រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាអ្នកបើករ៉ឺម៉កម៉ូតូដឹកទំនិញម្នាក់ បានបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុ.កជាមួយនឹងម៉ូតូ ព្រមទាំងបុ.កជាមួយនឹងរថយន្តរបស់លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រលប់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកលេខ១០៥ កែង២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿងទៀត កំពុងតែបើកបរតាមបណ្តោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ដោយម៉ូតូនៅខាងមុខ ចំណែករ៉ឺម៉កម៉ូតូនៅខាងក្រោយ។

ប្រភពដដែលបន្តថា លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Mercedes G63 ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា HUN CHEA ដែលគេស្គាល់ថាជារបស់ លោក ហ៊ុន ជា មន្ត្រីនគរបាលផ្កាយ៣នៃក្រសួងមហាផ្ទៃ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧៦ ទិសដៅពីលិចទៅកើត ក្នុងគោលបំណងបត់ទៅខាងស្តាំ។ ភ្លាមៗនោះ ភាគីខាងម៉ូតូដែលជិះនៅខាងមុខបានបន្ថយល្បឿន ដើម្បីឱ្យរថយន្តបត់ស្ដាំ ចំណែកឯអ្នកបើករ៉ឺម៉កម៉ូតូវិញ មិនបានបន្ថយល្បឿននោះទេ ប៉ុន្តែបែរជាបន្ថែមល្បឿនវ៉ាជែងម៉ូតូទៅវិញ តែវ៉ាមិនផុត ក៏ជ្រុលទៅបុ.កជាមួយនឹងម៉ូតូ និងហួសទៅបុ.កជាមួយនឹងរថយន្តរបស់លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ពេញទំហឹងតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន មិនបានយកទោសភ័យអ្វីទៅលើម្ចាស់រ៉ឺម៉កម៉ូតូនោះទេ គ្រាន់តែផ្តល់ដំបូន្មានខ្លះៗ ដើម្បីកុំអោយបើកបរលឿនពេក និងឱ្យប្រុងប្រយ័ត្ននៅពេលបើកបរ ជាពិសេសអ្នកបើកបរម៉ូតូកង់បី និងអ្នកដឹកជញ្ជូនតែម្តង កុំអាងបុ.កហើយលើកដៃសំពះអី ត្រូវបើកបរដោយភាពប្រុងប្រយ័ត្ន។

បន្ទាប់ពីណែនាំរួច ភាគីខាងអ្នកបើករ៉ឺម៉កម៉ូតូ ក៏បានធ្វើការសុំទោសនៅមុខអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បន្ទាប់មកលោក ហ៊ុន ជា ក៏បានអនុញ្ញាតិឱ្យចេញទៅផ្ទះវិញតែម្តង ដោយមិនយកទោសអ្វីនោះទេ៕
ចែករំលែកព័តមាននេះ