ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កាន់តែ​បង្ក្រាប បទល្មើស​នេសាទ​កាន់​​​​​កើន​​ !

1 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​មមារញឹក​បំផុត តែ​សកម្មភាព​ប្រព្រឹត្ត​បទ​ល្មើស​របស់​ក្រុម​ជនល្មើស​ ក៏​ហាក់​កំពុង​កើនឡើង​យ៉ាង​ខ្លាំងក្លា​ដែរ ខណៈ​ការ​បង្ក្រាប​បទល្មើស​នេះ​រាប់​រយ​ដង​កន្លង គេ​ពុំ​ធ្លាប់​ឃើញ​សមត្ថកិច្ច​ចាប់​បញ្ជូន​ជនល្មើស​ណា​ម្នាក់​ទៅ​កាន់​តុលាការ​កាត់​ទោស​តាម​ច្បាប់​។…

​ខេត្តបាត់ដំបង​ ៖ សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​មមារញឹក​បំផុត តែ​សកម្មភាព​ប្រព្រឹត្ត​បទ​ល្មើស​របស់​ក្រុម​ជនល្មើស​ ក៏​ហាក់​កំពុង​កើនឡើង​យ៉ាង​ខ្លាំងក្លា​ដែរ ខណៈ​ការ​បង្ក្រាប​បទល្មើស​នេះ​រាប់​រយ​ដង​កន្លង គេ​ពុំ​ធ្លាប់​ឃើញ​សមត្ថកិច្ច​ចាប់​បញ្ជូន​ជនល្មើស​ណា​ម្នាក់​ទៅ​កាន់​តុលាការ​កាត់​ទោស​តាម​ច្បាប់​។

គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច ឬ​កម្លាំង​ជលផល​ចូលរួម​ដោយ​កម្លាំង​សហ​គម​ន៍មូលដ្ឋានតែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ថែម​ទាំង​រឹបអូស​បាន​ឧ​បករ​ណ៍​ ឬ​វត្ថុ​តាង​ល្មើសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​ យក​ទៅ​ដុត​កម្ទេច​​ចោល​ ។ ប៉ុន្តែ​គេ​មិន​ធ្លាប់​ឃើញ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ណា​ម្នាក់​យក​ទៅ​កាត់ទោស​នៅ​តុលាការ​ម្ដង​ទេ ​។

ដោយសារ​តែ​និទណ្ឌភាព​បែប​នេះ​ហើយ ទើប​ជា​ហេតុ​នាំ​ឲ្យ​ជនល្មើស​បានដៃ បានចិត្ត រឹតតែ​បង្កើន​​បទល្មើស​ទ្វេរ​ដង​ផ្គើន​នឹង​ច្បាប់ ផ្គើន​នឹង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប ​។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី ១៦ កញ្ញា កម្លាំង​កងរាជអាវុធហត្ថ មន្ត្រី​ជលផល បាន​សហការ​ជាមួយ​កម្លាំង​សហ​គម​ន៍​​នេសាទ នៅ​ស្រុក​ឯក​ភ្នំ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​នៅ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង រហូត​រឹបអូស​បាន​វត្ថុ​តាង ឬ ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​របស់​ជនល្មើស បាន​យ៉ាង​ច្រើន​។

ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​លើក​នេះ ក៏​មិន​ខុស​ពី​កិច្ច​ប្រតិបត្តិការ​លើក​មុន​ដែរ គឺ​សមត្ថកិច្ច​រក​មិនឃើញ​ម្ចាស់​បទល្មើស​ណា​ម្នាក់​ទេ សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស​ក៏​ទទេ​រ​ស្អាត​ដែរ​។ យោង​តាម​របាយ​ការ​ណ៍​​បឋមនៃ​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ ដែល​កោះសន្តិភាព​ទ​ទូល​បាន មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​ជលផល និង សហ​គម​ន៏​នេសាទ​ជាង​១០​នាក់ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​លើ​០៣​ទីតាំង នៅ​ក្នុង​តំបន់​អតីត​ដែន​ឡូ​នេសាទ​លេខ​០២ ស្ថិត​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ដែល​ជា​តំបន់​ពោរពេ​ញ​ទៅ​ដោយ​បទល្មើស​ច្រើន​ស្អេកស្កះ​ ។

​បើ​តាម​របាយ​ការ​ណ៍​វត្ថុ​តាង​ល្មើសច្បាប់ ដែល​មន្ត្រី​ជលផល​រឹបអូស​បាន​ទាំង​០៣​ទីតាំង​នេះ រួម​មាន​៖ សាច់​អួន​ប្រវែង​១៨០០​ម៉ បង្គោល​ឈើ​សម្រាប់​បំពាក់​សាច់​អួន​ចំនួន​៦០០​ដើម ឡុ​ក​ចាប់​ត្រី​ចំនួន​០៧ និង​ព្រ​លែង​កូន​ត្រី​ចម្រុះ​វិញ​ជាង​១៥០​គីឡូក្រាម​ ។ មន្ត្រី​ជំនាញបាន​បញ្ជាក់​ថា វត្ថុ​តាង ឬ ឧ​បករ​ណ៍​​នេសាទ​ល្មើសច្បាប់​ដែល​រឹបអូស​បាន​ទាំងនេះ ត្រូវ​បាន​ដុត​កំទេច​ចោល​ ។

ពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ បើ​តាម​របាយ​ការ​ណ៍​​បង្ក្រាប​រាប់រយ​ករណី​កន្លង​មក កម្លាំង​សមត្ថកិច្ច​មិន​ដែល​ឃាត់ខ្លួន​ម្ចាស់​បទល្មើស​ណា​បាន​ម្នាក់​ទេ សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស​ក៏​គេ​មិន​បដិសេធ​ថា «​មិន​ស្កាល់​ដែរ​»​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​​មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទន្លេសាប ស្ទើរ​គ្រប់​ស្រុក សុទ្ធតែ​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន សហ​គម​ន៏​នេសាទ មន្ត្រី​ជំនាញ ឬ សមត្ថកិច្ច សុទ្ធតែ​ស្កាល់​អត្តសញ្ញាណ​ក្រុម​ជនល្មើស ដែល​ប្រព្រឹត្ត​បទល្មើស​ធំ​ៗ នៅ​តំបន់​ទន្លេសាប តែ​គេ​បដិសេធ​ធ្វើ​ជា​មិន​ស្គាល់ ព្រោះ​ពាក់ព័ន្ធ​នឹង​ផល​ប្រ​យោ​ជ​ន៍​​។

ដូច្នេះ​ ការ​បង្ក្រាប​បទល្មើស​លេ​សាទ​បែប​នេះ បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​រាល់ថ្ងៃ ក៏​មិន​អស់​បទល្មើស​ដែរ​។ ផ្ទុយ​ទៅ​វិញ បទល្មើស​កាន់តែ​កើនឡើង​ទ្វេរ​ដង ផ្គើន​នឹង​ច្បាប់ផ្គើ​ម​នឹង​សមត្ថ​កិច្ច ដោយសារ​តែ​ជន​ប្រព្រឹត្ត​បទល្មើស​នៅ​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ