រាជធានីភ្នំពេញ ៖ ពិតជាមោទនភាពណាស់សម្រាប់វិស័យសិល្បៈខ្មែរ ក្នុងពេលដែលព្រះនាង ចេនណា នឹងចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដ ដែលនេះគឺចាត់ទុកជាការចូលរួមចំណែកមួយផ្នែក ដោយនាំកិត្យានុភាពសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក ។

តាមគម្រោង ព្រះនាងនឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអឺរ៉ុបនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដោយនៅក្នុងនោះព្រះនាងនឹងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ស្ទីឌីយោថត និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនភាពយន្ត មុនពេលត្រៀមខ្លួនចូលរួមសម្តែង។

យោងតាមការប្រកាសជាផ្លូវការតាមរយៈផេកហ្វេសប៊ុករបស់ព្រះនាង ចេនណា បានអោយដឹងថា «ខ្ញុំមានក្តីរីករាយណាស់ ដោយបានទទួលនូវការអញ្ជើញជាផ្លូវការពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិ។ ក្នុងការសហការជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្ដ Nu Boyana Film Studios ដែលមិនមែនត្រឹមតែជាក្រុមហ៊ុនផលិតខ្សែភាពយន្តដ៏ធំបំផុតមួយនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយទូទាំងពិភពលោក»។

ផេកហ្វេសប៊ុករបស់ព្រះនាង ចេនណា បានអោយដឹងបន្តថា «ក្រុមហ៊ុន Millennium Media ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ពួកគេ គឺជាក្រុមហ៊ុន ហូលីវុដ (ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព) ដែលបានផលិតភាពយន្ដចំនួន ៤០០ ខ្សែភាពយន្ដ ដែលរួមមានដូចជា ៖ the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, The Mechanic។ល។ តារាសម្ដែងជាច្រើននាក់ ដូចជា លោក Robert De Niro, Al Pacino, Sylvester Stallone, Arnold Schwarzenegger, Jason Statham, Orlando Bloom, Megan Fox, Jessica Alba, Antonio Banderas, Penelope Cruz និងតារាសម្ដែងជាច្រើនទៀត ផ្ដល់ការទុកចិត្តលើក្រុមការងារ និងសម្ដែងនៅក្នុងខ្សែភាពយន្ដ»។

ផេកហ្វេសប៊ុករបស់ព្រះនាង ចេនណា បានអោយដឹងបន្តទៀតថា «ក្រុមហ៊ុននឹងរៀបចំការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុង ស្ទីឌូយ៉ូ (Studios) របស់ពួកគេ ដោយខ្ញុំនឹងចូលរួមសម្ដែងជាមួយតារាសម្ដែងអន្ដរជាតិជាច្រើន ដូចជា ៖ Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំងដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone (តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)»។

ផេកហ្វេសប៊ុករបស់ព្រះនាង ចេនណា បានអោយដឹងទៀតថា «ខ្ញុំសូមអរគុណដល់លោកផលិតករ Gaël និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ កន្លងទៅ លោកក៏ជាអ្នកគ្រប់គ្រង នៃបវរកញ្ញា Miss Bulgaria 2023 ផងដែរ ហើយខ្ញុំបានទទួលនូវកិត្តិយសក្នុងការសម្ដែងនៅក្នុងកម្មវិធីនេះ ក្នុងនាមជាភ្ញៀវពិសេស។ តាមរយៈការងារសិល្បៈរបស់ខ្ញុំមួយនេះ ខ្ញុំប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរអោយអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុមក្នុងយុគសម័យដ៏រីករាយក្រោមការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់នឹងគាំទ្រខ្ញុំ»។

គួរបញ្ជាក់ផងដែរថា នៅមុនពេលចូលរួមសម្តែងភាពយន្តអន្តរជាតិខាងលើនេះ ព្រះនាង ចេនណា ក៏ទើបតែបញ្ចប់ការងារចូលរួមថតសម្តែងជាកិត្តិយសនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលមានការចូលរួមសម្តែងពីតារាប្រុសដ៏ល្បីមកពីប្រទេសភូមាផងដែរ៕


















ចែករំលែកព័តមាននេះ