ខេត្តសៀមរាប ៖ បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចគួរជាទីគយគន់ក្នុងការទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិផងដែរ។

បើតាមកញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «ចាប់ពីម៉ោងប្រមាណ៥ព្រឹកមក មានភ្ញៀវទេសចរជាតិ បានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែង ធ្វើជាកន្លែងសម្រាប់លំហាត់ប្រាណ»។

កញ្ញា បានបញ្ជាក់ថា «ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគន់ធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង»។

សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ក៏ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងដែលមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕









ចែករំលែកព័តមាននេះ