ខេត្តពោធិ៍សាត់ ៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១១ ឧសភា ២០១១ បានធ្វើពិធីប្រគល់ថវិកាមរណៈសង្គ្រោះជូនដល់គ្រួសារសមាជិកសមាគមដែលទទួលមរណភាពកន្លងមកចំនួន៧នាក់ ក្រោមអធិបតីភាពលោករស់ រឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកស្រីជុក សុផាន់នី អភិបាលរងខេត្ត ។
លោកយឹម ដេត លេខាធិការសមាគមបានជម្រាបជូនថា ការប្រគល់ថវិកាមរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាថ្ងៃនេះគឺជាលើកទី១១ មាន៧គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាបួនលានរៀល ក្នុងនោះមានគ្រួសារសពលោកស្រី អ៊ុំ សយ ជាជនពលី គ្រួសារសពលោកងូត ម៉ង់ ជានិវត្តជន គ្រួសារលោក ហៃ សំអាត ជាជនពិការ គ្រួសារលោកស៊ិន ញ៉ាន ជាជនពិការ គ្រួសារលោកញ៉ែម ប៊ុនចាន់ ជាជនពិការ គ្រួសារលោកសំ យ៉ុន ជាជនពិការ និងគ្រួសារលោកភី ណុន ជាជនពិការ ។
លោកញ៉ឹក សារ៉េត ប្រធានមន្ទីរនិងជាប្រធានសមាគមខេត្ត បានអានសេចក្តីសម្រេច និងលិខិតមរណទុក្ខ និងបានលើកឡើងថា ការរៀបចំពិធីប្រគល់ថវិកាមរណៈសង្គ្រោះ និងការអញ្ជើញមុខសញ្ញាអតីតយុទ្ធជនចូលរួមពេលនេះគឺដើម្បីឱ្យបងប្អូនមើលឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ក៏ដូចជាអភិបាលខេត្តចំពោះមុខសញ្ញាអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ គ្រួសារពលី និងជនមរណៈ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាជំពូកទី១០ ស្តីពីបេឡាមរណៈសង្គ្រោះ និងប្រការ៤១ ស្តីពីគ្រួសារសពរបស់សមាជិកម្នាក់ៗជួយឧបត្ថម្ភថវិកា១០០រៀល ។
លោកស្រី ជុក សុផាន់នី បានគាំទ្រចំពោះការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើងពីព្រោះវាមានសារសំខាន់ណាស់ក្នុងការជួយគ្នាទៅវិញទៅមក ដែលតាមបណ្តាក្រសួង ស្ថាប័ន មន្ទីរនានាមួយចំនួន ក៏មានបង្កើតដូចគ្នាដែរ ។
លោករស់ រឿន បានជម្រាបជូនអំពីរចនាសម្ព័ន្ធសមាគមអតីតយុទ្ធជនកម្ពុជាបង្កើតឡើងនៅឆ្នាំ២០០៧ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធាន ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ជាអនុប្រធាន និងលោករដ្ឋមន្ត្រីអ៊ិត សំហេង ជាអគ្គលេខាធិការ។ លោកសូមឱ្យបងប្អូនទទួលយកថវិកាទាំងនេះទៅប្រើប្រាស់ឱ្យបានចំទិសដៅ ក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិតកូនចៅដែលនៅរស់ និងការសិក្សា ។ ជាមួយគ្នានោះ សូមខិតខំប្រកួតប្រជែងចលនា៣ល្អ ដើម្បីទទួលបានផ្ទះមួយខ្នង ដំណើរទស្សនកិច្ចទៅក្រៅប្រទេស ឬប័ណ្ណសរសើរដែលកន្លងមកនេះសមាជិករបស់យើងនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស មានស្នាដៃជាបន្តបន្ទាប់មកហើយ ៕
ចែករំលែកព័តមាននេះ