ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ុន ចាន់​ថុ​ល ចុះ​ពិនិត្យ​​​​មើល​លើ​ការ​ងារ​​បច្ចេកទេសបន្ថែម​លើផ្លូវ​វាង​លេខ៧៦​

8 ខែ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ស្រប​ពេល​ដែល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​វាង​កំណាត់​ផ្លូវជាតិ​លេខ​៧៦ (​ស្នួល​-​សែន​មនោ​រម្យ​) ដែល​បាន​រអិល​បាក់ ត្រង់​ចំណុច​អូរ​ងើយ ចន្លោះ PK94+080 – PK94+150…

ខេត្ត​មណ្ឌលគិរី​ ៖ ស្រប​ពេល​ដែល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​វាង​កំណាត់​ផ្លូវជាតិ​លេខ​៧៦ (​ស្នួល​-​សែន​មនោ​រម្យ​) ដែល​បាន​រអិល​បាក់ ត្រង់​ចំណុច​អូរ​ងើយ ចន្លោះ PK94+080 – PK94+150 កំពុង​បន្ត​អនុវត្ត ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព និង​ត្រួតពិនិត្យ​ការងារ​បច្ចេកទេស​បន្ថែម នា​ថ្ងៃ​អង្គារ ទី​០៨ ខែសីហា ឆ្នាំ​២០២៣ ដើម្បី​ធានា​បាន​ថា​ ផ្លូវ​វាង​ដែល​បាន​បើក​ឱ្យ​ចរាចរណ៍​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ សីហា ២០២៣​កន្លង​ទៅ​នេះ មានគុណ​ភាព​ស្រប​តាម​បទដ្ឋាន និង​ផ្តល់​នូវ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ អំឡុង​ពេល​ដែល​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ដែល​រង​ការ​ខូចខាត​ខាងលើ នឹង​ត្រូវ​ជួសជុល​ស្ថាបនា​ឡើង​វិញ​ក្នុង​ជំហាន​បន្ត បន្ទាប់​ពី​ការ​សិក្សា​ពិនិត្យ​លទ្ធភាព​។

គិត​ចាប់ពី​ពេល​ស្ថាបនា​រួច​មក មាន​រយៈពេល​ជាង​១២​ឆ្នាំ ផ្លូវជាតិ​លេខ​៧៦​នេះ មិន​ធ្លាប់​មានការ​ខូចខាត ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ម្តងណា​ទេ ហើយ​តែងតែ​ទទួល​បានការ​ថែទាំ​ជា​ប្រចាំ​រហូត​មក​។ ដោយឡែក នៅ​យប់​ថ្ងៃ​ទី​០១ សីហា ២០២៣ កំណាត់​ផ្លូវជាតិ​ខាងលើ នៅ​ត្រង់​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង នៃ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដោយសារ​ការ​រអិល​បាក់​ដី ចន្លោះ PK94+080 – PK94+150 និង​បន្ត​មាន​ស្នាម​ប្រេះ​បន្ថែម​នៅ​ថ្ងៃ​បន្ទាប់ ដែល​សរុប​ការ​ខូចខាត​មាន​ប្រវែង​១៦៦​ម៉ែត្រ (​រអិល​បាក់​ដី ៧០​ម និង​ស្នាម​ប្រេះ​៩៦​ម​)​ ។

ដោយ​ទទួល​បាន​អនុសាសន៍​ណែនាំ​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​មានការ​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក្រុមការងារ​អន្តរក្រសួង អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ផ្លូវ​វាង​ប្រវែង១០០០​ម៉ែត្រ ត្រូវ​បាន​រៀបចំ​ស្ថាបនា​ជា​បន្ទាន់ ដោយ​មានការ​ឈូស​ឆាយ ចាក់​ថ្ម​ម៉ិច និង​កៀរ​កិន​បង្ហាប់ ដើម្បី​ភ្ជាប់​ចរាចរណ៍​ឡើង​វិញ​។ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​០៨ សីហា​ នេះ ចរាចរណ៍​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ អនុញ្ញាតិឱ្យ​មានការ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ហើយ​ ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍ជាមួយ​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ថា​៖ បា​តុ​ភូ​តិ​នៃ​ការ​រអិល​បាក់​ដី​នេះ បណ្តាល​មក​ពី​កត្តា​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ច្រើន ដែល​នាំ​ឱ្យ​មានទឹក​ហូរ​ច្រោះ​ដាច់​ដី ខាងក្រោម​ផ្លូវ ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង កំណាត់​​ផ្លូវ​នេះ​អាច​នឹង​ត្រូវ​សិក្សា​លើក​គម្រោង​ជួសជុល ដោយ​មាន​ពីរ​ជម្រើស​គឺ​៖ (១) ជួសជុល​ឡើង​វិញ​លើ​គន្លង​ផ្លូវ​ចាស់ និង (២) សិក្សា​ពិនិត្យ​លទ្ធភាព​សាងសង់​លើ​គន្លង​ផ្លូវ​វាង​ថ្មី​នេះ​តែ​ម្តង​។ ជម្រើស​ក្នុង​ការ​ជួសជុល​នឹង​ពិនិត្យ​សម្រេច បន្ទាប់​ពី​ឆ្លងកាត់​ការ​ពិភាក្សា​លម្អិត និង​ស៊ីជម្រៅ ទាំង​ផ្នែក​បច្ចេកទេស​ពាក់ព័ន្ធ និង​ផ្នែក​ហិរញ្ញវត្ថុ ​។

គួរ​រម្លឹក​ដែរ​ថា​៖ ផ្លូវជាតិ​លេខ​៧៦(​ស្នួល – សែន​មនោ​រម្យ​) មាន​ប្រវែង ១២៧​គ​.​ម ជា​ប្រភេទ​ផ្លូវ​DBST បាន​ចាប់ផ្ដើម​ការ​ស្ថាបនា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០៧ និង​បញ្ចប់​ការ​ស្ថាបនា នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន CRBC ចំណាយ​ថវិកា​សាងសង់​ចំនួន ៥១ ៩០០ ០០០ ដុល្លារ​អា​មេ​រិ​ក​។ ផ្លូវ​នេះ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១២៕

អត្ថបទសរសេរ ដោយ