ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋជាង៧០គ្រួសារ នៅភូមិសាមគ្គី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានចោទប្រកាន់ទៅលើក្រុមហ៊ុនមួយឈ្មោះបូណារីតា ថា បានរំលោភយកដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់តាំងពីឆ្នាំ២០០០ មកម៉្លេះ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជាប ជា ក្នុងចំណោមច្រើនគ្រួសារដែលតវ៉ានេះបានបញ្ជាក់ថា ដីនេះគាត់បានរស់នៅតាំងពីឆ្នាំ២០០០ មក ហើយដោយមិនមានបញ្ហា អ្វីទេ មានដាំ ដើមឈើហូបផ្លែមួយចំនួនធំ ដូចជាដើមស្វាយចន្ទី ហើយថ្មីៗនេះគាត់បានដាំដំឡូងមី ដាំពោត ស្រាប់តែនៅថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចក្នុងស្រុកមួយឈ្មោះបូណារីតា បានឱ្យមេការម្នាក់យកបង្គោលមកបោះនិងនាំគ្រឿងចក្រមកឈូសឆាយលើផ្ទៃដីរបស់គាត់ដែលបង្កឱ្យខូចខាតផលដំណាំ ទើបតែលូតលាស់ និងបានដុតផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងទៀតផង។ នៅព្រឹកថ្ងៃទី១០ ឧសភា នេះក្រុមហ៊ុនបានបន្តធ្វើការឈូសឆាយទៀត ដោយមិនមានអាជ្ញាធរដែនដីមកជួយអន្តរាគមន៍ដល់ពួកគាត់ទេ គឺឃើញតែប៉ូលិសប៉ុស្តិ៍ និងទាហានមកការពារឱ្យក្រុមហ៊ុនទៅវិញ។
ប្រជាពលរដ្ឋរូបនោះបន្តថា កន្លងមកពេលកាប់ និងដាំដំណាំគាត់ពុំឃើញខាងក្រុមហ៊ុនមកហាមឃាត់ទេ ដល់ពេលដំណាំលូតលាស់បានផលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ស្រាប់តែក្រុមហ៊ុនខាងលើមកឈូសឆាយដោយទុកឱ្យមួយគ្រួសារចម្ងាយពីថ្នល់ជាតិលេខ៧ ក្នុងទំហំក្បាល២០ម៉ែត្រ និងជម្រៅ៦០ម៉ែត្រប៉ុណ្ណោះ ។ គាត់បានបញ្ជាក់ថា បើសិនជាក្រុមហ៊ុននេះយកដីរបស់គាត់អស់នោះ តើគាត់សង្ឃឹមអ្វីបើសព្វថ្ងៃនេះគាត់ពឹងផ្អែកតែទៅលើដីនេះ សម្រាប់ធ្វើចំការប៉ុណ្ណោះ ។
អ្នកស្រីថាន់ សុវណ្ណា បានបញ្ជាក់ទាំងទឹកភ្នែកថា ករណីខាងលើនេះគាត់ និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ធ្លាប់បានដាក់ពាក្យបណ្តឹងទៅចៅសង្កាត់សាមគ្គី និងទៅក្រុមប្រឹក្សាក្រុង ខេត្តស្ទឹងត្រែង កាលពីអំឡុងខែមីនា ឆ្នាំ២០១១ ដើម្បីឱ្យជួយដោះស្រាយតែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយ ឬចំណាត់ការយា៉ងណានោះទេ ។ ប្រជាពលរដ្ឋសង្ឃឹមលើអាជ្ញាធរជាម៉ែឪ ចុះបើមិនមានការដោះស្រាយដោយគតិយុត្តិណាមួយសោះ តើប្រជាពលរដ្ឋរំពឹងទៅលើអ្វីវិញ ។
លោកញឹម បូណា ដែលជាប្រធានក្រុមហ៊ុនបូណារីតា បានបញ្ជាក់ថា ក្រុមហ៊ុននេះពីមុនជាក្រុមហ៊ុនរបស់គាត់ ហើយគាត់ចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ២០០៧ តែនៅដើមឆ្នាំ២០១១នេះគាត់បានផ្ទេរទៅឱ្យឈ្មោះពន្លឹ រស់នៅភ្នំពេញ។ ចំណែកលោកផឹក សុបិន អភិបាលក្រុងស្ទឹងត្រែង មិនអាចសុំធ្វើការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកហៅមិនចូលកាលពីថ្ងៃទី១១ ឧសភា៕
ចែករំលែកព័តមាននេះ