រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យដឹងថា លោក SONG IN HOE ប្រធានក្រុមហ៊ុន KOKDONG នៃសាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះគឺទី១ ដើម្បីរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ទី២ ដើម្បីស្វែងយល់នូវដំបូន្មានពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់លោកមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការចូលរួមចំណែកក្នុងផែនការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
លោកអ៊ាង សុផល្លែត បានប្រាប់ឱ្យដឹងបែបនេះ នាព្រឹកថ្ងៃទី១២ ឧសភា នៅក្នុងឱកាសដែលលោកប្រធានក្រុមហ៊ុន KOKDONG និងប្រតិភូចូលជួបសម្តែងការគួរសម និងធ្វើសេចក្តីរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីសកម្មភាពដំណើរការរបស់ក្រុមហ៊ុនលោកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ ។
ទន្ទឹមនឹងនេះលោក SONG បានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនដ៏ធំមួយដែលធ្វើការងារផ្នែកសំណង់ និងវិស្វកម្ម។ ក្រុមហ៊ុនលោកធ្លាប់បានធ្វើការសិក្សាសាងសង់ប្រឡាយទឹក ផ្លូវ ស្ពាន ផ្លូវដែកគ្រប់ទីកន្លែងទាំងអស់ទូទាំងពិភពលោក ។ ហើយនៅពេលនេះ ក្រុមហ៊ុនរបស់លោកកំពុងតែមានវត្តមានធ្វើការសាងសង់នៅកម្ពុជា វៀតណាម និងម៉ាឡេស៊ី ។ អគារដែលខ្ពស់ជាងគេ និងល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ីក៏មានវត្តមានក្រុមហ៊ុនលោក មានចំណែកសាងសង់អគារនោះផងដែរ ។
ដោយឡែកនៅកម្ពុជា ក្រុមហ៊ុនរបស់លោកបានចូលរួមចំណែកសាងសង់ផ្លូវជាតិលេខ៣ ពីត្រពាំងល្ពៅមកកំពត សាងសង់ផ្លូវជុំវិញប្រាសាទអង្គរវត្តនៅសៀមរាប ហើយបានស្ថាបនាផ្លូវជាតិលេខ៣ ដែលកំណាត់ផ្លូវចម្ងាយ១៣០គីឡូម៉ែត្រនោះ បានបើកឱ្យប្រជាជនប្រើប្រាស់រួមជាមួយស្ពាន២៦ កាលពីមុនចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ ហើយនៅចុងខែនេះ ផ្លូវជាតិលេខ៣ នេះនឹងស្ថាបនាចប់សព្វគ្រប់ជាស្ថាពរដោយមានការគូសគំនូសតាមផ្លូវផងដែរ ។ នេះគឺជាការសាងសង់មួយដែលគោរពទៅតាមពេលវេលាដែលបានគ្រោងទុក ។
ស្ថិតក្នុងឱកាសនោះលោក SONG បានគោរពស្នើសុំការផ្តល់អនុសាសន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់លោកបានបន្តធ្វើការចូលរួមចំណែកជាមួយការអភិវឌ្ឍរបស់កម្ពុជាទៀត ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន KOKDONG ក្នុងការស្ថាបនាផ្លូវជាតិលេខ៣ បានទាន់ពេលវេលា និងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅពេលចូលឆ្នាំខ្មែរកន្លងមក។ ផ្លូវជាតិលេខ៣ គឺជាផ្លូវជាតិមួយមានសារសំខាន់ណាស់ ព្រោះខេត្តកំពត គឺជាខេត្តតែមួយគត់ដែលមានអំបិល បើពុំមានការស្ថាបនាផ្លូវជាតិនេះទេ ការចែកចាយអំបិលអាចជួបប្រទះនឹងបញ្ហា ដូចជាតម្លៃអំបិលជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាទោះបីជាមានការជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុពិភពលោកក្តី សង្គ្រាមឈ្លានពានពីប្រទេសថៃក្តី ក៏កម្ពុជានៅតែបន្តការយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រឡាយទឹកជូនប្រជាជនទៀតដែរ ។ ហើយកម្ពុជា ប្រឹងប្រែងធ្វើយ៉ាងណាស្វែងរកថវិកាពីកូរ៉េបន្ថែមទៀត ដើម្បីធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម ព្រោះជាកត្តាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផង ក៏ដូចជាការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ