ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរនៅស្រុកឯកភ្នំជាង៣០នាក់ ដែលបម្រុងធ្វើចំណាកស្រុកទៅធ្វើកម្មករនៅទីក្រុងបាងកក ប្រទេសសៀមដោយខុសច្បាប់ ត្រូវសមត្ថកិច្ចមូលដ្ឋានទប់ស្កាត់ ក្នុងគ្រាពួកគេមានប្រុស មានស្រីជិះណែនណាន់តាន់តាប់ក្នុងរថយន្តទួរីស១គ្រឿង។ សមត្ថកិច្ចស្ទាក់ពួកគេជាប់កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ឧសភា នៅចំណុចក្បាលស្ពានខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ។
លោកយៀម ប៊ុនលឿប អធិការស្រុកឯកភ្នំឱ្យដឹងថា ការប្រទះឃើញរថយន្តទួរីស១២កៅអីដឹកមនុស្សណែនពេញរថយន្តនេះក្នុងគ្រាដែលកម្លាំងរបស់លោកកំពុងចេញល្បាតពេលយប់។ ក្រៅពីមានមនុស្សជិះពេញរថយន្តដ៏តូចនេះ នៅមានអ្នកខ្លះជិះតោងរយីងរយោងផ្នែកខាងក្រោយទៀតផង។ ពេលសួរនាំពួកគេប្រាប់ថា ចេញដំណើរទៅក្រុងប៉ោយប៉ែត រួចបន្តចេញទៅទីក្រុងបាងកក ប្រទេសសៀម ដើម្បីធ្វើកម្មករ ដោយមានមេខ្យល់នៅប៉ោយប៉ែតធានាឆ្លងដែន ដូច្នេះហើយទើបលោកស្នងការបញ្ជាឱ្យបញ្ជូនពលករទាំងនេះទៅកាន់ស្នងការដ្ឋានដើម្បីសួរនាំលម្អិត។
ក្រោយពេលបញ្ជូនដល់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ពួកគេប្រាប់ថា ពួកគេមិនស្គាល់មុខមេខ្យល់ដែលនាំឆ្លងដែនទៅប្រទេសសៀមទេ ប៉ុន្តែមានអ្នកភូមិប៉ុន្មាននាក់ជាអ្នកដើរជ្រើសរើសពលករទៅធ្វើការនៅប្រទេសសៀម ដោយមិនស្របច្បាប់។
ស្ត្រីម្នាក់ក្នុងចំណោមជនចំណាកស្រុកទាំង៣៥នាក់ ឈ្មោះជូន សារី អាយុ៤០ឆ្នាំ រស់នៅឃុំព្រែកខ្ពប និយាយថា រូបគាត់ និងស្វាមីសម្រេចចិត្តទៅធ្វើការនៅប្រទេសសៀមដោយខុសច្បាប់នេះ ព្រោះឃើញអ្នកជិតខាងដែលទៅធ្វើការមានប្រាក់ផ្ញើមកផ្ទះរាល់ខែ។ គាត់ស្គាល់បុរសម្នាក់ឈ្មោះរ៉េត អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំព្រែកខ្ពប ជាអ្នកដើររើសកម្មករទៅធ្វើការនៅប្រទេសសៀម។ ឈ្មោះរ៉េត អះអាងថា គាត់នឹងនាំពលករទាំងអស់ទៅប្រគល់ឱ្យមេខ្យល់ផ្សេងទៀតនៅប៉ោយប៉ែត ដើម្បីនាំបន្តទៅក្រុងបាងកក ប្រទេសសៀម។ មេខ្យល់ទារប្រាក់ក្នុងម្នាក់តម្លៃ២.៥០០បាត ប៉ុន្តែមិនទាន់យកប្រាក់នេះភ្លាមទេ គឺគេចាំកាត់នៅពេលទៅដល់គោលដៅមានការងារធ្វើ។
រីឯពលករដទៃទៀតក៏និយាយដូច្នេះដែរថា ពួកគេសុទ្ធតែរស់នៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ។ ពួកគេសម្រេចឆ្លងដែនដោយខុសច្បាប់ទៅធ្វើកម្មករនៅប្រទេសសៀមនេះ ព្រោះតែគ្មានប្រាក់សម្រាប់ធ្វើដំណើរទៅតាមក្រុមហ៊ុន។ អ្នកភូមិខ្លះចេញទៅតាមក្រុមហ៊ុនស្របច្បាប់ តែត្រូវក្រុមហ៊ុនបោកប្រាស់អស់លុយដដែល ដូច្នេះហើយទើបពួកគេសម្រេចឆ្លងដែនដោយខុសច្បាប់បែបនេះ ដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារ។ បច្ចុប្បន្ននៅឯមូលដ្ឋានរបស់ពួកគេមានប្រជាពលរដ្ឋចេញទៅធ្វើកម្មករនៅប្រទេសសៀមដោយខុសច្បាប់ស្ទើរស្ងាត់ពីភូមិទៅហើយ។
លោកកុយ ហៀង ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការអនីតិជនបានថ្លែងថា យើងទប់ស្កាត់បានតែកម្មករប្រុសស្រីចំនួន៣៥នាក់ និងអ្នកបើកបររថយន្ត២នាក់ប្តីប្រពន្ធ ប៉ុន្តែមេខ្យល់២នាក់ ម្នាក់ឈ្មោះរ៉េត និងម្នាក់ទៀតឈ្មោះក្រិះ រត់គេចខ្លួនបាត់។ អ្នកបើកបររថយន្តដឹកពលករឈ្មោះម៉ុក រិទ្ធ អាយុ៤៦ឆ្នាំ និងប្រពន្ធដែលមកជាមួយឈ្មោះយាន មុំ អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រថយន្តរបស់គាត់ប្រភេទទួរីសទេសចរណ៍១២កៅអី ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-3187 ពណ៌ទឹកប្រាក់។
តាមការបំភ្លឺពីអ្នកបើកបររថយន្តឈ្មោះម៉ុក រិទ្ធ ថា គាត់គ្រាន់តែស៊ីឈ្នួលដឹកពលករទាំងនេះពីខេត្តបាត់ដំបង ទៅដល់ចំណតរថយន្តក្រុងប៉ោយប៉ែតប៉ុណ្ណោះ ក្នុងតម្លៃម្នាក់២ម៉ឺនរៀល។ គាត់មិនចង់ផ្ទុកមនុស្សច្រើនបែបនេះទេ តែមេខ្យល់តម្រូវដឹកឱ្យអស់ទាំងយប់ ទើបញាត់ណែនបែបនេះ។
លោកកុយ ហៀង បញ្ជាក់ថា យើងគ្រាន់តែអប់រំពួកគេ ហើយឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែលោកព្រះរាជអាជ្ញាបញ្ជាឱ្យស្រាវជ្រាវរកសាវតារពួកមេខ្យល់ទាំងនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកកុយ ហៀង បានអប់រំអំពីផ្លូវច្បាប់ដល់ពលករទាំងនេះ និងបញ្ហាប្រឈមមុខនឹងគ្រោះថ្នាក់នានាដែលអាចកើតមានដល់ពួកគេ៕
ចែករំលែកព័តមាននេះ