ខេត្តកំពង់ឆ្នាំង ៖ សត្វរុយ គឺជាសត្វស្មោកគ្រោក ដែលអ្នកវិទ្យាសាស្ត្រចាត់ទុកវា ជាភ្នាក់ងារចម្លងមេរោគដែលយើងគ្រប់គ្នាស្អ.ប់ និងខ្ពើ.មរអើ.ម ។ ប៉ុន្តែសត្វរុយមួយប្រភេទទៀត ត្រូវបានកសិករមួយគ្រួសារយកមកចិញ្ចឹម ដើម្បីយកពងភ្ញាស់ធ្វើជាដង្កូវលក់បានតម្លៃថ្លៃ និងមានទីផ្សារល្អទៀតផង ព្រោះអ្នកប្រកបរបរចិញ្ចឹមសត្វ ទិញវាយកមកធ្វើជាចំណីឱ្យសត្វស៊ី ព្រោះវាមានជាតិប្រូតេអ៊ីនខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរោងចិញ្ចឹមសត្វរុញ ទំហំប្រមាណ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ប្រក់ និងបាំងជញ្ជាំងស័ង្កសី ព្រមទាំងដាក់សំណាញ់ស្បៃមុងបន្ថែមមួយជាន់ទៀត ដើម្បីការពារសត្វរុយហើរចេញ។
ហើយបើតាមស្រី្តឈ្មោះ ទូច វាន់ន្នី ហៅស្រីអូន ជាកសិករ រស់នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងតែពិនិត្យពងរុយនៅតាមបន្ទះក្តារចងជាបាច់សម្រាប់រុយពង បាននិយាយប្រាប់ឱ្យដឹងថា «គ្រួសារគាត់ បានប្រកបមុខរបរចិញ្ចឹមសត្វរុញនេះ ជិត២ឆ្នាំមកហើយ ដោយទទួលបានផលល្អប្រសើរ ព្រោះពងរុយមានទីផ្សារល្អ មានអតិថិជនកុម្មង់ទិញជាច្រើន» ។

ស្ត្រីជាកសិកររូបនោះ បានប្រាប់លំអិតពីដំណើរនៃការចិញ្ចឹមសត្វរុយនោះថា «សត្វរុយ ដែលគាត់ចិញ្ចឹម គឺជាប្រភេទសត្វរុយម្យ៉ាងដែលមិនចម្លងមេរោគ ដូចរុយយើងធម្មាតាទេ។ នៅក្នុងរោងចិញ្ចឹមសត្វរុយនេះ គឺមានដាំដើមរុក្ខជាតិតូចៗសម្រាប់ឱ្យរុយទុំ និងមានដាក់ប៉ុងក្នុងចានចងព្យួរ ដើម្បីដាក់ទឹកឱ្យសត្វរុយផឹក ព្រោះថា សត្វរុយមិនស៊ីចំណីទេ គឺផឹកតែទឹកតែប៉ុណ្ណោះ។ នៅពេលវាពេញរូបរាង វាបានមកទុំលើក្តារបន្ទះតូចៗ ដែលយើងចងជាបាច់សម្រាប់ឱ្យវាពង ហើយនៅពេលដែលវាពងនៅតាមគែមក្តារបន្ទះទាំងនោះ យើងបានយកក្តារទាំងនោះមកស្រាយ និងកៀរយកពងចេញ រួចទៅដាក់ភ្ញាស់ឱ្យវាកើតជាដង្កូវ។ នៅពេលវាកើតជាដង្កូវហើយនោះ យើងដាក់ចំណីផ្លែឈើឱ្យវាស៊ីរហូតដល់ធំធាត់នៅក្នុងសំបក សម្បុរខ្មៅ បន្ទាប់មកយើងយកវាមកដាក់ក្នុងរោង មិនប៉ុន្មានផងវាក៏សកសំបក រួចកើតជាសត្វរុយវិញ នេះជាការវិវឌ្ឍន៍របស់សត្វរុយដែលគាត់ចិញ្ចឹម»។

ចំពោះអត្ថប្រយោជន៍វិញ ស្ត្រីជាកសិកររូបនោះ បានបញ្ជាក់ឱ្យដឹងថា «សត្វរុយដែលគាត់ចិញ្ចឹម គឺសម្រាប់យកពងមកភ្ញាស់ជាដង្កូវ រួចយកទៅធ្វើជាចំណីត្រី ចំណីមាន់ទា ជាដើម ព្រោះថា វាមានជាតិប្រូតេអ៊ីនខ្ពស់។ ចំណែកតម្លៃវិញ គឺបានថ្លៃគួរសម ដោយពងរុយក្នុង១ក្រាមថ្លៃ៤ម៉ឺនរៀល ១ខាំថ្លៃ៤០ម៉ឺន ឬស្មើ១០០ដុល្លារ ហើយបើ១គីឡូក្រាមវិញ គឺថ្លៃ១ពាន់ដុល្លាឯណោះ។ ប៉ុន្លែកន្លងមក មិនដែលមានអ្នកទិញដល់១គីឡូក្រាមនោះទេ គឺទិញត្រឹមតែ១ខាំ ដើម្បីយកពងទៅភ្ញាស់ធ្វើពូជបន្ត ។ ហើយក៏មានអ្នកខ្លះទៀតមិនចង់ភ្ញាស់ពង ក៏ទិញយកដង្កូវស្រេចតែម្ដង ទៅឲ្យចំណីសត្វស៊ី ដែលដង្កូវមួយគីឡូក្រាមលក់បានតម្លៃចាប់ពី៤ទៅ៥ម៉ឺនរៀលឯណោះ»។

សូមបញ្ជាក់ផងដែរថា គ្រួសារកសិករខាងលើនេះ ក្រៅពីចិញ្ចឹមសត្វរុយ ក៏នៅប្រកបរបរចិញ្ចឹមបង្កងដង្កៀបក្រហម ចិញ្ចឹមត្រី ចិញ្ចឹមមាន់ទា និងមានដាំបន្លែលើទឹកទៀតផង ដែលអាចឱ្យជីវភាពគ្រួសារបានប្រសើរឡើង៕









ចែករំលែកព័តមាននេះ