ស្រាវជ្រាវ ៖ លោករ៉ូប៊ើត ហ្គេត រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក បង្ហើបឱ្យដឹងថា ការចំណាយរបស់អាមេរិកក្នុងការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសលីប៊ី មានប្រហែល៧៥០លានដុល្លារ ចាប់តាំងពីចាប់ផ្តើមវាយប្រហាររហូតដល់ពេលបច្ចុប្បន្ន គឺច្រើនជាងការព្យាករណ៍ទុកពីលើកដំបូង ។ ក្រសួងការពារជាតិអាមេរិកបានព្យាករណ៍ការចំណាយនៅក្នុងប្រតិបត្តិការរបស់កងទ័ពអាមេរិកត្រឹមតែ៦០៤លានដុល្លារ ចាប់តាំងពីពេលចាប់ផ្តើមវាយប្រហារផ្នែកអាកាសក្នុងប្រទេសលីប៊ី តាំងពីថ្ងៃទី១៩ មីនា ដល់ថ្ងៃទី៤ មេសា ។
ចាប់តាំងពីខែមេសា រហូតមក សហរដ្ឋអាមេរិកបានសម្តែងឥរិយាបថក្នុងការគាំទ្រវាយប្រហារតាមផ្លូវអាកាស ដោយមានអង្គការសន្ធិសញ្ញាការពារអាត្លង់ទិកខាងជើង (NATO) ជាអ្នកនាំមុខដោយរៀបចំរថក្រោះ និងយន្តហោះស៊ើបការណ៍ ប៉ុន្តែមិនមែនជាយន្តហោះចម្បាំងនោះទេ ។ ចាប់តាំងពីថ្ងៃទី២១ មេសា កន្លងមក អាមេរិកបានរៀបចំយន្តហោះចម្បាំងគ្មានមនុស្សបើកបរចំនួន២គ្រឿង សម្រាប់ចូលរួមវាយប្រហារតាមផ្លូវអាកាសទៅលើកងទ័ពលោកមូអាម៉ា កាដាហ្វី ។ ទាក់ទិននឹងការកើនខ្ពស់ជាងការព្យាករណ៍ទុកក្នុងការវាយប្រហារលើកនេះ បច្ចុប្បន្នសហរដ្ឋអាមេរិកមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ