ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​​ឡើងវិញ​​ពីលទ្ធភាព​សាង​សង់​​ទំនប់​​វារីអគ្គិសនី​នៅលើ​​ដងទន្លេ​មេគង្គ

14 ឆ្នាំ មុន

ទីក្រុង​គ្លង់ ប្រទេស​ស្វ៊ីស ៖ អង្គការ​WWF ​បាន​ស្នើ​​យ៉ាងទទូច​ថា បណ្តា​ក្រុម​ហ៊ុន​ដែល​មាន​បំណង​ចូលរួម​​​​ដេញ​ថ្លៃ​យក​ការ​សិក្សា​​វាយ​តម្លៃ​​ឡើង​វិញ​មួយ​លើ​ការសាង​សង់​​ទំនប់​​វារីអគ្គិសនី​​ សាយ៉ាបូរី ​ដែល​គេ​បាន​​ស្នើ​ឡើង​នៅលើ​ដង​​ទន្លេ​​​​មេគង្គ​​​ក្រោម ​ត្រូវ​​តែ​បង្ហាញ​​ឆន្ទៈ​​អនុវត្ត​បច្ចេកទេស​សិក្សា និង​វាយ​តម្លៃ​ដែល​មាន​លក្ខណៈ​​ស្តង់​ដា​​ត្រឹម​ត្រូវ​​

ទីក្រុង​គ្លង់ ប្រទេស​ស្វ៊ីស ៖ អង្គការ​WWF  ​បាន​ស្នើ​​យ៉ាងទទូច​ថា បណ្តា​ក្រុម​ហ៊ុន​ដែល​មាន​បំណង​ចូលរួម​​​​ដេញ​ថ្លៃ​យក​ការ​សិក្សា​​វាយ​តម្លៃ​​ឡើង​វិញ​មួយ​លើ​ការសាង​សង់​​ទំនប់​​វារីអគ្គិសនី​​ សាយ៉ាបូរី ​ដែល​គេ​បាន​​ស្នើ​ឡើង​នៅលើ​ដង​​ទន្លេ​​​​មេគង្គ​​​ក្រោម ​ត្រូវ​​តែ​បង្ហាញ​​ឆន្ទៈ​​អនុវត្ត​បច្ចេកទេស​សិក្សា និង​វាយ​តម្លៃ​ដែល​មាន​លក្ខណៈ​​ស្តង់​ដា​​ត្រឹម​ត្រូវ​​អនុលោម​តាម​គោល​​ការណ៍​នៅ​ក្នុង​​វិស័យ​វារីអគ្គិសនី​ ។

អង្គការ​ WWF បាន​ស្នើ​ឡើង​យ៉ាង​ទទូច​ដូច្នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​​គណៈ​កម្មការ​ទន្លេ​​មេគង្គ​​​បាន​សម្រេច​​ចិត្ត​ពន្យារ​​ការ​​សម្រេច​ចិត្ត​លើ​ការ​សាង​សង់​​ទំនប់​វារីអគ្គិសនី​​​សាយ៉ាបូរី ដោយ​​​ផ្អែក​​​លើ​ការ​​ផ្តល់​​​យោបល់​​រិះគន់​​ពីសំណាក់​​​ក្រុម​​អ្នក​ជំនាញ​​ផ្នែក​​បរិស្ថាន​​នៃ​ប្រទេស​​​កម្ពុជា វៀតណាម ​និង​ថៃ ផ្អែក​លើ​ក្តីបារម្ភ​​​នានា​របស់​​​ប្រជាជន​សហគមន៍​​ និង​ផ្អែក​​លើភស្តុតាង​ជា​​ច្រើន​​ដែល​​បង្ហាញ​​​ពីកង្វះ​​ខាតព័ត៌​មាន​ចាំបាច់​​ស្តីអំពី​​ហេតុ​​ផល​ប៉ះពាល់​​សំខាន់​ៗ​​​អាច​កើត​ចេញ​ពីការ​សាង​សង់​ ក៏ដូចជា​​ដំណើរ​ការ​ទំនប់ ។ ហេតុ​​ប៉ះពាល់​​ទាំង​នេះ​អាច​បង្ក​​ជា​ផល​វិបាក​​ធ្ងន់​ធ្ងរ​​ដល់​ការ​​ផ្គត់​ផ្គង់​​​ស្បៀង និង​​ការ​ចិញ្ចឹម​​​ជីវិត​​របស់​ប្រជាជន​រាប់​សិប​លាន​នាក់​ ។

លោក​​បណ្ឌិត Jian hua Meng  អ្នក​​ឯក​​ទេស​ផ្នែក​និរន្ត​រភាព​វារីអគ្គិសនី​​នៃអង្គការ​ WWF ​អន្តរជាតិ​ និយាយថា ​៖ « បើ​និយាយ​​ឱ្យ​​ត្រង់​​ទៅ​ ការ​​ចង​ក្រង​​ព័ត៌​មាន​ស្តីអំពី​​ការ​សិក្សា​ និង​វាយ​​តម្លៃ​​​ទំនប់​​​សាយ៉ាបូរី​លើក​មុន​ មិន​ត្រូវ​​បាន​​គេ​អនុវត្ត​តាម​​បច្ចេកទេស​ស្តង់​ដា​​ជា​អន្តរជាតិ​ឡើយ ហើយ​វា​ឆ្លុះ​បញ្ចាំង​​ពីភាព​កំសោយ​របស់​ក្រុម​ហ៊ុន​​ដែល​ពាក់​ព័ន្ធ​នោះ » ។

លោក​បន្ត​ថា ៖«អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​​មក​ហើយ អង្គការ​ WWF បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​ដៃគូ ក្នុង​វិស័យ​វារីអគ្គិសនី​​​អន្តរជាតិ​សំដៅ​​លើ​កកម្ពស់​​ស្តង់​ដា​និរន្តរភាព ហើយ​យើង​ស្គាល់​​ថា​អ្វី​ទៅជា​​បច្ចេកទេស​ និង​បទ​ដ្ឋាន​ស្តង់​ដា ​ដែល​​មាន​នៅ​ក្នុង​យុគសម័យ​​​បច្ចុប្បន្ន ហើយ​វា​ច្បាស់​​ណាស់​ថា​ករណី​នៃ​ការ​សិក្សា​ និង​វាយ​តម្លៃ​ទំនប់​មួយ​នេះ នឹងអាច​បង្ក​ហេតុ​ប៉ះពាល់​​អវិជ្ជ​មាន​​ជាច្រើន » ។

ដោយ​មានការ​​សម្រប​សម្រួល​ពីអង្គការ​ WorldFish និង​ដោយ​មាន​ការ​ចូល​រួម​ពីអង្គការ​​ស្បៀង​ និង​កសិកម្ម​​នៃ​​សហប្រជាជាតិ​ (FAO) និងអង្គការ​ WWF ​គេ​បាន​​ឱ្យ​មាន​ការ​ពិនិត្យ​​មើល​​សាឡើងវិញ​​​មួយ​លើ​លទ្ធផល​​​នៃការ​សិក្សា​​ពី​លទ្ធភាព​សាង​សង់​ទំនប់​ និង​លើការ​វាយ​តម្លៃ​ហេតុ​​ប៉ះពាល់​​​បរិស្ថាន​ ហើយ​រក​ឃើញ​​ថា​មាន​​​កំហុស និង​​កង្វះ​ខាត​​ព័ត៌​មាន​​​ជាច្រើន​ ដែល​​នាំ​​ឱ្យ​គេធ្វើ​ការ​សន្និដ្ឋាន​ថា ការ​វាយ​​តម្លៃ​​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន​​​​សម្រាប់​​ការ​សាង​សង់​ទំនប់​​សាយ៉ា​បូរី​ ដែល​​គេ​បាន​ស្នើ​​ឡើង​នេះ មិន​មាន​​​លក្ខណៈ​​ស្តង់​ដា​​​​ត្រឹម​ត្រូវ​​ឡើយ ។​

ជាធម្មតា​ រាល់​ការ​វាយ​តម្លៃ​​ហេតុ​ប៉ះពាល់​​ទាំង​អស់​​​ត្រូវ​​ផ្តោត​​លើ​​តំបន់​​​ប៉ែក​ខាង​លើ និង​ប៉ែក​​ខាង​​ក្រោម​​ទន្លេ​​នៅ​ក្នុង​តំបន់​គ្រោង​​សាង​សង់​ ។ ដោយ​ឡែក​ ការ​វាយ​​តម្លៃ​​ហេតុ​ប៉ះ​​ពាល់​​​បរិស្ថាន​​នៃទំនប់​​​សាយ៉ាបូរី មិន​បាន​ផ្តោត​តំបន់​​អាង​​ទន្លេ​​ប៉ែក​ខាង​​លើ​ទេ គឺគ្រាន់​តែ​ធ្វើ​កិច្ច​ការ​​នោះ​​នៅ​ក្នុង​​តែរង្វង់​​ផ្ទៃ​១ភាគ៣​​​នៃ​តំបន់​​គ្រោង​​សាង​សង់​ប៉ុណ្ណោះ​ ហើយ​មិន​បាន​​ផ្តោត​​ការ​យក​ចិត្ត​ទុកដាក់​​លើ​​​ហេតុ​ប៉ះ​ពាល់​​ដែល​អាច​កើត​មាន​ក្រៅ​បរិវេណ​​ចម្ងាយ​​២គីឡូ​ម៉ែត្រ​នៅ​ប៉ែក​ខាង​​ក្រោម​​ទំនប់ ។

ពាក់ព័ន្ធ​​​នឹង​ជលផល​​ អង្គការ​ WWF មាន​​ក្តី​បារម្ភ​​ចម្បង​មួយ គឺ​ការ​វាយ​តម្លៃ​​ហេតុ​ប៉ះ​ពាល់​​បាន​​មើល​រំលង​លទ្ធផល​ការ​សិក្សា​មុនៗ​​ជា​ច្រើន​ ហើយ​ផ្អែក​ទាំង​ស្រុង​លើការ​ប្រមូល​សំណាក​ជីវ​ចម្រុះ​​តិចតួច ពោលគឺ​មាន​ចំនួន​តិចជាង​១ភាគ​៣​​ ពីក្នុង​តំបន់​គ្រោង​សាង​សង់ ។​ ក្នុង​ចំណោម​​ត្រី​ប្រភេទ​ធ្វើ​ចរាចរ​​ដែល​គេ​បាន​​ចង​ក្រង​​ទុក​ក្នុង​ឆ្នាំ​១៩៩៤​ មាន​តែចំនួន​​​៥​ប្រភេទ​ប៉ុណ្ណោះ​ ដែល​គេ​បាន​បញ្ចូល​​​ក្នុង​ការ​វាយ​តម្លៃ​​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន​ ។ ក្នុង​ចំណោម​​ការ​សិក្សា​មុនៗ​​អំពី​ចរាចរ​ត្រី​នៅ​ក្នុង​តំបន់​អាង​​ទន្លេ​ មេគង្គ​ចំនួន​ជាង​​២៨​ មាន​៣​ប៉ុណ្ណោះ​ ដែល​​ត្រូវ​​បាន​​គេ​យក​មក​ធ្វើ​ឯក​សារ​យោង​​ក្នុង​ការ​វាយ​តម្លៃ​​ហេតុ​ប៉ះ​ពាល់​បរិស្ថាន ។ ផ្ទុយ​មក​វិញ​ ការ​សិក្សា​​ថ្មី​ៗ​កន្លង​មក​នេះ​បាន​​បង្ហាញ​​ថា មាន​​ត្រីចំនួន​​២២៩ប្រភេទ​​ ដែល​ត្រូវ​​ការ​​ទី​ជម្រក​​នៅ​ប៉ែក​ខាង​​លើ​ដង​​ទន្លេ​​នៃ​តំបន់​​គ្រោង​សាង​សង់​ទំនប់​​សម្រាប់​​ធ្វើ​ការ​​ពងកូន និង​រស់​​នៅ​ពេល​​រដូវ​ទឹក​​ស្រក ។  ក្នុង​ចំណោម​ប្រភេទ​​​ត្រីទាំង​​នេះ​ មាន​​ត្រីចំនួន​​៧០ប្រភេទ​ ត្រូវ​បាន​គេ​​ចាត់​ថ្នាក់​​ជា​​ប្រភេទ​ត្រី​​ធ្វើ​ចរាចរ​ឡើង​ចុះ ។

លទ្ធផល​​នៃ​ការ​​ពិនិត្យ​សាឡើង​វិញ​ក៏​បាន​​បង្ហាញ​​ដែរថា គំរូ​ផ្លូវ​សម្រាប់​​ត្រី​ឆ្លង​កាត់​​ដែល​​គម្រោង​សាង​សង់​​ទំនប់​បាន​ស្នើ​ឡើង មើល​រំលង​នូវ​គោល​ការណ៍​បទដ្ឋាន ​ខ្វះ​ខាត​ព័ត៌​មាន​​​សំខាន់ៗ​​រួម​មាន​​ស្តីពី​​​ប្រភេទ​ត្រី​ ដែល​គេ​តម្រូវ​​​​ឱ្យ​ឆ្លង​កាត់​ ហើយ​គំរូ​កសាង​​ទីជម្រាល ​និង​ច្រក​​ចរាចរជាដំណាក់ៗ​ ដែល​សូម្បី​​តែត្រី​សាល​មុន (Salmon) ជា​ប្រភេទ​​មាន​​សមត្ថ​ភាព​​ហែល​ខ្លាំង​​ និង​​​លោត​ខ្ពស់​ជាង​ប្រភេទ​​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ​​នោះ ក៏ពិបាក​នឹង​ហែល​ឆ្លង​​ដែរ ។

កំណត់​​សម្គាល់​​សំខាន់ៗ​ដែល​អ្នក​ធ្វើ​ការ​សិក្សា​​ និង​វាយ​តម្លៃ​ទំនប់​គួរដឹង ស្រប​ពេល​ដែល​មាន​ការ​ស្នើ​យ៉ាងទទូច​​ឱ្យ​មាន​​ការ​សិក្សា និង​ការ​វាយ​តម្លៃ​​​ហេតុ​ប៉ះពាល់​​​​ថ្មី​​ត្រូវ​តែគោរព​​តាម​លក្ខខណ្ឌ​​​ស្តង់​ដា​បច្ចេកទេស​​អន្តរជាតិ​ អង្គការ​ WWF ​បាន​លើក​យក​ឧទាហរណ៍​​ក្រុម​ហ៊ុន​​​​វិស្វកម្ម​នៃ​​ប្រទេស​ស្វ៊ីស​ Colenco ​ដែល​​ជាអ្នក​បាន​សរសេរ​​សំណើ​ច្រក​​ចរាចរ​ត្រី​​សម្រាប់​គម្រោង​សាយ៉ាបូរី ។​

លោកបណ្ឌិត​ Meng​និយាយថា ៖«បទ​ដ្ឋាន​​​ស្តង់​ដា​​នៃ​ការ​​ងារ​ដែល​អនុវត្ត​ដោយ​ក្រុម​ហ៊ុន  Colenco ​សម្រាប់​​គម្រោង​សាង​សង់​​ទំនប់​​សាយ៉ាបូរី គឺជា​ស្តង់​ដា​​ការងារ​មួយ​ដែល​មិន​អាច​​ទទួល​យក​បាន​​​នៅក្នុង​ក្រប​ខណ្ឌ​នៃស្តង់​ដា​​ក្រុម​ហ៊ុន​ស្វ៊ីស​មួយ​នេះ ហើយ​វា​មិន​បាន​អនុលោម​​តាម​ក្រឹត្យក្រម​​បទ​ដ្ឋាន សីលធម៌​នៃការ​ទទួល​ខុស​ត្រូវ​​ផ្នែក​បរិស្ថាន និង​សង្គម » ។​

លោក​បន្ត​ថា ៖«​ខណៈ​​ពេល​ដែល​តួអង្គ​សំខាន់​នៅក្នុង​​វិស័យ​វារីអគ្គិសនី​ កំពុង​បោះ​ជំហាន​​ទៅ​មុខ​ក្នុង​​កិច្ច​​ខិតខំ​ប្រឹង​ប្រែង​​លើក​កម្ពស់​​ការ​អនុវត្ត​​​ស្តង់​ដា​និរន្តរភាព​នៃគម្រោង​សាង​សង់​ទំនប់​​របស់​ពួកគេ ​ក្រុម​ហ៊ុន​​នានា​តួយ៉ាងដូចជា​ Colenco ត្រូវ​តែ​​​មាន​ការ​​ប្រុង​ប្រយ័ត្ន​​​ចំពោះ​​ការ​​ជាប់​ពាក់​ព័ន្ធ​​ជាមួយ​គម្រោង​សាង​សង់​ទំនប់​ ដែល​គ្មាន​​ការ​សិក្សា​​គ្រប់គ្រាន់​​ច្បាស់​​លាស់​ ហើយ​​ដែល​នឹង​អាច​បង្ក​ឱ្យ​មាន​ហេតុ​ផល​​អវិជ្ជ​មាន​​ជា​ច្រើន​ដល់​ទន្លេ​ និង​ប្រជាជន​រាប់​សិប​​លាន​​​នាក់​​ទៀត​ដែល​​ពឹង​អាស្រ័យ​លើ​ធនធាន​​ទន្លេ​​នេះ​​សម្រាប់​​ការ​ចិញ្ចឹម​​ជីវិត » ។ ​

ការ​​​វាយ​តម្លៃ​​ហេតុ​ប៉ះពាល់​​ត្រូវ​តែ​អនុវត្ត​បច្ចេកទេស​​ស្តង់​ដា​​អន្តរជាតិ​ អង្គការ​WWF ស្វាគមន៍​​ការ​ថ្លែង​របស់​លោក​ Viraphon Viravong  ជាអគ្គ​នាយក​​នៃ​នាយក​ដ្ឋាន​​​អគ្គិសនី​​​ឡាវថា ការ​​ពិចារណា​ឡើង​វិញ​​លើ​ក្តី​ព្រួយ​​បារម្ភ​​​របស់​​ប្រទេស​ជិត​ខាង​ ស្តីពី​​ការ​សាង​សង់​​ទំនប់​សាយ៉ា​បូរី​ អាច​មាន​បច្ច័យ​ដល់​ការ​សម្រេច​ចិត្ត​លើការ​​សាង​សង់​ទំនប់​​មួយ​នេះ ។
លោក​បណ្ឌិត​​ Meng ​និយាយ​ថា «​ក្រុម​ហ៊ុន​​ដែល​ប្រាថ្នា​​ចូល​ខ្លួន​​ដេញ​ថ្លៃ​​ដើម្បី​ធ្វើ​ការ​សិក្សា​​ឡើង​វិញ​មួយ​ត្រូវ​បង្ហាញ​​ឱ្យ​ច្បាស់​​អំពី​ឆន្ទៈ​​ក្នុង​​ការ​អនុវត្ត​​បច្ចេក​​ទេស​ស្តង់​ដា ដោយ​បង្ហាញ​​​ថា ពួកគេ​នឹង​ដឹកនាំ​​ធ្វើ​ការ​សិក្សា​​ឡើង​វិញ​ដោយ​​ផ្អែក​លើ​​វិធីសាស្ត្រ​ និង​បច្ចេកទេស​ប្រកប​ដោយ​​លក្ខណៈ​​ស្តង់​ដា​ ដែល​មាន​​ឧទាហរណ៍​ដូចជា​ យន្ត​ការ​​វាយ​តម្លៃ​និរន្តរភាព​វារីអគ្គិសនី​ ដែល​​អង្គការ​ WWF និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត​បាន​​ជួយ​ជ្រោមជ្រែង​​​បង្កើត​ឡើង​ក្រោម​កិច្ច​សហការ​​ជាមួយ​សមាគម​​វារីអគ្គិសនី​ជាតិ» ។​

លោក​​បន្ត​ថា ៖«​វិធី​សាស្ត្រ​​​វាយ​តម្លៃ​និរន្តរ​ភាព​​វារីអគ្គិសនី​​បង្កើត​ឡើង​ ជាពិសេស​សម្រាប់​​​តំបន់​​អាងទន្លេ​​មេគង្គ​​ ក្រោម​កិច្ច​​សហការ​​រវាង​គណៈ​កម្មការ​ទន្លេ​មេគង្គ​ និងធនាគារ​​អភិវឌ្ឍន៍​អាស៊ី ក៏ជា​វិធីសាស្ត្រ​សម្រាប់​វាយ​តម្លៃ​​ហេតុ​ប៉ះពាល់​​មួយទៀត​ដែលគេ​គួរ​យក​ទៅ​ពិចារណា​ដែរ ។ វិធីសាស្ត្រ​ទាំង​នេះ​រួម​បញ្ចូល​គ្នា អាច​ផ្តល់​​​លទ្ធភាព​​ក្នុង​ការ​កំណត់​ជម្រើស​ផ្សេងៗ​​ដើម្បី​ស្នើ​​គម្រោង​​មួយ​ឡើង ដែល​មាន​ហេតុ​ប៉ះ​ពាល់​​អវិជ្ជ​មាន​​​កម្រិត​ទាប​ និង​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​​អំពី​​និរន្តរភាព​​នៃទំនប់ » ។

អង្គការ​​ WWF ​បាន​និង​កំពុង​​ទទូច​សុំ​ឱ្យ​​មាន​​ការ​ពន្យារ​រយៈពេល​១០ឆ្នាំ ​ចំពោះ​​រាល់​ការ​សាង​សង់​​ទំនប់​វារីអគ្គិសនី​ទាំង​ឡាយ​​ដែល​គេ​បាន​ស្នើ​ឡើង​នៅ​​លើ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​​ក្រោម​រហូត​​​​ដល់​មាន​ការ​សិក្សា​​ច្បាស់​លាស់​ ក៏ដូចជា​ការ​ប្រមូល​​ព័ត៌​មាន​​គ្រប់​គ្រាន់​ស្តីពី​ហេតុ​ប៉ះពាល់​​​នានា​​សិន ។ ការ​​ស្នើយ៉ាង​ដូច្នេះ​​ ក៏ត្រូវ​បាន​​ភាគី​​ប្រទេស​​វៀតណាម​ បាន​និង​កំពុង​​អំពាវ​នាវ​​ផងដែរ ៕​