ប្រទេសញ៉ូវហ្សេលែន ៖ តារាសម្តែង និងនាថការី គឺកញ្ញា សុគា គឹមលាង ហៅ kon ant បានធ្វើអោយមហាជនខ្មែរមានមោទនភាព ក្រោយពេលដែលនាងបានសម្តែងរបាំអប្សរាអង្គរកម្ពុជាជាលើកដំបូង នៅលើភ្នំទឹកកក ក្នុងប្រទេសញ៉ូវហ្សេលែន។
មហាជន ក៏ដូចជាគាំទ្រ ម្នាក់ៗបានសម្តែងនូវមោទនភាព និងការស្ងើចសរសើរពីភាពស្រស់ស្អាតដែលបង្ហាញដោយតារារូបនេះ ដោយនាំយកសិល្បៈវប្បធម៌ខ្មែរបង្ហាញនៅលើទឹកដីអឺរ៉ុប ជាពិសេសការសម្តែងនៅលើភ្នំទឹកកក មិនធ្លាប់មាននាពេលកន្លងមក។ យ៉ាងណា បើទោះបីជាការសម្តែងមានភាពលំបាក ដោយសារការត្រជាក់ខ្លាំងក៏ដោយ ប៉ុន្តែស្រីស្អាត គឹមលាង បានប្រឹងប្រែងសម្តែងបានយ៉ាងល្អ ក្នុងនាមជានាថការី ដែលទទួលបានការបណ្តុះបណ្តាលលើទម្រង់សិល្បៈបុរាណមួយនេះ។
ការសម្តែងនាពេលនេះ ស្រីស្អាត សុគា គឹមលាង ក៏បានសម្តែងនូវមោទនភាពចំពោះខ្លួនឯងផងដែរ ក្នុងពេលដែលនាងអាចនាំយកឈុតអប្សរាខ្មែរ មកបង្ហាញជាលើកដំបូង នៅលើភ្នំទឹកកក នៃប្រទេសញ៉ូវហ្សេលែន នាពេលនេះ។

ជាមួយនឹងរូបភាពវីដេអូ នៃការសម្តែងខាងលើ ស្រីស្អាត សុគា គឹមលាង ហៅ Kon ant បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះនៅលើបណ្តាញសង្គមថា «ពូជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ ល្អសែនអស្ចារ្យ ល្បីសព្វលោកា សកលស្ញប់ស្ញែងពួកយើង ពិតជាមានមោទនភាពខ្លាំងណាស់ ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា មករាំនៅលើភ្នំទឹកកក នៃប្រទេស New Zealand នេះ ជាលើកទី១ របស់ពួកយើងខ្ញុំ»។
ជាការកត់សម្គាល់ កញ្ញា សុគា គឹមលាង ធ្លាប់បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីឆ្នាំ២០១៨ ក្រោយពីនាងត្រូវបានជ្រើសរើសធ្វើជាតួអង្គទេវតាសង្ក្រាន្តឆ្នាំថ្មីនាពេលនោះ។ ស្រីស្អាត សុគា គឹមលាង គឺជានាដការីរបាំបុរាណមួយរូប ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាំងពីអាយុទើបបាន៩ឆ្នាំ។ គឹមលាង ហៅ កូនស្រមោច ធ្លាប់បានលើកឡើងថា «នៅពេលខ្លួនបានធំដឹងក្ដីមក ដឹងថា ខ្លួនឯងស្រឡាញ់ សិល្បៈបុរាណមួយប្រភេទនេះខ្លាំង»។ ដូច្នេះហើយ នៅពេលអាយុបាន៩ឆ្នាំ កញ្ញាក៏បានចូលទៅសិក្សានៅទីនោះតែម្ដង។
បច្ចុប្បន្ន នាងក៏ទទួលថតស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ ប៉ុន្តែនាងមិនសូវបង្ហាញខ្លួនសម្តែងភាពយន្តឡើយ បើទោះបីជាមានផលិតករជាច្រើនទាក់ទងមកក៏ដោយ ដោយសារនាងមានហេតុផលមិនសូវមានពេល ជាមួយនឹងការរវល់អាជីវកម្មផ្ទាល់ខ្លួនផងដែរ។ យ៉ាងណា ទៅថ្ងៃអនាគត ប្រសិនបើមានពេលគ្រប់គ្រាន់ នាងអាចនឹងទទួលយកការថតភាពយន្តនេះបន្ថែមទៀតដែរ៕












ចែករំលែកព័តមាននេះ