ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ម្សិលម៉ិញនេះ ទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ «យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច» ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច មកពីបណ្តាក្រុង-ស្រុកទាំង៥ ក្នុងខេត្ត និងយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ។

ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោក ចាន់ រតនា អភិបាលរងខេត្ត បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមគាំទ្រគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកន្លងមក។

ឯកឧត្តម បញ្ជាក់ថា ការៀបចំទិវានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា ជំនឿ និងសាសនាដ៏ល្អរបស់ជនជាតិដើមភាគតិច និងជំរុញឲ្យមានការចូលរួមពេញលេញ ព្រមទាំងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាកតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងលើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់ជាតិ និងអន្ដរជាតិ និងចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចពិភពលោក ដែលបានដាក់ចេញដោយមហាសន្និបាទ អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេច ឲ្យមានទិវានេះនៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។

ឯកឧត្តម បន្ថែមថា ជាមួយនេះ ក៏បានប្រកាសអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងការទទួលបានគោរមងារកិត្តិយសដ៏ឧត្ដុងឧត្ដមបំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិតជូន ឯកឧត្ដម ហ៊ុន ម៉ាណែត តែមួយគត់ គឺពិតជាសាកសមបំផុតសម្រាប់ឯកឧត្តមបណ្ឌិត និងសង្ឈឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសជាតិយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងមក ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណាមួយ ដែលខ្លួនពេញចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន។

សូមបញ្ជាក់ថា នៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្នុងខេត្តមណ្ឌលគិរី ក៏មានការរៀបចំពិធីសែនព្រេន មានការក្របី ស្រាពាង និងច្រៀងរាំលេងកម្សាន្ត តាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕

ចែករំលែកព័តមាននេះ