វត្តសៅលីង ដែលមានប្រវត្តិសាស្ត្រយូរលុងមកហើយ នៅក្នុងប្រទេសចិននៅពេលនេះ គេឃើញមានលេចរូបរាងឡើងមួយកន្លែង នៅម្តុំខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង ។
ក្រៅពីអារ៉ាមដ៏ចំណាស់របស់ចិន បានបង្ហាញវត្តមាននៅកម្ពុជាហើយនោះ មជ្ឈមណ្ឌលវប្បធម៌វត្តសៅលីង ក៏ត្រូវបានបើកដំណើរការ នៅក្នុងបរិវេណវត្តនេះផងដែរ ។

ពិធីសម្ភោធមជ្ឈមណ្ឌលវប្បធម៌វត្តសៅលីងនៅកម្ពុជានេះ បានសម្ពោធនៅភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងវប្បធម៌ ទេសចរណ៍សាសនា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសចិន និងកម្ពុជា ។

ថ្លែងក្នុងពិធីនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក ប្រាក់ ផាន់ណារ៉ា បានអបអរសាទរចំពោះវត្តសៅលីង នៅក្នុងប្រទេសកម្ពុជាដែលបានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលនេះ ដោយសង្ឃឹមថា ទីនេះនឹងក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ នាពេលអនាគត ។
លោកបានបញ្ជាក់ថា «មជ្ឈមណ្ឌលនេះនឹងមិនត្រឹមតែក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងការអភិរក្សវប្បធម៌សៅលីង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការកសាងសហគមន៍កម្ពុជា-ចិនជាមួយអនាគតរួមផងដែរ» ។
កាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជា និងចិន ទើបតែបានរៀបចំព្រឹត្តិការណ៍បង្ហាញក្បាច់គុនសៅលីង និងល្បុក្កតោ យ៉ាងរស់រវើកនៅបរិវេណនៃទីបុរាណដ្ឋានអង្គរនៅទឹកដីសៀមរាប ៕

ចែករំលែកព័តមាននេះ