ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១០ ឧសភាកន្លងមកនេះ ច្រកអានសេះដែលជាច្រកតំបន់រវាងកម្ពុជា-ថៃបានបើកឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈកាលជាងបីខែនៅដើមឆ្នាំ២០១១ ពីសំណាក់ភាគីសៀមបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅ ។ នៅព្រឹកថ្ងៃទី១០ ឧសភា នៅលើខ្នងភ្នំច្រកអានសេះមានការចេញចូលរបស់ប្រជាជនថៃ ខេត្ដអ៊ូប៊ុនប្រមាណជិត១០០០នាក់ នៅក្នុងដីខ្មែរ ដើម្បីទិញដូរទំនិញហូបចុក។ ចំណែកប្រជាជនខ្មែរវិញក៏ដូចគ្នាដែរ បានចូលទៅក្នុងដីថៃជាច្រើនរយនាក់ ដើម្បីទិញដូរទំនិញហូបចុក និងសំភារប្រើប្រាស់។
ចំពោះទំនិញដែលប្រជាជនក្នុងស្រុកជាំក្សាន្ដបាននាំយកទៅដាក់លក់ក្នុងផ្សារច្រកទ្វារអានសេះ គឺទំនិញដែលបានមកពីការប្រមាញ់ និងដើររកបេះពីក្នុងព្រៃតាមបណ្ដោយជួរភ្នំដងរែក ក្នុងនោះមានដូចជាសត្វត្រកួត, អណ្ដើក, ឈ្លូស, កង្កែបស្រូវ,កណ្ដូប, ស្លឹកព្រិច, ចុងផ្ដៅ, ផ្កាចាហួយ, ផ្សិតឈើធម្មជាតិជាច្រើនប្រភេទ និងមើមឈើជាថ្នាំបុរាណជាដើម ។ ចំណែកផលិតផលទំនិញដែលប្រជាជនថៃក្នុងខេត្ដអ៊ូប៊ុននាំយកមកតាំងលក់ឱ្យខ្មែរនៅមុខច្រកទល់មុខគ្នានោះ គឺពុំមានទំនិញដែលកើតចេញពីអនុផលព្រៃឈើ ឬសត្វព្រៃទេ គឺមានតែបន្លែ ផ្លែឈើស្រុក ត្រី សាច់មាន់ដែលជាផលិតផលផ្នែកសិកម្មទាំងអស់ និងសំភារប្រើប្រាស់ដែលជាផលិតផលផលិតក្នុងប្រទេសថៃ។
លោកក្រូច សម្បត្ដិអភិបាលរងស្រុកជាំក្សាន្ដ និងជាប្រធានច្រកអានសេះឱ្យអ្នកយកព័ត៌មានកោះសន្ដិភាពដឹងអំពីប្រវត្ដិទំនាក់ទំនងគ្នារវាងប្រជាជនស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ជាមួយប្រជាជនស្រុកណាំយឺន ខេត្ដអ៊ូប៊ុន ថា អស់រយៈកាលជាយូរយារណាស់មកហើយ ប្រជាជនរវាងប្រទេសទាំងពីរមានភូមិផងរបងតែមួយមានទំនាក់ទំនងគ្នាល្អទាំងវិស័យទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ។ ខាងខ្មែរមិនទាន់មានផលិតផលដែលផលិតដោយកសិកម្មត្រូវយកទៅដាក់តាំងលក់ទេ ព្រោះស្រុកជាំក្សាន្ដ គឺជាស្រុកមួយដែលនៅជាប់នឹងព្រំប្រទល់ប្រទេសសៀម និងប្រទេសឡាវ ប្រឈមមុខនឹងសង្គ្រាមអស់រយៈកាលជាងបីទសវត្សមកហើយ សូម្បីតែផ្លូវគមនាគមន៍ពីក្នុងប្រទេសទៅកាន់តំបន់នោះ ទើបតែមាននៅពេលថ្មីៗនេះ ។ ច្រកអានសេះតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលថៃតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ច្រកនេះគឺត្រូវបានអនុញ្ញាតឱ្យបើកក្នុងមួយសប្ដាហ៍ចំនួនពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បត្តិ៍ ។ កងកម្លាំងខ្មែរប្រចាំទីការឱ្យដឹងថា ច្រកនេះមានការព្រមព្រៀងគ្នាបើកឱ្យចេញចូលក្នុងមួយសប្ដាហ៍ ពីរថ្ងៃដូចបានកំណត់ខាងលើ តាំងពីឆ្នាំ១៩៩០រហូតមក ហើយថៃពុំដែលបិទឯកតោភាគីទេ ទើបតែនៅទី៤ កុម្ភៈ កន្លងទៅ ភាគីសៀមបានបិទ តែភាគីខាងកម្ពុជាពុំបានបិទទេ ។ ទោះជាយ៉ាងណាក្តី ពេលនេះភាគីសៀមបានបើកវិញហើយ ។
ការបើកច្រកទ្វារអានសេះគឺជាការមួយល្អសម្រាប់ប្រជាពលរដ្ឋ និងកងកម្លាំងខ្មែររស់នៅក្នុងតំបន់នោះដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយក្នុងការទិញគ្រឿងឧបភោគបរិភោគ ព្រោះតំបន់នោះជាតំបន់ដាច់ស្រយាលបំផុត ។ ច្រកអានសេះពេលនេះ ទោះជាមានការបើកច្រកពិតមែន តែពុំអាចនាំទំនិញធំដុំ ក្រៅតែពីគ្រឿងហូបចុកនោះឡើយ ។ តាមមន្ត្រីច្រកទ្វារនិយាយថា ការរួសរាន់ក្នុងការបើកច្រកនេះពីភាគីសៀមដោយសារតែមានរលកតវ៉ាមួយពីប្រជាជនក្នុងស្រុកណាំយឺន ៕
ចែករំលែកព័តមាននេះ