ខេត្តមណ្ឌលគិរី ៖ គិតត្រឹមរសៀលថ្ងៃទី០៧ សីហា ២០២៣ ឡានខ្ពស់, ម៉ូតូ និងអ្នកថ្មើរជើងអាចធ្វើដំណើរតាមផ្លូវវាងបានហើយ ចំពោះឡានទាបបើគ្មានភ្លៀងក៏អាចជិះបានដែរ ។

ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា សូមជម្រាបជូនសាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរីអាចធ្វើចរាចរណ៍តាមផ្លូវវាង នៅចំណុចអូរងើយបានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌល គិរី បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មីជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុង ភូមិសាស្ត្រស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែ សីហា នេះ ក្រុមការងារជំនាញ បានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែលអាចឲ្យរថយន្តឆ្លងកាត់បានហើយ។ លោកបញ្ជាក់ថា ផ្លូវវាងដែលកំពុងស្ថាបនាមានប្រវែងប្រមាណ១០០០ម៉ែត្រនឹងរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់ អាចស្ថាបនារួចរាល់ទាំងស្រុងនាពេលខាងមុខនេះ។

គួររំលឹកដែរថា នៅលើដងផ្លូវជាតិលេខ៧៦ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ក្នុងភូមិអណ្ដូងក្រឡឺង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានកើតមានព្រឹត្តិការណ៍ដ៏តក់ស្លុត គឺការបាក់ស្រុតដីលើដងផ្លូវធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អណាស់ដែលមន្ត្រីជំនាញខេត្តមណ្ឌលគិរី បានរកឃើញស្នាមប្រេះលើដងផ្លូវមុនការបាក់ស្រុត ហើយឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យបិទផ្អាកចរាចរណ៍ឆ្លងកាត់បន្ទាន់ ទើបប៉ុន្មានម៉ោងក្រោយមកក្នុងហេតុការណ៍បាក់ស្រុតផ្លូវ មិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។

ក្រោយពេលមានការបាក់ស្រុតផ្លូវលើកំណាត់ផ្លូវជាតិលេខ៧៦ ឆ្ពោះមកទីរួមខេត្តមណ្ឌលគិរី ពិតជាមានការលំបាកខ្លាំងណាស់ដែរ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ពិសេស ការដឹកជញ្ជូនទំនិញផ្សេងៗមកកាន់ខេត្តមណ្ឌលគិរី ពីព្រោះត្រូវធ្វើដំណើរវៀងផ្លូវឆ្ងាយគួរសម ដោយធម្មតាពីភ្នំពេញមកខេត្តមណ្ឌលគិរី ធ្វើដំណើរជាង៣០០គីឡូម៉ែត្រ ប៉ុន្តែក្រោយមានការបាក់ស្រុតផ្លូវ អ្នកដំណើរត្រូវវាងតាមខេត្តស្ទឹងត្រែង, រតនគិរី ទើបឆ្ពោះមកខេត្តមណ្ឌលគិរី ដោយមានចម្ងាយផ្លូវសរុបខ្ទង់៧០០គីឡូម៉ែត្រ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ