ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអោយការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកជា សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ)។ ពោលគឺរាជធានីភ្នំពេញ អាចបង្កើតជាសហគ្រាសថ្មីមួយ នៅថ្នាក់ក្រោមជាតិ នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។
ការការលើកឡើងបែបនេះ បានធ្វើឡើង ខណៈលោក ឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល ប្រធានរតនាគារ រាជធានីភ្នំពេញ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ) ។
លោក ឃួង ស្រេង បានលើកឡើងថា ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងអោយដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាម នៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារអោយរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល។
លោក ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែងរកនីតិវិធីនៃការផ្ទេរ មុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ) អោយបានលឿន យ៉ាងយូរផ្ទេរអោយបានរួចរាល់ នៅក្នុងខែតុលា ឬខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។
ដើម្បីអោយការងារនេះ ដំណើរការ ទៅបានលឿន លោក ឃួង ស្រេង បានជំរុញអោយក្រុមការងារបច្ចេកទេស រតនាគារ និងក្រុមការងារពាក់ព័ន្ធ ចាប់ដៃគ្នា ទំនុកបំរុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋ នៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើនមានឡើងបានលឿន។
លោកអភិបាល ឃួង ស្រេង បញ្ជាក់ថា «សហគ្រាសនេះ រកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញ ក៏បានដែរ សំខាន់អោយតែរាជធានីភ្នំពេញរបស់យើង ស្អាត និងមានបរិស្ថានល្អ»៕





ចែករំលែកព័តមាននេះ