ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង់​ទស្សនា​ថ្មី​នៅ​ប្រាសាទភ្នំបាខែង ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​កាន់តែ​ប្លែក​ភ្នែក​នៅទេ​សភាព​ដ៏​ស្រស់​ស្អាត

7 ខែ មុន
  • សៀមរាប

ប្រាសាទភ្នំបាខែង គឺជា​គោលដៅ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច​យ៉ាង​ពេញ​និយម​បំផុត​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ហើយដោយ​សារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង​ទៅ​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច នៅ​លើ​កំពូល​នៃ​ប្រាសាទភ្នំបាខែង ថ្មី​ៗ​នេះ

ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាខែង គឺជា​គោលដៅ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច​យ៉ាង​ពេញ​និយម​បំផុត​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ហើយដោយ​សារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង​ទៅ​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច នៅ​លើ​កំពូល​នៃ​ប្រាសាទភ្នំបាខែង ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ទីតាំង​វង់​ទស្សនា​ថ្មី​មួយទៀត ដើម្បី​បញ្ជៀ​ស​ចំនួន​ក្នុង​ការ​កកកុញ​នៃ​ការ​ទស្សនា ក៏​ដូច​ជា​បង្កើត​ជា​ជម្រើស​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​និយម​មក​ទស្សនា​ថ្ងៃ​លិច ព្រមទាំង​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​ផង​ដែរ​។

លោក ហ៊ុត សុភាព ប្រធាន​ភ្នាក់ងារទេសចរណ៍ នៅ​ប្រាសាទភ្នំបាខែង មាន​ប្រាប់​ឱ្យ​ដឹង​ថា «​ការ​រៀបចំ​វង់​ទស្សនា​ថ្មី​នេះ គឺ​ចាប់ពី​ជើងភ្នំ រហូត​ដល់​ប្រាសាទ​តែ​ម្តង​។ ចំពោះ​ខ្សែ​ទស្សនា គឺ​ភ្ញៀវ​ទេសចរ​អាច​ដើរ​ទស្សនា​តាំងពី​ជើងភ្នំ ហើយ​នៅ​ពេល​ហត់ ភ្ញៀវ​ក៏​អាច​ឈប់​សម្រាក​តាម​ផ្លូវ​សុវត្ថិភាព ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ទីតាំង​ជា​ច្រើន​។ ហើយ​កន្លែង​ទាំងនោះ សុទ្ធតែ​អាច​ផ្តិត​យក​រូបភាព​នានា ដូច​ជា ៖ គោលដៅ​ទី​១ អាច​ថត​ប្រាសាទបក្សីចាំក្រុង គោលដៅ​ទី​២ នៅ​ចង្កេះភ្នំ គឺ​មាន​រាន​ហាល​​សម្រាប់​ឱ្យ​ភ្ញៀវ​អាច​ទស្សនា​ទេសភាព​បារាយណ៍​ខាងលិច​ទាំងមូល ឯ​ខ្សែ​ទស្សនា​បន្តបន្ទាប់​ពេល​​ទៅ​ដល់​លើ​ភ្នំ គឺ​មាន​រានហាល​មួយទៀត សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ជា​ដើម»​។

លោក ហ៊ុត សុភាព ឱ្យ​ដឹង​ទៀត​ថា «​បន្ទាប់​ពី​ភ្ញៀវ​ឡើង​ទៅ​ដល់​កំពូលភ្នំ គឺ​នៅ​មាន​ខ្សែ​ទស្សនា​បន្ត​ទៀត ដោយ​ភ្ញៀវ​អាច​ដើរ​ទស្សនា​ទៅ​តាម​វង់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​មាន​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ៖ រៀបចំ​ឱ្យ​ភ្ញៀវ​អាច​មើលឃើញ​កំពូល​ប្រាសាទអង្គរវត្ត ឱ្យ​ភ្ញៀវ​ទៅ​ទស្សនា​ពុទ្ធបាទ រួច​តម្រង់​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង ចាប់ពី​ទិស​ខាងកើត​។

គួរ​បញ្ជាក់​ថា ការណ៍​ដែល​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​វង់​ទស្សនា​បែប​នេះ គឺ​ក្នុង​បំណង​ចង់ឱ្យ​ភ្ញៀវ​ទេស​ចរ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ច្រើន តាំងពី​ការ​ចាប់ផ្ដើម​ដើរ​ឡើង​ភ្នំ រហូត​ដល់​លើ​កំពូលភ្នំ មាន​ដូច​ជា ៖ ចង់ឱ្យ​ភ្ញៀវ​អាច​មើលឃើញ​ប្រាសាទបក្សីចាំក្រុង ឃើញ​ទិដ្ឋភាព​បារាយណ៍​ខាងលិច​ទាំង​មូល ឃើញ​កំពូល​ប្រាសាទអង្គរវត្ត ហើយ​ជា​ពិសេស​នោះ គឺ​ពេល​ភ្ញៀវ​ឡើង​ដល់​កំពូលភ្នំ ពួក​គាត់​អាច​មើលឃើញ​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច មើលឃើញ​ទិដ្ឋភាព​ទីក្រុង​សៀមរាប ព្រមទាំង​ឃើញ​ព្រៃឈើ​ទាំងមូល ដែល​ស្ថិត​នៅ​ជុំវិញ​ភ្នំ​បាខែង​ផង​ដែរ​។

ក្នុង​ការ​រៀបចំ​វង់​ទស្សនា​ថ្មី អាជ្ញាធរ​ជាតិ​អប្សរា​ក៏​រៀបចំ​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ដូច​ជា ការ​លះ​មែកឈើ​ខ្លះ​ៗ, រៀបចំ​ផ្លូវ​ដើរ​ជុំវិញ​ប្រាសាទ​ឱ្យ​ស្អាត​, ដាក់​ស្លាក​សញ្ញា​​បង្ហាញ​ទិស និង​ដាក់​បង្គោល​ខ្សែការពារ​កន្លែង​មាន​ហានិភ័យ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកទេស​ចរ​ទាំងឡាយ​។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ ឬ​មគ្គទេសក៍​ទេសចរណ៍​ឱ្យ​នាំ​ភ្ញៀវ​ដើរ​ទស្សនា​តាម​ទិស​ដៅ​ដែល​បាន​រៀបចំ ដើម្បី​ឱ្យ​ពួក​គាត់​បានឃើញ​នូវ​អ្វី​ដែល​ថ្មី​ៗ និង​មាន​ភាព​ស្រស់​ស្អាត​ទាំងនោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ