ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ខ្លះ​តវ៉ា​ចំពោះ​ផែន​ទី​ថ្មី​របស់​ប្រទេស​ចិន​ដែល​គូស​ចូល​ទឹក​ដី​របស់​គេ

1 ឆ្នាំ មុន

បន្ទាប់​ពី​ប្រទេស​ចិន​ចេញ​ផ្សាយ​ផែន​ទី​ថ្មី​របស់​ខ្លួន​ដែល​យក​តំបន់​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​ និង​ស្រវា​យក​​សមុទ្ទ​​ចិន​ខាង​ត្បូង​ទាំង​​អស់​ជា​ទឹក​ដី​របស់​​ចិន​, ប្រទេស​ខ្លះ​ដូច​ជា​ឥណ្ឌា​, ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ចេញ​មុខ​តវ៉ា​ចំពោះ​រឿង​នេះ​​​។ ប្រទេស​ចិន​​នៅ​តែ​​​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូ​វទៅ​តាម​ច្បាប់​របស់​ចិន​។ ​​​ប្រទេស​​ចិន​អំពាវ​នាវ​ឱ្យ​​មាន​ភាព​ស្ងប់​ស្ងាត់​ និង​​​មាន​គំនិត​​​សត្យា​នុម័ត​​​ដើម្បី​ជៀស​វាង​ការ​បក​ស្រាយ​បំផ្លើស​​​ការ​ពិត​។​​ ​​​តាម​រយៈ​ផែន​ទី​ដែល​ប្រទេស​ចិន​ចាត់ទុក​ជា​ផែន​ទី​ផ្លូវ​ការ​របស់​ខ្លួន​នោះ, គេ​ឃើញថា​​​​តំបន់​​អរុណ​ឆាល់​ប្រាដែស…

បន្ទាប់​ពី​ប្រទេស​ចិន​ចេញ​ផ្សាយ​ផែន​ទី​ថ្មី​របស់​ខ្លួន​ដែល​យក​តំបន់​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​ និង​ស្រវា​យក​​សមុទ្ទ​​ចិន​ខាង​ត្បូង​ទាំង​​អស់​ជា​ទឹក​ដី​របស់​​ចិន​, ប្រទេស​ខ្លះ​ដូច​ជា​ឥណ្ឌា​, ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ចេញ​មុខ​តវ៉ា​ចំពោះ​រឿង​នេះ​​​។ ប្រទេស​ចិន​​នៅ​តែ​​​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូ​វទៅ​តាម​ច្បាប់​របស់​ចិន​។

​​​ប្រទេស​​ចិន​អំពាវ​នាវ​ឱ្យ​​មាន​ភាព​ស្ងប់​ស្ងាត់​ និង​​​មាន​គំនិត​​​សត្យា​នុម័ត​​​ដើម្បី​ជៀស​វាង​ការ​បក​ស្រាយ​បំផ្លើស​​​ការ​ពិត​។​​ ​​​តាម​រយៈ​ផែន​ទី​ដែល​ប្រទេស​ចិន​ចាត់ទុក​ជា​ផែន​ទី​ផ្លូវ​ការ​របស់​ខ្លួន​នោះ, គេ​ឃើញថា​​​​តំបន់​​អរុណ​ឆាល់​ប្រាដែស (Arunachal Pradesh) និង​អាក់​សៃឈីន (Aksai Chin)​ ​ដែល​ឥណ្ឌា​កំពុង​ឈរ​ជើង​នៅ​លើ​ផែន​ដី​​បែរ​ជា​​​នៅ​ក្នុង​ផែន​ទី​របស់​ប្រទេស​ចិន​​​។

​​ប្រទេស​ឥណ្ឌា​​យល់​ថា​ផែន​ទី​របស់​ប្រទេស​ចិន​នឹង​បង្ក​ភាពតាន​តឹង​កាន់​តែ​ខ្លាំងបន្ថែម​ទៅ​លើ​​បញ្ហា​​ទំនាស់​បូរណ​ភាព​​​ដែល​មាន​ស្រាប់​ និង​ដែល​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​។ ក្រសួង​ការ​បរទេស​ឥណ្ឌា​ចាត់​ទុក​ថា​​ផែន​ទី​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ផ្អែក​ទៅ​លើ​គោល​ការណ៍​ច្បាស់​លាស់​​។ ​អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​ផែន​ទី​នេះ​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ធន​ធាន​ធម្ម​ជាតិ​​។ លោក​សូម​ឲ្យ​ភាគី​​​​ទាំង​អស់​គោរព​អធិបតេយ្យ​ភាព​​របស់​​​ចិន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​។

​ដោយ​សារ​ផែន​ទី​​​​នេះ​គូស​យក​​​​សមុទ្ទ​​​ចិន​ខាង​ត្បូង​ទាំង​អស់,​ ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ជម្លោះ​ដែន​​សមុទ្ទ​​ជា​មួយ​ប្រទេស​ចិន​​​ក៏​ប្រឆាំង​​ជំទាស់​ចំពោះ​ផែន​ទី​នេះ​ផង​ដែរ។ ម៉ាឡេស៊ី​​​ត្រៀម​​​ធ្វើ​កំណត់​ទូត​​​​​ទៅ​ប្រទេស​ចិន​។ ​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​។ ប្រទេស​​ដែល​​មាន​​វិវាទ​ជា​មួយ​ប្រទេស​ចិន​​នៅ​​សមុទ្ទ​​ចិន​ខាង​ត្បូង​​មិន​អាច​នៅ​ស្ងៀម​ទេ​។ ​ពួក​គេ​ចេញ​មុខ​ត​វ៉ា​ជា​បន្ត​បន្ទាប់​។ ឥឡូវ​នេះ សូម្បី​តែ​ប្រទេស​ហ៊្វីលីពីន​ក៏​ចេញ​មុខ​តវ៉ា​ចំពោះ​ផែន​ទី​នេះ​ផង​ដែរ​។ លើក​លែង​តែ​វៀតណាម​​នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់​។​

​​ឥណ្ឌូណេស៊ី​​ ថ្វី​ដ្បិត​មិន​ទាន់​ប្រកាស​ថ្កោល​ទោស ឬ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ ប៉ុន្តែ​ប្រទេស​នេះ​​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​បក​ស្រាយ​ត្រង់​ចំណុច​នេះ​​។ ឥណ្ឌូណេស៊ី​​​​​ផ្ញើ​​លិខិត​​​តាម​រយៈ​ស្ថាន​ទូត​របស់​ខ្លួន​​នៅ​​ទី​ក្រុង​ប៉េកាំង​។​ ​សូម​បញ្ជាក់​ថា​ផែន​ទី​​​ដែល​ប្រទេស​ចិន​គូស​នៅ​​សមុទ្ទ​​ចិន​ខាង​ត្បូង​កាល​ពី​មុន​មាន​ខ្សែ​បន្ទាត់​ដាច់​ៗ​ចំនួន​៩​។ ឥឡូវ​នេះ​ ប្រទេស​ចិន​បន្ថែម​បន្ទាត់​ដាច់​១​ទៀត​។ ដូច្នេះ ខ្សែ​បន្ទាត់​សរុប​នៅ​ក្នុង​ផែន​ទី​ថ្មី​កើន​ឡើង​ដល់​​១០​​ខ្សែ​​។ លើក​នេះ​គូស​ចូល​ទាំង​​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​ថែម​ទៀត​​​។ ​

​​ផែន​ទី​ថ្មី​​នេះ​ផ្សព្វ​ផ្សាយ​ត្រឹម​តែ​​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​សមាគម​​អាស៊ាន​បើក​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​នៅ​​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចាប់​ពី​ថ្ងៃ​ទី​៥​-​៧ ខែ​កញ្ញា​ និង​មុន​​កិច្ច​ប្រជុំ​កំពូល​​ជីម្ភៃ (G20)​ នៅ​ប្រទេស​ឥណ្ឌា​ពី​ថ្ងៃ​ទី​​៩-​១០ ខែ​កញ្ញា​​។ ​ពី​ដំបូង​ដៃ, គេ​គិត​ថា​ថ្នាក់​ដឹកនាំ​ចិន លោក​ស៊ី​ជីន​ពីង នឹង​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​។ ​ប៉ុន្តែ​ចុង​ក្រោយ​នេះ, គេ​ទទួល​ដំណឹង​ថា​លោក​ប្រហែល​ជា​មិន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឥណ្ឌា​ទេ​។ នេះ​បើ​តាម​ប្រភព​​សម្ងាត់​​នៅ​ប្រទេស​​ចិន និង​ឥណ្ឌា​​បាន​​បង្ហើប​ឱ្យ​ដឹង​។​​

លោក​ពូទីន​ដែល​ត្រូវ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​អំពាវ​នាវ​ឱ្យ​ប្រទេស​ដទៃ​ជួយ​សហ​ការ​គ្នា​នៅ​ក្នុង​ការ​ចាប់​ខ្លួន​នេះ លោក​នឹង​មិន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ជី​ម្ភៃ​នៅ​ឥណ្ឌា​ទេ​។ លោក​នឹង​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​ទៅ​ជំនួស​។​ ​គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រឆាំង​ជំទាស់​នឹង​ផែន​ទីនេះ​ខ្លាំង​ជាង​គេ​គឺ​ឥណ្ឌា។​ ទី​១​- ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​កម្លាំង​ខ្លាំង​គួរ​សម​អាច​ស៊ី​សង​គ្នា​ជា​មួយ​ប្រទេសប្រទេស​ចិន​បាន​។​ ទោះ​បី​មិន​ខ្លាំង​ជាង​ចិន​ ប៉ុន្តែ​ឥណ្ឌា​មាន​នុយក្លេ​អ៊ែរ​ដូច​គ្នា​។ ​​ទី​២- ប្រទេស​ឥណ្ឌា​ធ្លាប់​មាន​ប្រវត្តិ​​រ៉ាំ​រ៉ៃ​ជា​យូរ​មក​ហើយ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​បូរណភាព​ដែន​ដី​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​​៕​

ប្រភព៖ Al Jazeera, Channel News Asia និង​ប្រភព​ដទៃ​ទៀត​
https://www.channelnewsasia.com/asia/china-xi-jinping-g20-summit-india-skip-3737081
https://www.aljazeera.com/news/2023/8/31/malaysia-rejects-new-china-map-claiming-entire-south-china-sea

កង​ទ័ព​ចិន​ដើរ​ល្បាត​នៅ​តំបន់​មាន​ជម្លោះ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង​
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា លោក ​Arindam Bagchi
អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ចិន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ