ខេត្តក្រចេះ ៖ កាលពីរសៀលថ្ងៃទី៨ ឧសភា ឆ្នាំ២០១១ លោកទេសរដ្ឋមន្ត្រីអ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគិរី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាពុទ្ធិកវិទ្យាល័យអ៊ឹម ឈុនលឹម ក្រចេះ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០១១-២០១២ ដោយមានការចូលរួមពីសមាជិកខ្លះនៃរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ កម្លាំងប្រដាប់អាវុធ អភិបាលស្រុក មេឃុំ សមាជិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី យុវជនកាកបាទក្រហម កាយឫទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ៩០០នាក់។
ក្រោយពីមានមតិស្វាគមន៍របស់លោកប្រធានមន្ទីរធម្មការ និងសាសនារួចមក ព្រះវិន័យមេធាបវរ ជន ស៊ីអ៊ឹម ព្រះបាឡាត់ គណខេត្តក្រចេះ បានឡើងអានរបាយការណ៍ស្តីពីការសាងសងអគារសិក្សាពុទ្ធិកវិទ្យាល័យអ៊ឹម ឈុនលឹមក្រចេះ ឱ្យដឹងថា យោងប្រកាសលេខ ១០៤/១១ កធស.ប្រក ចុះថ្ងៃទី២១ មេសា ឆ្នាំ២០១១ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការអនុញ្ញាតឱ្យបង្កើតពុទ្ធិកវិទ្យាល័យអ៊ឹម ឈុនលឹមក្រចេះ ។ ដោយអនុវត្តតាមប្រកាសខាងលើ លោកទេសរដ្ឋមន្ត្រីបានឱ្យរៀបចំជួសជុលអគារទ្រុឌទ្រោម១កន្លែង នៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ព្រមទាំងបំពាក់សម្ភារបរិក្ខារ សរុបថវិកាអស់ចំនួន១៦.០០០ដុល្លារ។
ថ្លែងនៅក្នុងពិធី លោកទេសរដ្ឋមន្ត្រីអ៊ឹម ឈុនលឹម បានបញ្ជាក់ថា ការដាក់សម្ពោធអគារសិក្សាពុទ្ធិកវិទ្យាល័យក្នុងថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលជួយសម្រួលដល់សមណសិស្សទាំងនៅខេត្តក្រចេះផង និងនៅខេត្តជាប់នឹងខេត្តក្រចេះផង ពិសេសបណ្តាខេត្តនៅភូមិភាគឦសាន ដែលអាចចូលរៀនដោយមិនបាច់និមន្តទៅសិក្សានៅតំបន់ឆ្ងាយ និងក៏ជួយលើកកម្ពស់ពុទ្ធិកមធ្យមសិក្សាថែមមួយកម្រិតទៀតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបនឹងសំណូមពរនៃការរីកចម្រើនយ៉ាងធំធេងនៃវិស័យពុទ្ធសាសនានៅក្នុងខេត្តក្រចេះ ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ពុទ្ធិកសិក្សាជាប្រព័ន្ធអប់រំសម្រាប់បព្វជិត ឬអ្នកបួសក្នុងពុទ្ធសាសនា ដែលត្រូវគ្រប់គ្រងដោយព្រះសង្ឃ ហើយក៏ជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលដោយទាញយកទ្រឹស្តីព្រះពុទ្ធសាសនា និងផ្តោតទៅលើការប្រតិបត្តិធម៌វិន័យ ជាអាទិភាព ក្នុងគោលបំណងអប់រំព្រះសង្ឃ ឱ្យគេចផុតពីអនក្ខរភាព អប់រំ ព្រះសង្ឃឱ្យមានទ្រឹស្តីខាងពុទ្ធសាសនា ពង្រឹងការប្រតិបត្តិរបស់ព្រះសង្ឃឱ្យមានប្រសិទ្ធភាព ពង្រឹងតួនាទីព្រះសង្ឃក្នុងការដឹកនាំវត្តអារាម និងផ្តល់ជំនាញ និងទេពកោសល្យក្នុងការសរសេរនិងសម្តែង និងការស្រាវជ្រាវព្រះធម៌ ។ ក្រៅពីនេះ ក៏មានបន្ថែមមុខវិជ្ជាផ្លូវលោក ដូចក្រសួងអប់រំ យុវជន និងកីឡាដែរ ។ ចំពោះការបញ្ចូលមុខវិជ្ជាផ្លូវលោកមានគោលបំណងចង់ឱ្យព្រះសង្ឃយល់ដឹងពីចំណេះដឹងទូទៅ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីព្រះពុទ្ធសាសនាក្នុងជីវភាពសង្គមជាក់ស្តែង។
លោកទេសរដ្ឋមន្ត្រីបានបន្តបន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នយោបាយ ព្រមទាំងអភិវឌ្ឍនូវអ្វីៗគ្រប់យ៉ាងទៀតដើម្បីសង្គម ។ បើយើងខ្វះធនធានក្នុងមុខវិជ្ជាទាំងនោះហើយ ការអភិវឌ្ឍក៏ពុំបានសម្រេចជោគជ័យដែរ ឬអាចនិយាយបានថា ពុទ្ធចក្រត្រូវផ្សារភ្ជាប់នឹងអាណាចក្រ ៕
ចែករំលែកព័តមាននេះ