រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខការពារក្មួយស្រីរបស់ខ្លួនជាជនរងគ្រោះ ក្រោយពីមានមនុស្សមួយក្រុមប្រើប្រាស់អំពើហិ.ង្សា ដោយការវា.យតប់ ដែលបានកើតឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយហេតុការណ៍ខាងលើនេះកើតឡើង តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញសារបង្ហោះនៅលើបណ្តាញសង្គម ដោយក្នុងនោះអ្នកនាងព្រមា.នបញ្ចេញវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពជុំវិញហេតុការណ៍ខាងលើនេះ ជាមួយនឹងការប្រើប្រាស់វិធានការផ្លូវច្បាប់ បើក្នុងករណីដែលជនបង្កមិនព្រមចេញមុខដោះស្រាយក្រៅប្រព័ន្ធទេនោះ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា «នាងខ្ញុំសូមអរគុណដល់បងៗក្រុមកងកម្លាំង និងប្អូនម្ចាស់ហាង សម្រាប់ការសហការក្នុងការជួយសម្រួលបញ្ហាដែលបានកើតឡើងលើក្មួយខ្ញុំកាលពីយប់មិញ»។
អ្នកនាងបញ្ជាក់ថា «ខ្ញុំសុខចិត្តរក្សាភាពស្ងប់ស្ងាត់ គឺខ្ញុំស្គាល់អ្នកបង្ក ក្នុងចំណោមក្រុមពួកគាត់ ដូច្នេះខ្ញុំនៅរង់ចាំការចរចាក្រៅប្រព័ន្ធ ទើបខ្ញុំមិនទាន់បញ្ចេញ Video នៃការប្រើអំពើហិ.ង្សាមកលើក្មួយនាងខ្ញុំដែលជាជនរងគ្រោះ»។
យ៉ាងណា ជុំវិញរឿងរ៉ាវខាងលើនេះ ដំបូងឡើយ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចោទប្រកាន់ទៅលើម្ចាស់ហាងផងដែរ ដែលបានចូលដៃជាមួយក្រុមជនបង្ក ហើយបណ្តោយឲ្យជនបង្កចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។ ប៉ុន្តែក្រោយពីមានការបកស្រាយ និងដោយមានការយល់ច្រឡំ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខធ្វើការសុំទោសទៅកាន់ម្ចាស់ហាងនោះវិញ។ ខណៈពេលម្ចាស់ហាងរូបនោះ ក៏យល់ព្រមផ្តល់រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតបានពីសកម្មភាពនោះមកឲ្យអ្នកនាង ទុកជាភស្តុតាងផងដែរ ។
អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខសុំទោសជំនួសក្មួយស្រីថា «ជាដំបូង ខ្ញុំសូមអរគុណចំពោះទឹកចិត្តនៃការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជនដែលជួបហេតុការណ៍កើតឡើងនៅក្នុងហាងរបស់គាត់»។

អ្នកនាងបញ្ជាក់ថា «ការពិត ក្នុងកំឡុងពេលនោះ ម្ចាស់ហាងអត់នៅទីកន្លែងកើតហេតុទេ តែក្រោយពីគាត់ដឹងដំណឹងនេះ គាត់ក៏មកហាងរបស់គាត់ ហើយគាត់គឺជាអ្នក Call ហៅសមត្ថកិច្ចមកជួយសម្រួលដោះស្រាយ និងផ្តល់សុវត្ថិភាពជូនជនរងគ្រោះ និងបានសហការយ៉ាងសស្រាក់សស្រាំជាមួយនាងខ្ញុំ និងជនរងគ្រោះក្នុងការផ្តល់ជូននូវ Video Camera សុវត្ថិភាពគ្រប់ជ្រុងមកយើងខ្ញុំ ដោយមិនអល់អែក ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់នេះ»។
អ្នកនាងបញ្ជាក់បន្តថា « ជំនួសមុខឱ្យក្មួយស្រីខ្ញុំ នាងខ្ញុំសុំអភ័យទោសនូវការយល់ច្រឡំរបស់ក្មួយស្រីខ្ញុំចំពោះម្ចាស់ហាង ដោយគិតថា ម្ចាស់ហាងក៏ជាបក្សពួកគ្នីគ្នាក្រុមបង្ក ហើយមានភាពលំអៀង និងជួយឱ្យក្រុមបង្កចាកចេញដោយស្រួល ព្រោះដោយសារយប់មិញមានសមាសភាពជនបង្កច្រើនរូប ហើយមានសមាសភាពម្នាក់ ក្នុងចំណោមនោះមកធ្វើជាជួយសម្រួល និងប្រើសម្តីក្នុងន័យគំរា.មដោយប្រយោលចំពោះក្មួយខ្ញុំ ហើយឱ្យក្មួយខ្ញុំចាកចេញពីហាងក្នុងន័យមិនបាច់វែកញែកអ្វីទាំងអស់ ទើបក្មួយស្រីខ្ញុំគិតថា គាត់នោះជាម្ចាស់ហាង តែការពិតពេលនាងខ្ញុំទៅដល់ទីកន្លែងកើតហេតុ និងបានសុំមើល Camera សុវត្ថិភាព ទើបយើងខ្ញុំដឹងថា បុគ្គលនោះក៏ជាជនបង្កហិ.ង្សាដែរ»។
អ្នកនាងបញ្ជាក់ទៀតថា «ដូច្នេះនាងខ្ញុំសុំអភ័យទោស ចំពោះការយល់ច្រឡំរបស់ក្មួយខ្ញុំ និងសូមឱ្យបងប្អូនមហាជន ឬអតិថិជនរបស់ភោជនីយដ្ឋានកុំមានការខ្លាចរអាអ្វីឱ្យសោះ ការពិតគឺម្ចាស់ហាងគាត់មានការយកចិត្តទុកដាក់ពីសុវត្ថិភាពចំពោះអតិថិជនណាស់»។
ជាការកត់សម្គាល់ បន្ទាប់ពីមានការទម្លាយរឿងរ៉ាវខាងលើនេះ តាមរយៈសារបង្ហោះនៅលើតាមបណ្តាញសង្គមហ្វេសប៊ុក គេឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានធ្វើការខំមិនឆ្លើយតបទៅកាន់មិត្តភក្តិដែលបានសួរនាំបញ្ហានេះថា អ្នកនាងកំពុងធ្វើការចរចាក្រៅប្រព័ន្ធ ដោយមិនចង់វែងឆ្ងាយឡើយ ព្រោះយើងមានការងារច្រើនត្រូវដោះស្រាយ មិនចង់ប្តឹងផ្តល់អ្វីទេ ហើយជាមនុស្សស្គាល់គ្នាផង។
ទោះជាយ៉ាងណា បើតាមអ្នកនាង ចន ច័ន្ទលក្ខិណា ថា ទោះនាងមិនចង់មានរឿងវែងឆ្ងាយក៏ពិតមែន ប៉ុន្តែបើនិយាយមិនត្រូវគ្នានោះ នឹងត្រូវដោះស្រាយតាមច្បាប់ ខណៈពេលអ្នកនាងបានត្រៀមមេធាវីរួចហើយដែរ៕














ចែករំលែកព័តមាននេះ