ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមមណ្ឌលគិរីចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកោះញែក ដើម្បីឲ្យអាជ្ញាធរ រួមទាំងសមត្ថកិច្ច ត្រៀមបង្ការ ការពារក្នុងស្ថានភាពគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី០៤ សីហា ២០២៣ ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុង នៅអូរជីមៀតនេះ គឺមានសារសំខាន់ខ្លាំងណាស់ និងជាច្រកចេញតែមួយគត់សម្រាប់អ្នកភូមិចេញចូលប្រកបកិច្ចការងាររបររកស៊ី ដឹកទំនិញ សិស្សានុសិស្សទៅរៀនសូត្រ និងផ្លូវទៅកាន់មន្ទីរពេទ្យជាដើម។ ប៉ុន្តែដោយអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បណ្តាលឲ្យទឹកក្នុងអូរជន់ឡើងខ្លាំង ទើបក្រុមការងារជំនាញ បានរៀបចំសង់ស្ពានដែកបាឡេតិ៍ ក្បែរការដ្ឋានសាងសង់ស្ពានបេតុង ដើម្បីធានាដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដ្បិតការសង់ស្ពានថ្មថ្មីត្រូវការពេលវេលាយូរ និងជួបឧបសគ្គខ្លះ ព្រោះតែបញ្ហាអាកាសធាតុ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ រួមទាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពក អូរច្បារ អូរជីមៀត ក្នុងស្រុកកោះញែក និងតាមបណ្តាស្រុក ដែលមានបញ្ហាប្រឈមគ្រោះជំនន់ទឹកភ្លៀង ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅផងដែរ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនថ្ងៃ ដែលភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកនេះ នៅខេត្តមណ្ឌលគិរី បណ្តាលឲ្យបាក់ស្រុត កាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៧៦A ចំណុចអូរងើយ ក្នុងភូមិសាស្ត្រស្រុកអូររាំង មិនអាចធ្វើចរាចរណ៍បាន។ ដោយឡែក នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន បានរងផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្តែងប្រជាពលរដ្ឋ និងខូចខាតដំណាំមួយចំនួន បណ្តាលមកពីជំនន់ទឹកភ្លៀង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ។


ចែករំលែកព័តមាននេះ