ខេត្តកណ្តាល ៖ គណៈកម្មការចម្រុះស្រុកកៀនស្វាយប្រមាណជា១០០នាក់ ដឹកនាំដោយលោកហេង ធៀម អភិបាលស្រុក និងលោកប៉ា សំអិត អធិការនគរបាលស្រុក រួមជាមួយលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក នាព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ បានចុះវាស់វែងព្រំដីទំនាស់មួយកន្លែងមានទំហំ៤៣ហិកតា ស្ថិតនៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដើម្បីប្រគល់ដីឱ្យទៅម្ចាស់ដីឈ្មោះប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ប៉ុន្តែការចុះអនុវត្តនោះពុំបានសម្រេចឡើយ ដោយសារតែប្រជាពលរដ្ឋរស់នៅទីនោះប្រមាណជាង១០០នាក់ប្រដាប់ដោយកាំបិតខ្វែវ ច្បូកនិងដំបងគ្រប់ដៃ តវ៉ាប្រឆាំងចំពោះចំណាត់ការរបស់អាជ្ញាធរ។
លោកហេង ធៀម អភិបាលស្រុកកៀនស្វាយ បានមានប្រសានស៍ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ តុលាការបានចុះអនុវត្តសាលក្រមលើដីទំនាស់ខាងលើម្តងរួចមកហើយដើម្បីប្រគល់ដីឱ្យទៅម្ចាស់បណ្តឹងឈ្មោះប្រាក់ សាវុធ ប៉ុន្តែការចុះអនុវត្តកាលនោះ ក៏ពុំបានសម្រេចដែរ។ លុះនៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ នេះ គណៈកម្មការចម្រុះក៏បានចុះកំណត់ព្រំដីដើម្បីប្រគល់ដី៤៣ហិកតាជូនលោកប្រាក់ សាវុធ តែលទ្ធផលនៅតែពុំអាចអនុវត្តបានដដែលដោយសារប្រជាពលរដ្ឋកាន់ឧបករណ៍ហិង្សាគ្រប់ដៃត្រៀមប្រឆាំងនឹងការចុះអនុវត្តការងាររបស់អាជ្ញាធរ។ ដោយសារតែខ្លាចមានអំពើហិង្សាកើតឡើង លោកក៏បានបញ្ជាឱ្យសមត្ថកិច្ចប្រដាប់អាវុធទាំងអស់នៅស្ងៀម រង់ចាំរកវិធីអនុវត្តដោយសន្តិវិធីវិញម្តង។
ជុំវិញបញ្ហាទំនាស់រវាងប្រជាពលរដ្ឋខាងលើជាមួយលោកប្រាក់ សាវុធ និងក្រុមសមត្ថកិច្ចនេះ ភាគីខាងប្រជាពលរដ្ឋបានស្រែកជេរមកលើមន្ត្រីអ្នកអនុវត្តច្បាប់ ព្រមទាំងក្រុមអ្នកកាសែតដែលចុះយកព័ត៌មានក្នុងរឿងនេះយ៉ាងចាស់ដៃផងដែរ។ លោកហេង ធៀម បានលើកឡើងថា នីតិវិធីបន្ត គឺត្រូវសុំដីកាចាប់ខ្លួនមេខ្លោងប្រឆាំងនឹងការចុះអនុវត្តច្បាប់ខាងលើនេះពីតុលាការ ដើម្បីជៀសវាងផ្ទុះហិង្សារវាងប្រជាពលរដ្ឋជាមួយសមត្ថកិច្ច។ លោកអភិបាលស្រុកកៀនស្វាយអះអាងថា ក្រុមអ្នកតវ៉ាភាគច្រើនគឺជាសមាជិកគណបក្សប្រឆាំងដែលលូកដៃញុះញង់ការអនុវត្តច្បាប់របស់អាជ្ញាធរ។ លោកបានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋទាំងនោះកុំឱ្យមានបំណងប្រើអំពើហិង្សាទៅលើសមត្ថកិច្ច គឺត្រូវដោះស្រាយគ្នាតាមផ្លូវច្បាប់វិញប្រសើរជាង។
លោកប្រាក់ សាវុធ ដែលជាម្ចាស់ដីទំនាស់ខាងលើមិនបានបកស្រាយអ្វីទាំងអស់អំពីប្រវត្តិដីដែលបានប្តឹងទៅតុលាការ ហើយឈ្នះក្តីតាមផ្លូវច្បាប់នេះ។ ជាមួយនេះលោកក៏ពុំបានបញ្ជាក់ថា តើលោកមានគម្រោងអភិវឌ្ឍន៍ ឬវិនិយោគអ្វីនៅលើដីទំនាស់ខាងលើដែរក្រោយពេលបញ្ចប់សំណុំរឿងនោះ ៕
ចែករំលែកព័តមាននេះ