ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ថែទាំ​កុមារ​កំព្រា និង​មនុស្ស​ចាស់ជរា​នៅ​បា​ធា​យ ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ

1 ឆ្នាំ មុន
  • កំពង់ចាម

ទីតាំង​កន្លែង​ថែទាំ​ក្មេង​កំព្រា និង​មនុស្ស​ចាស់ជរា​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បា​ធា​យ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស់ រហូត​ដល់​មន្ត្រី​ជំនាញ​មន្ទីរ​សង្គមកិច្ច​ខេត្ត ចុះ​ទៅ​ពិនិត្យ ដើម្បី​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​បញ្ជូន​ទៅ​កាន់​ក្រសួង​សង្គមកិច្ច ដោយសារ​តែ​

ខេត្តកំពង់ចាម ៖ ទីតាំង​កន្លែង​ថែទាំ​ក្មេង​កំព្រា និង​មនុស្ស​ចាស់ជរា​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បា​ធា​យ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស់ រហូត​ដល់​មន្ត្រី​ជំនាញ​មន្ទីរ​សង្គមកិច្ច​ខេត្ត ចុះ​ទៅ​ពិនិត្យ ដើម្បី​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​បញ្ជូន​ទៅ​កាន់​ក្រសួង​សង្គមកិច្ច ដោយសារ​តែ​មិន​មានច្បាប់​អនុញ្ញាត​។

បើ​តាម​លោក ង៉ោ ជោ​ត មេឃុំ​ត្រប់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​ថា ទីតាំង​កន្លែង​ថែទាំ​កុមារ​កំព្រា និង​មនុស្ស​ចាស់​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​៣៥​ម៉ែត្រ​គុណ​និង​៤៥​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​អតីត​ព្រះសង្ឃ​មួយ​អង្គ នៅ​រាជធានី​ភ្នំពេញ និង​មាន​យាយ​ព្រីង​ម្នាក់ ដែល​ជា​អ្នក​នៅ​ចាំ​មើលថែ​ទាំ​។ កន្លែង​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៩ ហើយ​កុមារ​កំព្រា​នៅ​ក្នុង​ឃុំ​ត្រប់ គឺ​មាន​តែ​៦​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​យក​មក​នៅ​កន្លែង​នេះ​។

លោក​មេឃុំ​ត្រប់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ឆ្នាំ​២០២០ និង ២០២១ កន្លែង​នេះ ក៏​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ក្នុង​ពេល​ដែល​មាន​ជំងឺ​កូ​វី​ដ​បាន​ផ្ទុះ​ឡើង​។ ហើយ​នៅ​ឆ្នាំ​២០២២ ក៏​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ ដោយ​លោកយាយ​ព្រីង ជា​អ្នក​មើល​ការ​ថែទាំ​ទីនោះ និង​បាន​ប្រមែប្រមូល​កុមារ​កំព្រា ព្រមទាំង​មនុស្ស​ចាស់ជរា មក​រស់នៅ ហើយ​មាន​ពេល​ខ្លះ​ក៏​មាន​សប្បុរសជន​ចុះ​មក​ចែក​អំណោយ​ជា​ហូរហែ​ផង​ដែរ តែ​ក្នុង​នាម​អាជ្ញាធរ​មិន​បាន​ចូលរួម​នោះ​ទេ​។

លោក​មេឃុំ បាន​បញ្ជាក់​ថា កាលពី​កន្លង​ទៅ មាន​អ្នកកាសែត​ម្នាក់​រស់នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់​ចាម បាន​មក​សុំ​អង្ករ​ចំនួន​៥​បាវ និង​លុយ​១​លាន​៥៥​ម៉ឺន​រៀល​លើក​ទី​១ លុះ​លើក​ទី​២ ក៏​មក​សុំ​អង្ករ​១​បាវ លុយ​២០​ម៉ឺន​រៀល ថែម​ទាំង​សុំ​ដាក់​ខែ ទារ​អង្ករ​១​បាវ និង​លុយ​១០​ម៉ឺន​រៀល​ទៀត​។ ហើយ​លើក​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ អ្នកកាសែត​រូប​នោះ ក៏​មក​សុំ​លុយ​លោកយាយ​ព្រីង ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​កុមារ​កំព្រា​មិន​បាន ក៏​ឡាយ​វី​ដេ​អូ​តាម​ទូរស័ព្ទ​ដៃ​ជា​សាធារណៈ ដើម្បី​ឲ្យ​មហា​ជន​បានឃើញ និង​ដឹង​ឮ​។ គឺ​ចំ​ពេល​ដែល​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ចុះ​មក​ពិនិត្យ​មើល​ដោយ​​ផ្ទាល់​តែ​ម្ដង​។ ហើយ​អាជ្ញាធរ​មូលដ្ឋាន រង់ចាំ​មើល​ថ្នាក់លើ​ជា​អ្នក​សម្រេច​ថា តើ​ទី​នេះ​ឲ្យ​ដំណើរការ​ទៅ​មុខ​ទៀត ឬ​មួយ​ក៏​យ៉ាងណា​នោះ?​។

សូម​បញ្ជាក់​ថា ទីតាំង​ដី​ដែល​កុមារ​កំព្រា និង​មនុស្ស​ចាស់ជរា បាន​ស្នាក់​នៅ គឺជា​កម្មសិទ្ធិ​របស់​អតីត​ព្រះសង្ឃ​មួយ​អង្គ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​មក​បង្កើត​ជា​កន្លែង​ថែទាំ​មនុស្ស​ចាស់ជរា និង​ក្មេង​កំព្រា​។

បើ​តាម​លោកយាយ​ព្រីង ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​កុមារ​កំព្រា និង​មនុស្ស​ចាស់ ស្ថិត​ក្នុងស្រុក​បា​ធា​យ​នេះ ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ដែរ​ថា អ្នកកាសែត​ម្នាក់​ដែល​បាន​មក​ទារ​លុយ​ពី​គាត់​ចំនួន​៣៥​ម៉ឺន​រៀល អង្ករ​១​បាវ មី​១​កេស ទឹក​ស៊ី​ត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​។ ហើយ​លើក​ទី​២ ចូល​ឡាន​មក​កន្លែង​គាត់ ដាក់​អង្ករ​៤​បាវ មី​៣​កេស និង​គំ​រា​.​ម​ទារប្រាក់​ចំនួន​៥០០​ដុល្លារ បើ​មិន​បាន គឺ​នឹង​ឡាយ​ផ្ទាល់​តែ​ម្ដង​។

លោកយាយ​ព្រីង បន្ត​ថា តែ​គាត់​មិន​មាន​លុយ​នោះ​ទេ ព្រមទាំង​បាន​និយាយ​អង្វរ លុះ​ពេល​ក្រុម​អ្នកកាសែត​បើករថយន្ត​ចេញ​ទៅ ដែល​មាន​គ្នា​ចំនួន​៤​នាក់ កាលពី​ក្នុង​ខែសីហា ឆ្នាំ​២០២៣ គាត់​បាន​វេរ​លុយ​ឲ្យ​ទៅ​អ្នកកាសែត​ម្នាក់​មានឈ្មោះ​ហាក់ ចំនួន​១​លាន​២០​ម៉ឺន​រៀល​ជា​លុយ​ដែល​ខ្ចី​ពី​ចិន​ផ្សារ​មក​ផ្ញើ​ឱ្យ ហើយ​អ្នកកាសែត​រូប​នោះ ថែម​ទាំង​ពោល​ពាក្យ​ថា «​កូន​មិន​ឡាយ​កន្លែង​ម្ដាយ​ទេ ព្រោះ​កន្លែង​នេះ​មានច្បាប់​ត្រឹមត្រូវ​។ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​លេចឮ​ដល់​មន្ទីរ​សង្គមកិច្ច​ខេត្ត​»​។ លោកយាយ​ព្រីង បាន​បង្ហើប​ថា «​ដី​ដែល​បង្កើត​កន្លែង​កុមារ​កំព្រា និង​មនុស្ស​ចាស់​រស់នៅ​នេះ ពិតជា​របស់​ព្រះសង្ឃ​មួយ​អង្គ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ញើ​បច្ច័យ​ឲ្យ​គាត់​ទិញ​មាន​ទំហំ​៣៣​ម៉ែត្រ​គុណ​និង​៤៤​ម៉ែត្រ​»​។

លោក ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន​ពិការ​ខេត្ត ក៏​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា នេះ​ដែរ​ថា ពេល​ដែល​រូប​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​មក​ពិនិត្យ​មើល​កន្លែង​ទីតាំង​ស្នាក់​នៅ​របស់​កុមារ​កំព្រា និង​មនុស្ស​ចាស់​នេះ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ​។ ហើយ​ក្នុង​ពេល​ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ឃើញ គឺ​ឃើញ​មាន​ក្មេង​កំព្រា​ចំនួន​៤៣​នាក់ និង​មនុស្ស​ចាស់ជរា​ចំនួន​១៩​នាក់ ដោយឡែក​មាន​ក្មេង​ៗ​ខ្លះ​ទៀត​បាន​នាំ​គ្នា​ទៅ​រៀន​នៅ​សាលា​បាត់​ហើយ ពុំ​បាន​រាប់​បញ្ចូល​នោះ​ទេ​។ ហើយ​រូប​លោក ក៏​បាន​ទទួលស្គាល់​ថា មាន​អ្នកកាសែត​ម្នាក់​នៅ​ស្រុក​ជើងព្រៃ ពិតជា​បាន​ទារ​លុយ​ពី​យាយ​ព្រីង​ចំនួន​២​លើក​មែន ទោះបីជា​ពេល​ចុង​ក្រោយ ខឹង​មិន​ឱ្យ ក៏​ឡាយ​តាម​ទូរ​សព្ទ​តែ​ម្ដង​។

លោក​បន្ត​ទៀត​ថា បើសិនជា​អ្នក​ព័ត៌មាន​ល្អ គួរ​ណា​តែ​ទូរស័ព្ទ​រាយការណ៍​ជូន​ទៅ​លោក​អភិបាលស្រុក​បា​ធា​យ ដើម្បី​មាន​វិធានការ ប្រសិនណាបើ​ពិនិត្យ​មើលឃើញ​កន្លែង​នេះ មិន​ទាន់​មានច្បាប់​អនុ​ញ្ញាត​។

ជាមួយ​គ្នា​នោះ មន្ទីរ​ក៏​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​សង្គមកិច្ច ដើម្បី​ពិនិត្យ ប្រសិនបើ​កន្លែង​នេះ ត្រូវ​បាន​បិទ ក្មេង​កំព្រា​ឪពុក​ម្ដាយ​នឹង​ត្រូវ​បញ្ជូន​មក​ឲ្យ​ស្នាក់​នៅ​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ចាម​។ ចំណែក​ក្មេង​កំព្រា​ដែល​អត់​ឪពុក ឬ​ម្ដាយ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​គ្រួសារ​វិញ​។

ដោយឡែក​អ្នកកាសែត​អន​ឡាញ​ម្នាក់​នោះ ឈ្មោះ​ហាក់ ដែល​ខាង​អ្នកគ្រប់គ្រង​មណ្ឌលកុមារ​កំព្រា​ចោទប្រកាន់​ថា ទទួល​លុយ​ពី​យាយ​ព្រីង វេរ​លុយ​ឱ្យ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នោះ នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​នោះ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ចំនួន​២​ទៅ​៣​ដង​ហើយ តែ​គេ​ឆ្លើយ​ថា លេខ​នេះ​មិន​ត្រឹមត្រូវ​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ