ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដាក់​​ដំណើរការ​«មហាវិថី​សំរោង»ប្រវែង​ជាង​៥​គីឡូម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​​

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មហាវិថីសំរោង ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ប្រវែង​ជាង​៥​គីឡូម៉ែត្រ ទទឹង​៣០​ម៉ែត្រ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​សម្រួល​​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ពិសេស…

រាជធានី​ភ្នំពេញ ​៖ មហាវិថីសំរោង ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ប្រវែង​ជាង​៥​គីឡូម៉ែត្រ ទទឹង​៣០​ម៉ែត្រ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​សម្រួល​​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ពិសេស ​សម្រួល​ចរាចរណ៍​មួយ​ផ្នែក​ធំ​នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​តែ​ម្តង​។

ពិធី​សម្ពោធ​នេះ​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិ​បាល​រាជធានី​ភ្នំពេញ តំណាង​អោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ មហាវិថី សំរោង​នេះ នឹង​ក្លាយជា​មុខមាត់​ថ្មី ក៏​ដូច​ជា​សរសៃឈាម​ដ៏​សំខាន់ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់ ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កាត់​តាម​បុរី​ភូមិ​សំរោង ដែល​បាន​ជួយ​សម្រួល​ដល់​ចរាចរណ៍ មួយ​ផ្នែក​ធំ​នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​។​

មហាវិថី​នេះ មាន​ប្រវែង​៥,២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ មក​កាន់​ផ្លូវ ១៣០​ត្រង់​ផ្លូវ ទំនប់​កប់​ស្រូវ​ដែល​ជា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ សម្រាប់​ប្រជាជន​នៅ​តំបន់​ព្រែក​ព្នៅ​ទៅ​កាន់​គ្រប់​បណ្តា​ខេត្ត​ទាំងអស់​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ ក្រុងព្រះសីហនុ​ផង​ដែរ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្ថាប​នា​ផ្លូវ​នេះ​ឡើង ដើម្បី​ទុក​អោយ​បងប្អូន​ប្រជា​ណ​ល​រដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​យូរអង្វែង ហើយ​ផ្លូវ​នេះ​ក៏​ជាស​សៃ​ឈាម​ដ៏​សំខាន់​ដែល​ធ្វើ​អោយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ភាគ​ខាងជើង​រាជ​ធានី​ភ្នំពេញ​មាន​ភាព​ធូរ​ធា​។

លោក​បន្ត​ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាំ​អោយ​ប្រទេស​ជាតិ​មាន​​សន្តិភាព ពេញ​ផ្ទៃ​ប្រទេស ដែល​បាន​ធ្វើ​អោយ អ្នក​វិនិយោគទុន​និង​ប្រជាពលរដ្ឋ​មាន​ភាព​រីក​រាយ​និង​ជឿ​ទុកចិត្ត ។​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​យ៉ាង​ល្អ​រវាង​វិស័យ​ឯកជន​និង​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​អោយ​កាន់តែ​រីក​ចំរើន​ឡើង​។

គួរ​បញ្ជាក់​ថា​៖ មហាវិថី សំរោង បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​២៦​ខែ តុលា ​ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​១០ ​ខែសីហា ឆ្នាំ​២០២៣​ប្រវែង​សរុប៥២០០​ម៉ែត្រ ទទឹង​ផ្លូវ​៣០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ៣​ស្រទាប់ កម្រាស់​សរុប​៨,២​តឹក ដែល​មានគន្លង​ឡាន​ម៉ូតូ៩​ម៉ែត្រ សួន​កណ្ដាល២​ម៉ែត្រ ផ្លូវ​ថ្មើរជើង៥​ម៉ែត្រ ។

ប្រ​ព័​ន្ឋ​លូ​២ សម្រាប់​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ប្រវែង ២០៤១២ ម៉ែត្រ​មុខកាត់​លូ​រំដោះ​ទឹកភ្លៀង​ទំហំ​១ ម៉ែត្រ មុខកាត់​លូ​រំដោះ​ទឹក​កខ្វក់​ទំហំ​១ ម៉ែត្រ មាន បង្គោល​ភ្លើង​ប្រភេទ​សូ​ឡា អម​ជុំវិញ​ផ្លូវ ចំនួន​៣៧៧​ដើម និង​ដាំ​ដើមឈើ​សរុប អម​សងខាង​ផ្លូវ និង​នៅ​ក្នុង​សួន​កណ្តាលផ្លូវ ចំនួន១៣៦៤​ដើម​៕

អត្ថបទសរសេរ ដោយ