ៊ូឌីត។ រាជវង្សអារ៉ាប៊ីសាអ៊ូឌីត មានប្រាក់ច្រើន ចំណែកអាមេរិកផ្គត់ផ្គង់អាវុធដល់អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ប្រឆាំងអ៊ីរ៉ង់ ដូច្នេះអាមេរិកចំណេញទាំងលុយកាក់ ចំណេញទាំងផលប្រយោជន៍យុទ្ធសាស្ត្រ ។ ប៉ុន្តែលុះថ្ងៃទី១៤ មីនា ឆ្នាំ២០១១ អាមេរិកស្រាប់តែទ្រឹងសកម្មភាព ឈរពិចារណាឡើងវិញពីអាវុធរបស់ខ្លួន ខណៈកងទ័ពអារ៉ាប៊ីសាអ៊ូឌីតលុកលុយចូលប្រទេសប៉ារ៉ែន ជួយអាជ្ញាធរប្រទេសនោះបង្ក្រាបពួកបះបោរ ។ ឆ្នាំទៅ អាមេរិកប្រកាសពីទំនាក់ទំនងទិញ-លក់អាវុធយ៉ាងធំជាប្រវត្តិសាស្ត្រ ក្នុងនោះបង្ហាញពីផែនការអារ៉ាប៊ីសាអ៊ូឌីត ត្រូវការទិញយន្តហោះប្រយុទ្ធអាមេរិកមួយចំនួនក្នុងតម្លៃ៤២ពាន់លានអឺរ៉ូ (៦០ពាន់លានដុល្លារ) ក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ ។ ដូច្នេះអារ៉ាប៊ីសាអ៊ូឌីត នឹងបានទទួលយន្តហោះប្រយុទ្ធទម្លាក់គ្រាប់បែកទំនើប F-15 ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache សម្រាប់វាយលុក កាំជ្រួច សម្ភាររ៉ាដា និងគ្រាប់បែក ។ កាសែត Wall Street Journal បានលើកឡើងថា គ្រាន់តែជាកុម្មង់ទិញអាវុធរបស់អារ៉ាប៊ីសាអ៊ូឌីត អាចធានាការងារធ្វើបាន៧៧.០០០នៅក្រុមហ៊ុនបូអ៊ីង ។ ក្រៅពីនេះអារ៉ាប៊ីសាអ៊ូឌីត ត្រៀមប្រាក់៣០ ពាន់លានដុល្លារ សម្រាប់ធ្វើទំនើបកម្មឱ្យកងទ័ពជើងទឹករបស់ខ្លួនទៀត ។ ប៉ុន្តែដើម្បីរម្ងាប់អារម្មណ៍អ៊ីស្រាអែល អាមេរិកសន្យាផ្គត់ផ្គង់ឱ្យប្រទេសនេះ នូវយន្តហោះប្រយុទ្ធប្រភេទ F-35 និង «ប្រសិនបើចាំបាច់» អាចបាញ់ទម្លាក់យន្តហោះ F-15 របស់អារ៉ាប៊ីសាអ៊ូឌីតលើដែនអាកាសរបស់ខ្លួនបាន ។
ប្រហាក់ប្រហែលគ្នានេះ ប្រទេសអារ៉ាប់រួមក៏យល់របៀបចាយប្រាក់ដែរ ព្រោះចេះតែរអើលៗមិនទុកចិត្តអ៊ីរ៉ង់នៅជិតខាង ។ តាមឯកសារសម្ងាត់របស់ស្ថានទូតអាមេរិក នៅ Abu Dhai ដែលបណ្តាញ Wikileaks បកអាក្រាត គេដឹងថាអារ៉ាប់រួមជះប្រាក់ឥតស្រណោះដៃទិញអាវុធពីប្រទេសបស្ចិមមួយចំនួនរួមមានបារាំង និងអង់គ្លេសជាដើម ព្រមទាំងទិញពីអាមេរិកទៀត ។ ឆ្នាំ២០១០ អារ៉ាប់រួមចំណាយប្រាក់៤០ពាន់លានដុល្លារទិញអាវុធពីអាមេរិក ក្នុងនោះមានប្រព័ន្ធការពារដែនអាកាសទំនើបបំផុតនាពេលសព្វថ្ងៃផងដែរ៕
ចែករំលែកព័តមាននេះ