ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែក​តា​ឃ្លោក ត្រូវ​ទឹកទន្លេ​ហក់​មក​ជន់​លិច​ផ្លូវ​អស់ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​(​វី​ដេ​អូ​)

7 ខែ មុន
  • កំពង់ចាម

កម្ពស់​ទឹកទន្លេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ គឺ​មាន​កម្ពស់​១២,៦៦​ម៉ែត្រ បាន​ហក់​ឡើង​០,៥២​ម៉ែត្រ នេះ​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។ ស្ថានភាព​កម្ពស់​ទឹកទន្លេ​បែប​នេះ បាន​ធ្វើ​ឲ្យ​ព្រែក​តា​ឃ្លោក

ខេត្តកំពង់ចាម ៖ កម្ពស់​ទឹកទន្លេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ គឺ​មាន​កម្ពស់​១២,៦៦​ម៉ែត្រ បាន​ហក់​ឡើង​០,៥២​ម៉ែត្រ នេះ​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។ ស្ថានភាព​កម្ពស់​ទឹកទន្លេ​បែប​នេះ បាន​ធ្វើ​ឲ្យ​ព្រែក​តា​ឃ្លោក នៅ​ចំណុច​ព្រំប្រទល់​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ត្រូវ​ទឹក​ហូរ​ជន់​លិច​ផ្លូវ​អស់ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ខណៈ​ពេល​ម៉ូតូ​បើក​ឆ្លង​កាត់ទឹក​ក៏​រលត់​ម៉ាស៊ីន​។ ហើយ​ប្រសិនបើ​ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​បន្ថែម​ទៀត​នៅ​តំបន់​នោះ នឹង​ត្រូវ​ប្រើ​ទូក​ម៉ាស៊ីន ដើម្បី​ឆ្លង​ទៅ​វិញ​ទៅ​មក​មិន​ខាន​ឡើយ​។

បើ​តាម​កសិករ​ម្នាក់​មានឈ្មោះ លាង ទ្រី អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ព្រលូង ឃុំ​កោះមិត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​ព្រឹក​ព្រលឹម គាត់​បាន​ដឹកគោ​ចេញពីផ្ទះ​ជា​ច្រើន​ក្បាល ដើម្បី​យក​មក​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​ចំណុច​ព្រែក​តា​ឃ្លោក​។ ស្រប​ពេល​ដែល​ទឹកទន្លេ​ហូរ​មក​លិច​តំបន់​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន រស់នៅ​ក្នុង​ឃុំ​កោះសូទិន និង​កោះមិត្ត បាន​នាំ​គ្នា​មក​លំហែកាយ និង​ងូតទឹក​លេង​យ៉ាង​សប្បាយ​រីករាយ ខណៈ​ទឹក​ឡើង​ពុំ​ទាន់​ដល់​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​ឡើយ​»​។

កសិករ​រូប​នេះ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា «​ក្នុង​រយៈពេល​វេលា​ថ្ងៃខែ​ឆ្នាំ​ដូច​គ្នា គឺ​ទឹកទន្លេ​មេគង្គ​ឆ្នាំទៅ គ្រាន់តែ​ឡើង​មក​ក្បែរ​លិច​ផ្លូវ​ព្រែក​តា​ឃ្លោក​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០២៣​នេះ ទឹកទន្លេ​បាន​ហូរ​កាត់​ផ្លូវ​បេតុង ធ្វើ​ឱ្យ​មនុស្ស​ម្នា​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់ ម៉ូតូ និង​រថយន្ត​ជួប​ការ​លំបាក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ម៉ូតូ​ខ្លះ​ជិះ​ឆ្លង​ពី​ត្រើយម្ខាង​ឃុំ​កោះមិត្ត ទៅ​ឃុំ​កោះសូទិន ដោយ​សុវត្ថិភាព ចំណែក​ម៉ូតូ​ខ្លះ​ទៀត​ជិះ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​រលត់​ម៉ាស៊ីន​តែ​ម្ដង ហើយ​នាំ​គ្នា​ចុះ​រុញ​ឆ្លង​កាត់ទឹក​ហូរ​តែ​ម្ដង​»​។

កសិករ​ខាងលើ​បន្ត​ទៀត​ថា «​រីឯ​រថយន្ត​ម៉ាក lexus 300 និង​រថយន្ត​ខ្ពស់ គឺ​អាច​បើក​ឆ្លងកាត់​ទឹកបាន តែបើ​រថយន្ត​ធន់​តូច​វិញ មិន​អាច​បើក​ឆ្លងកាត់​បាន​ឡើយ​។ ប៉ុន្តែ​បើ​រថយន្ត​តូច ចង់​ឆ្លង​ពី​ឃុំ​កោះមិត្ត ទៅ​ឃុំ​កោះសូទិន​នោះ គឺ​ត្រូវ​ជិះ​តាម​ផ្លូវ​តូច កាត់​តាម​ចម្ការ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចម្ងាយ​រាប់រយ​ម៉ែត្រ​ទៅ​ផ្នែក​ខាងលើ នោះ​នឹង​មាន​ផ្លូវ​ដែល​ទឹក​មិន​ទាន់​លិច អាច​បើក​ឆ្លងកាត់​បាន​។

កសិករ​រូប​នេះ បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​១៩៩០ ទឹកទន្លេ​មេគង្គ​បាន​ឡើង​ធំ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ត្រូវ​ជន់​លិច​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​ត្រូវ​មាន​ទូក​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផង​ដែរ​។ តែ​មក​ដល់​បច្ចុប្បន្ន​នេះ ក្រោយ​ពេល​ដែល​មេឃុំ​កោះមិត្ត បាន​អភិវឌ្ឍន៍​ចាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​មក ឃើញ​ថា ទឹក​ពុំដែល​បាន​ឡើង​មក​លិច​ផ្លូវ​ផ្នែក​ខាងលើ​ទួល​នោះ​ទៀត​ទេ​។

ចំណែក​អ្នកស្រី ស៊ុន ច​ន្ថា មេឃុំ​កោះសូទិន មាន​ប្រសាសន៍​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ​ថា «​នៅ​ចំណុច​ភូមិ​ទី​៩ ឃុំ​កោះសូទិន ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ជន់​លិច ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​តាម​ទូក​.​ដ​។ ចំណែក​នៅ​ភូមិ​ព្រែក​តា​ឃ្លោក ជាប់​ភូមិ​ទី​៣​វិញ ទឹក​ក៏​ឡើង​មក​ជន់​លិច​ផង​ដែរ ប៉ុន្តែ​អាច​បើកបរ​ម៉ូតូ​បាន មិន​ទាន់​ដល់​ដំណាក់កាល​ត្រូវ​ឆ្លង​ទូក​នៅឡើយ​ទេ​»​។

គួរ​រំលឹក​ថា នៅ​ឆ្នាំ​២០១៨ ទឹកទន្លេ​ឡើង​ធំ​លិច​ហូរ​ចូល​នៅ​ចុង​ភូមិ​ទី​៣ ចាប់ពី​ត្រឹម​ភ្លៅ​មនុស្ស​ចាស់ រហូត​ដល់​ត្រឹម​ចង្កេះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ជិះទូក​ចែក​អំណោយ​តាម​ផ្ទះ​ផង​ដែរ​។ ចំពោះ​ដំណាំ​ពោតក្រហម​ដែល​ប្រជាពលរដ្ឋ​ដាំ​វិញ ភាគច្រើន​គឺ​ប្រមូល​ផល​ទាន់​ពេលវេលា​ក្នុង​រដូវវស្សា អាច​លក់​១​គីឡូ​ក្រាម តម្លៃ​ជាង​៧០០​រៀល បើ​រដូវប្រាំង​វិញ លក់​បាន​មួយ​គីឡូក្រាម​តម្លៃ​ជាង​១០០០ រៀល​។ ហើយ​ពលរដ្ឋ​ភាគច្រើន​នាំ​គ្នា​ដាំពោត​ក្រហម ចំណែក​ពោត​.​ស​វិញ គឺ​ដាំ​ជា​លក្ខណៈ​គ្រួសារ គ្រាន់តែ​កាច់​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ដោយឡែក​ពលរដ្ឋ​នៅ​ភូមិ​ទី​១២ បាន​ដាំ​ថ្នាំខ្មែរ (ថ្នាំ​ជក់​) លក់​លើ​ទីផ្សារ​បាន​តម្លៃ​ថ្លៃ​១​គីឡូក្រាម​ជាង​២​ម៉ឺន​រៀល ប៉ុន្តែ​បើ​ពលរដ្ឋ​នាំ​គ្នា​ដាំ​ច្រើន​វិញ ថ្នាំជក់​នឹង​ត្រូវ​ធ្លាក់​តម្លៃ​ទៅ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ