ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple ប្រាប់​ពី​មូលហេតុ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​ប្រភេទ​ខ្សែ​សាក​ថ្ម iPhone 15

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា iPhone 15 ស៊េរី​ថ្មី​របស់​ខ្លួន នឹង​មិន​បំពាក់​រន្ធ​សាក​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា iPhone 15 ស៊េរី​ថ្មី​របស់​ខ្លួន នឹង​មិន​បំពាក់​រន្ធ​សាក​ថ្ម Lightning ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៀត​នោះ​ទេ បន្ទាប់​ពី​សហភាព​អឺរ៉ុប (EU) បាន​បង្ខំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នេះ​។ នេះ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក​មួយ​នេះ បាន​និយាយ​ថា iPhone 15 ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទ​ទៅ នឹង​ប្រើប្រាស់​ខ្សែ​សាក​ថ្ម USB-C ជា​ស្តង់ដារ ដែល​ទទួលយក​ជាស​កល ស្រប​ពេល​ដែល​នាឡិកា Apple ស៊េរី​ថ្មី (Apple Watch) ក៏​ត្រូវ​បាន​ដាក់​បង្ហាញ​ផង​ដែរ ជាមួយនឹង​ការ​ប្រើប្រាស់​បន្ទះ​ឈី​ប​កម្រិត​ខ្ពស់​ជាង​មុន​។ ប៉ុន្តែ​អ្នកវិភាគ​ម្នាក់ បាន​លើក​ឡើង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​ក្រុមហ៊ុន Apple នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ខ្លះ​ខកចិត្ត​។

ដោយសារ​តែ​ការ​បំពាក់​រន្ធ​សាក​ថ្មី ទើប​ជា​ហេតុ​នាំ​ឱ្យ​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ខ្សែ​សាក​ថ្ម USB-C-to-lightning នៅ​ក្នុង​តម្លៃ ៣៦​ដុល្លារ ដោយ​ផលិតផល​នេះ គឺជា​គ្រឿង​បន្ថែម នៃ​ខ្សែ​សាក​ថ្ម iPhones ឬ iPad ដែល​អាច​ប្រើ​ជាមួយ USB-C ថ្មី​។

ក្រុមហ៊ុន Apple បាន​និយាយ​ថា រន្ធ​សាក​ថ្ម USB-C ដែល​ដំណើរការ​ជាមួយ​កុំព្យូទ័រ​យួរដៃ និង iPad ជា​ច្រើន​របស់ Apple រួច​ហើយ​នោះ ក៏​នឹង​ដំណើរការ​លើ​កំណែទម្រង់​ថ្មី នៃ​កាស​ស្តាប់​ត្រចៀក AirPods Pro និង​កាស​ស្តាប់​ត្រចៀក ដែល​មាន​ខ្សែ​ផង​ដែរ​។

សហភាព​អឺរ៉ុប​បាន​ប្រាប់​ក្រុមហ៊ុន Apple ឱ្យ​បោះបង់​ចោល​រន្ធ​សាក​ថ្ម Lightning ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ការ​សន្សំ​ប្រាក់ និង​ជួយ​កាត់​បន្ថយ​កាក​សំណល់​អេ​ឡិច​ត្រូ​និក​។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​មួយ​ចំនួន​បាន​ព្រមាន​ថា ការ​ផ្លាស់​ប្តូរ​នេះ នឹង​នាំ​ឱ្យ​មានការ​កើនឡើង​ខ្សែ​សាក​ថ្ម ដែល​បោះបង់​ចោល​នៅ​ឆ្នាំ​ខាង​មុខ​។

ក្រុមហ៊ុន Apple បាន​យក​ព្រឹត្តិការណ៍​សម្ពោធ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា កន្លង​ទៅ ដើម្បី​ធ្វើការ​សន្យា​កិច្ចការពារបរិស្ថាន​ជា​បន្តបន្ទាប់​អំពី​ឧបករណ៍​ថ្មី​របស់​ខ្លួន រួម​ទាំង​ការ​ធ្វើ​ឱ្យ Apple Watch ជំនាន់​ថ្មី គឺជា​អព្យាក្រឹត​កាបូន​ជា​លើក​ដំបូង ហើយ​វា​ក៏​នឹង​បង្កើន​បរិមាណ​នៃ​សម្ភារៈ​កែ​ច្នៃ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ថ្ម និង​ផ្នែក​ផ្សេង​ទៀត​នៃ Apple Watch និង iPhone ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ