ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយអាយុ​៧០​ឆ្នាំត្រូវ​អារក្ខ​បបួល​លោត​​ចូល​​អណ្តូង​មាន​​ទឹក​ជម្រៅ​​៥​ម៉ែត្រ​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​យាយ​​មួយ​រូប​ទំនង​មក​ពី​ការ​ដិត​ដាម​ក្នុង​ជំនឿ​អរូបី​ជ្រុល​ពេក​ទើប​គាត់​ទៅ​លោត​ចូល​អណ្តូង​ទឹក ​(អណ្តូង​លូ​) ដែល​មាន​ជម្រៅ​​១២​ម៉ែត្រ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​​រួម​គ្នា​រក​មធ្យោ​បាយ​ជួយ​ស្រង់​ពី​បាត​អណ្តូង​វិញ​។ ការ​សង្គ្រោះ​បាន​ចំណាយពេល​ដល់​ទៅ​៤០​នាទី​ទើប​ស្រង់​លោក​យាយ​នោះ​បាន​

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​យាយ​​មួយ​រូប​ទំនង​មក​ពី​ការ​ដិត​ដាម​ក្នុង​ជំនឿ​អរូបី​ជ្រុល​ពេក​ទើប​គាត់​ទៅ​លោត​ចូល​អណ្តូង​ទឹក ​(អណ្តូង​លូ​) ដែល​មាន​ជម្រៅ​​១២​ម៉ែត្រ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​​រួម​គ្នា​រក​មធ្យោ​បាយ​ជួយ​ស្រង់​ពី​បាត​អណ្តូង​វិញ​។ ការ​សង្គ្រោះ​បាន​ចំណាយពេល​ដល់​ទៅ​៤០​នាទី​ទើប​ស្រង់​លោក​យាយ​នោះ​បាន​។

អ្វី​ដែល​ធ្វើ​ឱ្យ​ចម្លែក​ និង​ចាត់​ទុក​ថា​ សំណាង​ដ៏​កំរ​ គឺ​លោក​យាយ​រូប​នោះ​មិន​រង​របួស​អ្វី​ឡើយ​ក្រៅ​តែ​ពី​របក​កែង​ដៃ​ និង​កែង​ជើង​បនិ្តច​បន្តួច​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​នោះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​១១ ឧសភា នៅ​មុខ​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ភូមិ​ក្តី​ត្នោត​ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ​។ អណ្តូង​ទឹក​ដែល​ស្ត្រី​រូប​នោះ​​លោត​ចូល​គឺ​ជា​អណ្តូង​លូ​សីុម៉ង់ត៍​មាន​ជម្រៅ​១២​ម៉ែត្រ​ មាន​ទទឹង​លូ​១​ម៉ែត្រ​ និង​មាន​ទឹក​ជម្រៅ​៥​ម៉ែត្រ​។

បើ​តាម​កូន​ស្រី​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ថា និង​ម្នាក់​ទៀត​ឈ្មោះ​ធី ​ឱ្យ​ដឹង​ថា ​​ម្តាយ​ពួកគាត់​ឈ្មោះ​ម៉ៅ ផាត់ អាយុ​៧០​ឆ្នាំ ​មាន​ជំងឺ​សរ​សៃ​ប្រសាទ​ជាង​១០​ឆ្នាំ​មក​ហើយ​។ មុន​ពេល​កើត​ហេតុ​​ប្រមាណ​៤​ទៅ​៥​ថ្ងៃ​ ​​​ម្តាយពួក​គាត់​និយាយ​ប្រាប់​ថា «កូន​អើយ​អីវ៉ាន់​យើង​គេ​យក​ដាក់​ចូល​អណ្តូង​ទឹក​អស់​ហើយ​»។ ការ​និយាយ​បែប​នេះ​​​ពួក​គាត់​ជា​កូន​ៗ​ពុំ​ចាប់​អារម្មណ៍​អ្វីទេ ព្រោះ​យល់​ថា ម្តាយ​មាន​ជំងឺ​សរ​សៃ​ប្រសាទ​តែង​តែ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​បែប​នេះ​​​។

កូនៗ​ទាំង​ពីរ​នាក់​បន្ត​ថា ​ពួក​គាត់​មិន​បាន​ឃើញ​ម្តាយ​ទៅ​លោត​ចូល​អណ្តូង​ទឹក​ដោយ​វិធី​ណា​ទេ តែ​ឮសម្លេង​ចេញ​ពី​ក្នុង​អណ្តូង​ដូច​មាន​អ្វី​ធ្លាក់​ចូល​។ ភ្លាម​នោះ​នាំ​គ្នា​ស្ទុះ​ទៅ​អើត​មើល​ស្រាប់​តែ​ភ្ញាក់​ផ្អើល​​ ព្រោះ​ឃើញ​ម្តាយ​ធ្លាក់​ចូល​អណ្តូង​ទឹក​យ៉ាង​ជ្រៅ ហើយ​​ឃើញ​គាត់​ហែល​តោង​ទុយោ​ទឹក​ពណ៌​ខៀវ​ប៉ុន​ក​ដៃ​ក្មេង​ដែល​​ដាក់​សម្រាប់​បូម​ទឹក​។ ពួក​គាត់​ស្រែក​ហៅ​ឱ្យ​អ្នក​ជិត​ខាង​ជួយ​ ហើយ​ក៏​ផ្អើល​មនុស្ស​ស្ទើរ​តែ​មួយ​ភូមិ​មក​ជួយ​។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា កម្មករ​ធ្វើ​​ចង្ក្រាន​ដែល​នៅ​ក្បែរ​នោះ​ឈ្មោះយីង បាន​សម្រូត​ចុះ​តាម​ខ្សែ​ពួរ​ លុះ​ចុះ​ដល់​ទឹក​ហើយ​យក​ខ្សែ​ចង​ធ្វើ​ជា​​រង្វង់ឱ្យ​ម្តាយពួក​​គាត់​ចូល​ជិះ​ក្នុង​នោះ ហើយ​ដៃ​ទាំង​ពីរ​តោង​ខ្សែពួរ ដើម្បី​យោង​គាត់​ឡើង​លើ។ វិធី​នេះ​ធ្វើ​មិន​បាន​សម្រេច​ទេ ហើយ​​​ស្ទើរ​តែ​មាន​គ្រោះ​ថ្នាក់​ថែម​ទៀត​ គឺ​ពេល​យោងម្តាយ​ពួក​​គាត់​ដល់​ពាក់​កណ្តាល​អណ្តូង​ស្រាប់​តែ​គាត់​របូត​ដៃ​ធ្លាក់​ចូល​អណ្តូង​វិញ​ ប៉ុន្តែសំណាង​ល្អ​មិន​ធ្លាក់​ត្រូវ​ចំ​អ្នក​នៅ​ខាង​ក្រោម​ឡើយ​ ។ ដូច្នេះ​ហើយ​បាន​​ប្តូរ​វិធី​សង្គ្រោះ​ដោយ​ឱ្យ​កម្មករ​ដែល​ចុះ​ទៅ​ក្នុង​អណ្តូង​​ឡើង​មក​លើ​ប្តូរ​ម្នាក់​ទៀត​ឈ្មោះ​ភាស់​ជួយ​វិញ​។ ពេល​ឈ្មោះ​ភាស់​​​ចុះ​ដល់​បាតអណ្តូង​ហើយ​យក​អង្រឹងនី​ឡុង​ចង​ធ្វើ​ជា​ថ្នក់​ឱ្យ​ម្តាយ​ពួក​គាត់​អង្គុយ​ចំប្រឡោះ​កណ្តាល ព្រម​ទាំង​​យក​ក្រមា​ចំនួន​២​ទៀត​ចង​ព័ទ្ធ​ជុំ​វិញ​មិន​ឱ្យ​ធ្លាក់​ ទើប​ទាញ​យក​គាត់​មក​លើ​បាន​សម្រេច​។

លោក​យាយ​រូប​នោះ​ពេល​យោង​​មក​ដល់​លើ​ ហើយ​ត្រូវ​កូនៗ និង​អ្នក​ជិត​ខាង​ជួយ​ប្តូរ​សម្លៀក​បំពាក់​ចេញ​ រួច​ហើយ​យក​ទៅ​លំនៅ​ឋាន និង​​ហៅ​គ្រូ​ពេទ្យ​មក​ដាក់​សេរ៉ូមឱ្យ​គាត់​​។ ក្រោយ​ពី​​ដាក់​សេរ៉ូម​មាន​កម្លាំង​បន្តិចមក​លោក​យាយ​ម៉ៅ ផាត់ ប្រឹង​និយាយ​​ទៅ​កាន់​កូនៗ និង​អ្នក​ជិត​ខាង​ថា មាន​​បុរស​មាឌ​ធំ​ដំបង​ សំបុរ​ខ្មៅ​ម្នាក់នាំ​គាត់​ទៅ​ដល់​មាត់​អណ្តូង ហើយ​ប្រាប់​ឱ្យ​គាត់​ចុះ​ទៅ​យក​អីវ៉ាន់​ក្នុងនោះ​ទើប​គាត់​ចុះ​ទៅ​ ។ គាត់​មិន​ដឹង​ខ្លួន​ថា​ចុះ​ ឬ​ហក់​ចូល​ដោយ​វិធី​ណា​ទេ​ ស្រាប់​តែ​​ដឹង​ខ្លួន​ឡើង​​គឺ​នៅ ក្នុង​ទឹក​អណ្តូង​បាត់​ទៅ​ហើយ​។
ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្បែរ​នោះ​មិន​ជឿ​ហេតុ​ផល​ដែល​លោក​យាយ​ម៉ៅ ផាត់ និយាយ​​ទេ ព្រោះ​គាត់​មាន​ជំងឺ​សរ​សៃ​ប្រសាទ​​១៥​ឆ្នាំមក​​ហើយរស់​នៅ​​ក្រោម​ការ​ថែ​ទាំ​របស់​កូនៗ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​​ ៕