មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល១ដែលធ្វើឱ្យកក្រើកមជ្ឈដ្ឋានសង្ឃ និងគ្រហស្ថនៅខេត្តផាត់ថាឡាំង (Phattalung) នៃប្រទេសថៃភាគខាងត្បូង។ ចៅអធិការវត្តមួយអង្គបានធ្វើលើសពីពុទ្ធបញ្ញត្តិដែលព្រះអង្គគួរបដិបត្តិប្រចាំថ្ងៃ។ មិនត្រឹមតែសម្ដែងធម្មទេសនាប៉ុណ្ណោះទេ ព្រះអង្គថែមទាំងចែកចាយគ្រឿងញៀនទៅឱ្យបុរសៗនៅក្នុងសហគមន៍ដើម្បីជាថ្នូរនឹងការរួមភេទជាមួយព្រះអង្គ។ ដំណឹងនេះធ្វើឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអ្នករស់នៅក្នុងសហគមន៍នោះសឹងតែមិនជឿ។
នារីម្នាក់ដែលរស់នៅក្បែរវត្តនោះប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៣របស់ថៃថាប្ដីរបស់នាងធ្លាប់រួមភេទជាមួយចៅអធិការព្រះនាមទេតឆៃ សាត់ទីយ៉ាណូ (Terdchai Suttiyano)។ ព្រះអង្គជាអ្នកបោះដៃទៅមុន ដោយបបួលប្ដីរបស់នាង និងប្រុសៗដទៃទៀតដើម្បីរួមភេទជាមួយព្រះអង្គ។ ជាកិច្ចតបស្នងមកវិញ ព្រះអង្គផ្ដល់ឱ្យពួកគេនូវថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក។
អ្នករស់នៅម្ដុំនោះនិយាយដូចការអះអាងរបស់ស្ត្រីខាងលើនេះ។ ពួកគេថាចៅអធិការវត្តអង្គនេះប្រើប្រាស់គ្រឿងញៀន និងរួមភេទជាមួយបុរសដូចគ្នានៅក្នុងកុដរបស់ព្រះអង្គអស់ជាច្រើនឆ្នាំមកហើយ។ ពួកគេខិតខំប្រមូលភស្តុតាងច្រើនគ្រប់គ្រាន់ដែលបញ្ជាក់ថាពាក្យសម្ដីរបស់ពួកគេនិយាយចេញមកសុទ្ធតែជាការពិត។ ពួកគេមានសារជាសំឡេង, ជាអក្សរដែលបង្ហោះឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម, មានជារូបថត និងវីឌីអូឃ្លីបដែលបញ្ជាក់ថាព្រះអង្គពិតជាបានប្រព្រឹត្តទង្វើបែបនេះមែន។
ក៏ប៉ុន្តែកន្លងមក ទោះបីអ្នកស្រុកយករឿងនេះទៅប្ដឹងគ្រប់ស្ថាប័នហើយ ប៉ុន្តែគ្មាននរណាអាចធ្វើអ្វីព្រះអង្គបានទេព្រោះព្រះអង្គជាសែស្រឡាយអ្នកមានឥទ្ធិពលប្រចាំតំបន់នេះ។ ដើម្បីបញ្ជាក់រឿងនេះឱ្យបានច្បាស់, អ្នកសារព័ត៌មានបានចុះទៅដល់វត្តដែលចៅអធិការអង្គនេះគង់នៅ។ គេបានសម្ភាសព្រះសង្ឃជាច្រើនអង្គដែលគង់នៅទីនេះ។ ព្រះសង្ឃ២អង្គបញ្ជាក់ថារឿងនេះជាការពិតដូចការអះអាងរបស់អ្នកស្រុកមែន។ ព្រះសង្ឃទាំង២អង្គថែមទាំងពន្យល់ណែនាំឱ្យចៅអធិការអង្គនេះលះបង់ទង្វើខុសឆ្គងរបស់ព្រះអង្គដើម្បីងាកមករកផ្លូវត្រូវវិញ។ ប៉ុន្តែព្រះអង្គមិនយកត្រចៀកស្ដាប់ទេ។ ព្រះអង្គឆ្លើយតបទៅវិញថាកុំចេះរឿងរបស់អាត្មា, ទុកឱ្យអាត្មាជាអ្នកដោះស្រាយ។
ព្រះសង្ឃទាំង២អង្គមានថិរៈដីកាបន្តទៀតថាអ្នកស្រុកបានផ្សព្វផ្សាយនូវអំពើអបាយមុខរបស់ចៅអធិការអង្គនេះជារូបថតដែលគេព្រីនចេញពីកុំព្យូទ័រ និងចែកចាយឱ្យអ្នកស្រុករស់នៅម្ដុំនោះបានដឹងឮឱ្យបានគ្រប់ៗគ្នា។ ប៉ុន្តែចៅអធិការអង្គនេះមិនខ្វល់នឹងពាក្យដែលគេរិះគន់។ ព្រះសង្ឃទាំង២អង្គមានគម្រោងផ្លាស់ទៅគង់នៅវត្តដទៃទៀត។ ប៉ុន្តែសម្រាប់ពេលនេះ តេជគុណទាំង២អង្គសុខចិត្តគង់នៅទីនេះជាបណ្ដោះអាសន្នសិនដើម្បីមើលថែទាំវត្តដោយសារចៅអធិការបាត់ពីវត្តរយៈពេល១ខែមកហើយ។
គេបានទាក់ទងទៅការិយាល័យជាតិផ្នែកព្រះពុទ្ធសាសនាដើម្បីចង់ដឹងថាតើនឹងមានចំណាត់ការ ឬការដាក់វិន័យបែបណាចំពោះចៅអធិការវត្តអង្គនេះ។ ប៉ុន្តែការិយាល័យបានបង្វែរសំណួរនេះទៅសួរគណៈសង្ឃនាយក។ បន្ទាប់ពីសំណុំរឿងនេះផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម, គណៈសង្ឃនាយកបានកោះហៅចៅអធិការអង្គនេះទៅជួប និងបង្គាប់ឱ្យព្រះអង្គលាចាកសិក្ខាបទ។ ព្រះអង្គក៏សុខចិត្តធ្វើតាមការបង្គាប់បញ្ជានេះកាលពីថ្ងៃទី១២ ខែកញ្ញា ដោយឥតមានប្រកែក ឬតវ៉ាអ្វីទេ។ គណៈសង្ឃនាយកបញ្ជាក់ត្រង់ចំណុចនេះថាស្ថាប័នរបស់ខ្លួនអាចចាត់ការបានតែត្រឹមនេះប៉ុណ្ណោះ។ ចំណែកបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀនជាករណីដែលហួសពីសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយចុះ៕
ប្រភព៖ Thethaiger
https://thethaiger.com/news/national/southern-thai-community-shaken-by-drug-infused-gay-sex-scandal-involving-abbot





ចែករំលែកព័តមាននេះ