ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​សិ.ច​ស៊ីម្នាក់ ចូល​ដៃ​ជាមួយ​ចិន​១ក្រុម​ បោ.ក​នារី​ៗ​ថៃ​ច្រើន​នាក់

8 ខែ មុន

ថៃ ៖ មន្ត្រី​នគរបាល និង​មន្ត្រី​ជំនាញ​ជាង​២០០​នាក់ មក​ពី​ការិយាល័យ​ប្រឆាំង​ការ​លាងលុយកខ្វក់

ថៃ ៖ មន្ត្រី​នគរបាល និង​មន្ត្រី​ជំនាញ​ជាង​២០០​នាក់ មក​ពី​ការិយាល័យ​ប្រឆាំង​ការ​លាងលុយកខ្វក់ (AMLO) និង​ការិយាល័យ​អគ្គមេធាវី (OAG) របស់​ប្រទេស​ថៃ បាន​ចុះ​ទៅ​ប​ង្ក្រាប​ទីតាំង​ប្រមាណ​៣០​កន្លែង នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​២​ផ្សេង​ទៀត ខណៈ​ដែល​ការ​វាយឆ្មក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា កន្លង​ទៅ បាន​រឹបអូស​ផ្ទះ​ប្រណីត និង​រថយន្ត​ទំនើប​ៗ​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​កម្មសិទ្ធិ​របស់​សមាជិក​ក្រុម​ឆបោក​ជនជាតិ​ចិន​មួយ​ក្រុម​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Nation Thailand ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣​។

ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ ដឹកនាំ​ដោយ​ឧត្តមសេនីយ Atip Pongsiwaphai ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (TCSD) អនុវត្ត​តាម​បញ្ជា​ឧត្តមសេនីយ៍ឯក Jirapop Phuridet ស្នងការ​នៃ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល​។ ការ​វាយឆ្មក់​នៅ​ទីតាំង​ចំនួន​៣០ នៅ​ក្នុង​ទីក្រុង​បាងកក ខេត្ត​សា​មុត​ប្រា​កាន និង​ខេត្ត​អ៊ូ​ដ​ន​ថា​នី ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី TCSD ទទួល​បាន​ដីកាចាប់ខ្លួន​ចំនួន​១៤​ផ្សេង​គ្នា ប្រឆាំង​នឹង​ក្រុម​ឆបោក​ជនជាតិ​ចិន ដែល​ត្រូវ​ស្គាល់​ថា ក្រុម​ឆបោក​ស្នេហា ដោយ​ត្រូវ​បាន​ចោទប្រកាន់ រួម​នឹង​សហការី​ជនជាតិ​ថៃ​របស់​ពួក​គេ​ផង​ដែរ​។ ក្រុម​ឆបោក​ទាំងនោះ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ល្បួង​ស្ត្រី​ជនជាតិ​ថៃ​ជា​ច្រើន​នាក់​ឱ្យ​លង់​ស្នេហ៍​ក្រុម​ក្មេង​ទំនើង​ជនជាតិ​ចិន មុន​ពេល​ស្ត្រី​ទាំងនោះ ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល ឬ​គ្រីប​តូ ហើយ​ទីបំផុត​ស្ត្រី​ទាំងនោះ ចាញ់បោក​អស់ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

បើ​យោង​តាម​ប្រភព​ពី​ប៉ូលិស​បាន​អះអាង​ថា សហការី​ជនជាតិ​ថៃ​ម្នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​គឺជា តារា​ម៉ូ​ដែល​សិច​ស៊ី​ថៃ នាង Chakrina Chukhaosri ដែល​ត្រូវ​បាន​ស្គាល់ឈ្មោះ​សិ​ល្បះ​ថា «Kiki Maxim»​។ ប៉ូលិស​បាន​បន្ត​ថា នាង Chakrina និង​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ក្មេង​ទំនើង​ចិន​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ប៉ូលិស​បាន​រឹបអូស​ផ្ទះ​ជា​ច្រើន​ខ្នង និង​រថយន្ត​ស៊េរី​ទំនើប​ៗ ដែល​ទិញ​ដោយ​ទទួល​បាន​ផល​ចំណេញ​ក្នុង​ការ​ប៉ុនប៉ង​លាង​លុយខ្មៅ​។ នាង Chakrina បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូត​ដ៏​មាន​ប្រជាប្រិយភាព បន្ទាប់​ពី​ចូលរួម​ក្នុង​ការ​ប្រជែង​ដណ្តើម​មកុដ Miss Maxim Sexy Icon កាលពី​ឆ្នាំ ២០១៦​។

ទីតាំង​មួយ ដែល​បាន​វាយឆ្មក់ គឺ​នៅ​បុរី​លំនៅ​ឋាន​ដ៏​ប្រណីត​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ Krungthep Kreetha ក្នុង​សង្កាត់ Bang Kapi ទីក្រុង​បាងកក​។ នៅ​ទីនោះ មន្ត្រី​បាន​រឹបអូស​ផ្ទះ​ចំនួន​១២​ខ្នង ដែល​១​ខ្នង​មាន​តម្លៃ​៥០​លាន​បាត ដែល​ស្មើនឹង ១.៤​លាន​ដុល្លារ​។ ក្រុម​មន្ត្រី​ជំនាញ​បន្ត​ឆែកឆេរ​ទីតាំង​ចំនួន​៤​ផ្សេង​ទៀត នៅ​តំបន់​នោះ និង​រឹបអូស​បាន​ផ្ទះ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ផ្ទះ​ទាំងនោះ​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​ថា បាន​ទិញ​តាម​រយៈ​ក្រុមហ៊ុន​ច្បាប់​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។

ជា​លទ្ធផល ក្រុម​មន្ត្រី​ក៏​បាន​ឆ្មក់​ចូល​ក្រុមហ៊ុន​ច្បាប់​ខាងលើ ដើម្បី​ស្វែងរក​ភស្តុ​តាង​បន្ថែម​ទៀត ខណៈ​ដែល​ពួក​គេ​ជឿ​ថា វា​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​លាង​លុយខ្មៅ​ឱ្យ​ក្រុម​ក្មេង​ទំនើង​ជនជាតិ​ចិន​។ ក្រុមហ៊ុន​ច្បាប់​នេះ ក៏​ជាប់​សង្ស័យ​ថា បាន​ជួយ​ក្រុម​ក្មេង​ទំនើង​ចិន បើក​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​អ្នក​ឈរឈ្មោះ​ជា​ជនជាតិ​ថៃ​ផង​ដែរ​។

ប្រភព​ពី​ប៉ូលិស​បាន​និយាយ​ថា TCSD បាន​តាមដាន​ក្រុម​ក្មេង​ទំនើង​នេះ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​ស្ត្រី​ជនជាតិ​ថៃ​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ប្តឹង​ប៉ូលិស​ដោយ​និយាយ​ថា ពួក​គេ​បាន​បាត់បង់​ប្រាក់​ជា​ច្រើន បន្ទាប់​ពី​ត្រូវ​បាន​គេ​ល្បួង​ឱ្យ​មាន​ទំនាក់ទំនង​លើ​បុរស​ជនជាតិ​ចិន​មួយ​ចំនួន​។ ករណី​នេះ​បាន​កើតឡើង​ដំបូង នៅ​ពេល​ដែល​ជន​រង​គ្រោះ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ខេត្ត​សា​មុត​ប្រា​កាន​។

ប៉ូលិស​បាន​ហៅ​ការ​អនុវត្ត​នេះ​ថា ជា​ការ​ឆបោក​កូនកាត់ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ទាក់ទាញ​ឱ្យ​លង់​ស្នេហ៍​ក្រុម​ក្មេង​ទំនើង​ជនជាតិ​ចិន ហើយ​បន្ទាប់​មក​មិត្ត​ប្រុស​ពួក​នាង​បាន​លើកទឹកចិត្ត​ពួក​នាង​ឱ្យ​វិនិយោគ​លើ​ការ​ជួញដូរ​រូបិយប័ណ្ណ​គ្រីប​តូ​។ ប៉ូលិស​បាន​តាមដាន​រូបិយប័ណ្ណ​គ្រីប​តូ ដែល​ជន​រង​គ្រោះ​ទិញ​ចូល ហើយ​រក​ឃើញ​ថា លុយ​ទាំងនោះ​បាន​ជួញដូរ ឬ​ផ្លាស់​ប្តូរ​ដៃ​ជា​ច្រើន​ដង​មុន​នឹង​ប្តូរ​ជា​លុយ​បាត ហើយ​ពេល​នោះ​លុយ​បាត​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទិញ​ទ្រព្យសម្បត្តិ រួម​មាន​ទាំង​អចលនទ្រព្យ នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ក្បែរ​នោះ​ផង​ដែរ​៕ (​ប្រភព​ពី Nation Thailand)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ