ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែរ​រឿង​តម្លៃ​ពោតក្រហម​ឆ្នាំ​នេះ​ចុះ​ថោក ថែម​ទាំង​បញ្ហា​ទឹកទន្លេ​ហក់​ឡើង​ទៀត ​(វីដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ចាម

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​នោះ​មានស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន បាន​នាំ​គ្នា​ដាំពោត​ក្រហម​លក់​ឱ្យ​ឈ្មួញ​សម្រាប់​យក​ទៅ​ផលិត​ចំណី​សត្វ ប៉ុន្តែ​ការ​ប្រមូល​ផល​ជួបនឹង​ឧបសគ្គ ដោយសារ​ពោត​មិន​ទាន់​ទុំ​ល្អ ក៏​ត្រូវ​

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​នោះ​មានស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន បាន​នាំ​គ្នា​ដាំពោត​ក្រហម​លក់​ឱ្យ​ឈ្មួញ​សម្រាប់​យក​ទៅ​ផលិត​ចំណី​សត្វ ប៉ុន្តែ​ការ​ប្រមូល​ផល​ជួបនឹង​ឧបសគ្គ ដោយសារ​ពោត​មិន​ទាន់​ទុំ​ល្អ ក៏​ត្រូវ​ទឹកទន្លេ​ហក់​ឡើង​មក​ជន់​លិច បណ្ដាល​ឱ្យ​ប៉ះពាល់​អស់​រាប់រយ​ហិ​កតា​ឯណោះ​។

បើ​តាម​កសិករ​ម្នាក់​មានឈ្មោះ ញិ​ល ភ័ន អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់​សៀម បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ គ្រា​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ត្រូវ​បាន​អាជ្ញាធរ​ចែក​ដី​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ សម្រាប់​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។

កសិករ​រូប​នេះ​ប្រាប់​បន្ត​ថា ចំពោះ​ដី​របប​ដែល​អាជ្ញាធរ​បែងចែក​ជូន គឺ​មាន​ទំហំ​តូច ដូច្នេះ​គាត់​ត្រូវ​ជួល​ដី​អ្នកស្រុក​បន្ថែម​ទៀត​បាន​ទំហំ​១​ហិ​កតា យក​មក​ដាំពោត​ក្រហម​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ សម្រាប់​យក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំ​២០២៣​នេះ បាន​ហក់​ឡើង​មក​រាង​លឿន​បន្តិច ធ្វើ​ឱ្យ​គាត់​ប្រមូល​ផល​ស្ទើរតែ​មិន​ចង់​ទាន់​។ ហើយ​ទិន្ន​ផល​បាន​ប្រមាណ​៨​តោន ក្នុង​នោះ​គាត់​ប្រមូល​លក់​ឱ្យ​ឈ្មួញ​បាន​ចំនួន​៣​តោន​រួច​មក​ហើយ ដោយ​​គ្រាប់ពោត​ស្ងួត ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​៧៦០​រៀល ប៉ុន្តែ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​កន្លង​ទៅ គឺ​តម្លៃ​ថោក​ជាង​ឆ្នាំ​កន្លង​ទៅ​។

កសិករ​ខាងលើ​បន្ត​ថា ចំពោះ​ថវិកា​ដែល​ប្រមូល​មក គឺ​គាត់​ផាត់​លើ​ថ្លៃ​គ្រាប់ពូជ​ប្រើ​អស់​ប្រមាណ​២០​គីឡូក្រាម ដែល​ទិញ​នៅ​ផ្សារ​ក្រុង​កំពង់ចាម ដោយ​តម្លៃ​១​គីឡូ​៣​ម៉ឺន​រៀល (​សម្រាប់​តម្លៃ​នៅ​ឆ្នាំ​២០២៣​នេះ​) គឺ​គាត់​ទទួល​បាន​ផល​ចំណេញ​តិច​តូច គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​។ ប៉ុន្តែ​បើសិនជា​មាន​​សមាជិកគ្រួសារ​ណា​ម្នាក់​ឈឺ ដូច្នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែម​ទៀត​មិន​ខាន​។

កសិករ​ខាងលើ បញ្ជាក់​ថា គាត់​រស់នៅ​២​នាក់​ប្ដី​ប្រពន្ធ និង​ចិញ្ចឹម​ចៅ​ចំនួន​៣​នាក់ ចំណែក​កូន​៤​នាក់​ទៀត គឺ​បាន​ចេញ​ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​។ ហើយ​ចំពោះ​ប្រភេទ​ពូជ​ពោត ដែល​គាត់​យក​មក​ដាំ​នោះ គឺ​ប្រភេទ AS 29 -05 ដែល​ជា​ពូជ​ពោត​ធន់​នឹង​អាកាសធាតុ​។ ប្រសិនបើ​តម្លៃ​មួយ​គីឡូ ប្រភេទ​គ្រាប់ពោត​ស្ងួត លក់​បាន​ជាង​១០០០​រៀល​នោះ គឺ​គាត់​ទទួល​បាន​ផល​ចំណេញ​គ្រាន់បើ​។

បើ​តាម​លោក សឹម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា ក្នុង​រយៈពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​កន្លង​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ពោត​របស់​ប្រជា​កសិករ​នៅ​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន ចំនួន​ជាង​២០០​ហិ​កតា ក្នុង​នោះ​ពោត​ដែល​ខូច​ចំនួន​១០៤​ហិ​កតា ហើយ​រហូត​មក​ដល់​ពេល​នេះ ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើង​បន្ថែម​ទៀត ប៉ុន្តែ​ដំណាំ​ពោត​ត្រូវ​បាន​បងប្អូន​ប្រជា​កសិករ​ប្រមូល​ផល​អស់ហើយ គ្រាន់តែ​ពោត​មិន​ទាន់​ទុំ​បាន​ល្អ​នោះ​ទេ​។ ចំពោះ​តម្លៃ​ទីផ្សារ​ពោត​ឆ្នាំ​២០២២ កន្លង​ទៅ គឺ​ជាង​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប្រភេទ​ពោត​ប្រដេញទឹក​នៅ​រដូវប្រាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ