ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យ «​ព្រះ​បាទ​សុរា​ម្រិត​» បញ្ឈប់​ការ​លក់ដូរ​ចំណី​មាន​សារធាតុ​គីមី​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​សិស្ស​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

មាតាបិតា ក៏​ដូច​ជា​អាណាព្យាបាល​សិស្សសាលា​វិទ្យាល័យ «​ព្រះបាទ​សុរា​ម្រិ​ត​» ចូលរួម​ត្រេកអរ​នៅ​ពេល​ដែល​សាលា​វិទ្យាល័យ​ត្រូវ​បាន​បញ្ឈប់​ការ​លក់​នំ​កញ្ចប់ និង​ចំណីអាហារ​មិន​មាន​សុវត្ថិភាព​ដល់​សិស្ស ហើយ​បាន​ត្រឡប់​មក​លក់ដូរ​នំ​ខ្មែរ​ជូន​ដល់​សិស្សសាលា​វិញ ដែល​នេះ​គឺជា

ខេត្តកំពង់ឆ្នាំង ៖ មាតាបិតា ក៏​ដូច​ជា​អាណាព្យាបាល​សិស្សសាលា​វិទ្យាល័យ «​ព្រះបាទ​សុរា​ម្រិ​ត​» ចូលរួម​ត្រេកអរ​នៅ​ពេល​ដែល​សាលា​វិទ្យាល័យ​ត្រូវ​បាន​បញ្ឈប់​ការ​លក់​នំ​កញ្ចប់ និង​ចំណីអាហារ​មិន​មាន​សុវត្ថិភាព​ដល់​សិស្ស ហើយ​បាន​ត្រឡប់​មក​លក់ដូរ​នំ​ខ្មែរ​ជូន​ដល់​សិស្សសាលា​វិញ ដែល​នេះ​គឺជា​គំរូ​ល្អ​មួយ​សម្រាប់​សាលា​នានា​នៅ​ទូ​ទាំង​ខេត្ត ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

បើ​តាម​លោក ឡុ​ង ស៊ី​ដា​វុ​ធ ដែល​ជា​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ «​ព្រះបាទ​សុរា​ម្រិ​ត​» បាន​ប្រាប់​ឲ្យ​ដឹង​ថា «​កាលពី​ជាង​១​ខែ​មុន គ្រា​ដែល​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​មក​ពិនិត្យ​អគារ​មួយ​ខ្នង​ចាស់​ទ្រុឌទ្រោម​នៅ​ក្នុង​សាលា​នោះ ឯកឧត្តម​បានការ​ណែនាំ​ឱ្យ​បញ្ឈប់​ការ​លក់​នំចំណី​អាហារ​មាន​សារធាតុ​គីមី និង​ភេសជ្ជៈ​មិន​មាន​សុវត្ថិភាព​ដល់​សិស្ស​»​។

លោកគ្រូ​បង្រៀន​បាន​បន្ត​ថា «​បន្ទាប់​មក​សាលា​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ពេល​នោះ​មក ដោយ​កោះ​អញ្ជើញ​អាជីវករ​លក់ដូរ​ក្នុង​សាលា​ទាំងអស់​មក​ប្រជុំ​ណែនាំ ដើម្បី​ឲ្យ​បញ្ឈប់​ការ​លក់​នំចំណី​អាហារ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្ស ដូច​ជា ៖ លក់​នំ​កញ្ចប់​, លក់​ប្រហិត​, លក់​ជើងមាន់ គឺ​សុទ្ធតែ​ជា​អាហារ​គ្មាន​សុវត្ថិភាព​ដល់​សិស្ស ព្រោះ​មាន​សារភាព​គីមី ក្រៅពី​នោះ​ក៏​មានការ​បញ្ឈប់​លក់​ភេសជ្ជៈ​គ្រឿង​កំប៉ុង​ផង​ដែរ​»​។

លោកគ្រូ ឡុ​ង ស៊ី​ដា​វុ​ធ បាន​បន្ត​ទៀត​ថា «​ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា លោកស្រី​នាយិកា​សាលា​ស្តីទី បងប្អូន​អាជីវករ ព្រម​ទទួល​ធ្វើ​តាម ហើយ​បញ្ឈប់​ការ​លក់​នំចំណី​អាហារ​ចាប់ពី​ពេល​នោះ​មក​។ បច្ចុប្បន្ន ការ​លក់ដូរ​នំចំណី​អាហារ​នៅ​ក្នុង​សាលា គឺ​មាន​តែ​នំ​ខ្មែរ ដូច​ជា ៖ នំគម នំ​បត់ នំអន្សម និង​នំអាកោ​ជាដើម​។ ហើយ​នំ​ទាំងនេះ សុទ្ធសឹងតែ​ជា​នំ​ខ្មែរ មិន​ប៉ះពាល់​សុវត្ថិភាព ហើយ​វា​ក៏​ជា​នំ​ណី​អាហារ​អាច​សម្រន់​ក្នុង​ការ​ឃ្លាន​បាន​ផង​ដែរ​»​។

លោកគ្រូ ឡុ​ង ស៊ី​ដា​វុ​ធ បញ្ជាក់​ថា «​ទាំងនេះ គឺ​ដើម្បី​ចង់​រក្សា​សុខភាព​ដល់​សិស្ស មិន​ឲ្យ​មាន​ជំងឺ ដែល​នាំ​ដល់​ការ​ព្យាបាល ខាតបង់​ថវិការ​គ្រួសារ និង​ខាតបង់​ពេលវេលា​រៀនសូត្រ​ទៀត​ផង​។ ដូច​អ្នកខ្លះ​មាន​ជំងឺ​ប្រចាំ​កាយ​តាំងពី​ក្មេង​ៗ ចំណែក​ខ្លះ​ទៀត​យក​ទៅ​ព្យាបាល​ដល់​ក្រៅប្រទេស​ទៀត​ផង​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា សាលា​វិទ្យាល័យ «​ព្រះបាទ​សារា​ម្រិ​ត​» គឺ​សាលារៀន​មួយ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន​២.៨៥២​នាក់ (​ក្នុង​នោះ​ស្រី​១៥៦៤​នាក់​) ចែក​ចេញ​ជា​ថ្នាក់រៀន​ចំនួន​៥៩​ថ្នាក់ និង​មាន​លោកគ្រូ អ្នកគ្រូ​ចំនួន​១៦៩​នាក់ ។ សាលា​វិទ្យាល័យ​មួយ​នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង កំពុង​តែ​រៀបចំ​ដាក់​ឲ្យ​ក្លាយជា​សាលា​គំរូ​មួយ​នៅ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង ដោយ​បាន​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន និង​គុណភាព​សិក្សា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ