ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងបន្ទាន់នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយផ្លូវចំណុចបាក់ស្រុតអូរងើយ មិនអាចអនុញ្ញាតឲ្យរថយន្តខ្នាតធំឆ្លងកាត់បាន ព្រោះតែមានភ្លៀងធ្លាក់ជោកជាំខ្លាំងពេក។

រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ន ចំពោះរថយន្តធន់ធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ សូមម្ចាស់យានយន្តធន់ធ្ងន់គ្រប់ប្រភេទជ្រាបថា ៖ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសនៅចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលបច្ចុប្បន្នមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត សហការជាមួយជំនាញពាក់ព័ន្ធធ្វើការឈូសឆាយផ្លូវវាងជូនបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ ត្រូវបានទទួលរងនូវការខូចខាតយ៉ាងដំណំ បណ្តាលឲ្យរថយន្តធន់ធ្ងន់ពុំអាចឆ្លងកាត់បានឡើយ។

ដូចនេះ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចំពោះរថយន្តធន់ធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ រហូតដល់មានការជូនដំណឹងស្តីពីការធ្វើចរាចរណ៍ឡើងវិញនាពេលខាងមុខ ដោយឡែកចំពោះរថយន្តធន់តូចលក្ខណៈគ្រួសារ គឺអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។

ទន្ទឹមនេះដែរ ប្រសិនបើសាធារណជន ម្ចាស់យានយន្តធន់ធ្ងន់ មានបំណងចង់ធ្វើដំណើរទៅភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាង ដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។
រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យពីសាធារណជន ម្ចាស់យានយន្តធន់ធ្ងន់គ្រប់ប្រភេទ ចំពោះការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍នេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ម្ចាស់យានយន្តធន់ធ្ងន់ ទាំងអស់ នឹងយោគយល់អធ្យាស្រ័យ ហើយនិងរង់ចាំការជូនដំណឹងបើកឲ្យដំណើរការឡើងវិញនូវការធ្វើចរាចរណ៍នាពេលឆាប់ៗខាងមុខនេះ។
ចែករំលែកព័តមាននេះ