ខេត្តមណ្ឌលគិរី ៖ រថយន្តតូចធំគ្រប់ខ្នាតរាប់រយគ្រឿងបានកកស្ទះពេញបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវស្រុតអូរងើយ ខណៈផ្លូវវាងថ្មីមិនអាចធ្វើចរាចរណ៍បាន ក្រោយមានបញ្ហាអាកាសធាតុភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យបែកភក់ផុងរថយន្ត ជាប់ស្អិតទៅមុខមិនរួច ថយក្រោយក៏មិនរួច ខ្លះទៀតដេកនៅនឹងផ្លូវអស់ពីរបីយប់ក៏មានដែរ។

បញ្ហាកកស្ទះរថយន្តទៅណាមិនរួចរាប់រយគ្រឿងនៅចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ពីរបីថ្ងៃកន្លងទៅនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យ និងបញ្ជាដោយផ្ទាល់ ក្រុមគ្រឿងចក្រឲ្យឈូសឆាយកាយដីនៅចំណុចបាក់ស្រុតឡើងវិញ ដើម្បីឲ្យរថយន្តខ្នាតតូចលក្ខណៈគ្រួសារ រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញខ្នាតតូច អាចធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបាន ចៀសវាងការជាប់គាំងរថយន្តអូសបន្លាយពេលវេលា នាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន។
អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា «ដោយសារតែផ្លូវវាងជាប្រភេទដីព្រៃ ទើបឈូសឆាយថ្មី នៅពេលមានភ្លៀងធ្លាក់ បណ្តាលឲ្យបែកភក់ខ្លាំង ទោះបីជាប្រើថ្មចាក់ក្រាលជាច្រើនយ៉ាងណា ក៏មិនអាចជួយការធ្វើដំណើរឆ្លងកាត់បានឡើយ។ ដូច្នេះដើម្បីសម្រាយបញ្ហាកកស្ទះ មានវិធីតែម្យ៉ាងគត់ គឺប្រើគ្រឿងចក្រកាយ និងឈូសដីចំណីផ្លូវកន្លែងបាក់ស្រុត ដាក់ដីថ្មីបង្ហាប់ក្រាលថ្មកិន ទើបអាចឲ្យរថយន្តតូចៗឆ្លងម្តងបួនដប់គ្រឿងបាន តែមិនអាចប្រជ្រៀតគ្នាបានឡើយ» ។

ឯកឧត្តម ថង សាវុន បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវនៅប្រចាំការជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដ្បិតនៅពេលនេះបងប្អូនមួយចំនួនហាក់មិនស្តាប់តាមការណែនាំរបស់ក្រុមការងារ ដែលនៅទីតាំងជួសជុលផ្លូវទេ ព្រោះតែគាត់សំអាតលើការប្រញាប់ ចេះតែត្បុលរុលទៅមុខ បង្កឱ្យមានការរំខានដល់សកម្មភាពក្រុមការងារគ្រឿងចក្រ មិនអាចធ្វើការរបស់ខ្លួនពេញដៃពេញជើងបាន។

ទោះជាយ៉ាងណា អាជ្ញាធរខេត្តមណ្ឌលគិរី មិនអាចបញ្ជាក់អំពីការបើកដំណើរការផ្លូវវាង ឬផ្លូវចាស់ដែលខូចខាតនៅពេលណានោះទេ ដោយសារតែរដូវនេះភ្លៀងធ្លាក់មិនឈប់ (តំបន់ព្រៃក្រាស់) រាំងស្ទះការងារគ្រឿងចក្រមិនអាចធ្វើអស់លទ្ធភាព។ ម្យ៉ាងគម្រោងថវិការបស់ថ្នាក់ជាតិ ក៏មិនទាន់ច្បាស់១០០% ធ្វើផ្លូវវាងថ្មីទុកប្រើអចិន្ត្រៃយ៍ ឬជុសជុលផ្លូវខូចឡើងវិញ។ ប៉ុន្តែសម្រាប់ការធ្វើដំណើររបស់បងប្អូន ដឹកជញ្ជូនទំនិញ ប្រកបកិច្ចការងារជួញដូររបររកស៊ី ឬទៅបំពេញកិច្ចការងារអ្វីមួយ មិនចាំបាច់ធ្វើដំណើរតាមផ្លូវវាងខេត្តរតនគិរី ស្ទឹងត្រែងទេ ព្រោះក្រុមការងារខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានដាក់ប្រចាំជាប់នៅទីនោះ ជួយសម្រួលការធ្វើដំណើររបស់បងប្អូន គ្រាន់តែត្រូវរង់ចាំចេញម្តងម្នាក់ នៅពេលមានភ្លៀងធ្លាក់៕





ចែករំលែកព័តមាននេះ