ខេត្តបន្ទាយមានជ័យ ៖ សត្វពស់ជាច្រើនក្បាល និងច្រើនប្រភេទ ត្រូវបានគេដាក់លក់នៅតាមចិញ្ចើមផ្លូវផ្សារកូនដំរី ក្បែរទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ គឺដាក់តាំងលក់ឱ្យអ្នកពូកែខាងចាប់បានឃើញផ្ទាល់ភ្នែកតែម្តង…ហេ ! ហេ !

អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ បែកទៅស្រុកម៉ាឡៃពិតជាបានឃើញនៅចំណុចផ្សារកូនដំរី ដែលសត្វព្រៃមានសត្វពស់រស់ និងងា.ប់ និងសត្វស្លាប អណ្តើក និងសត្វព្រៃមួយចំនួនទៀត ត្រូវបានដាក់លក់ជាប្រចាំនៅរាល់ពេលល្ងាច សម្រាប់អ្នកដំណើរដែលឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ ត្រូវបានអ្នកមានចំណូលចូលចិត្តបរិភោគសាច់សត្វព្រៃតែងនាំគ្នាចូលទិញ។

ជាក់ស្តែងសត្វពស់រស់ដែលដាក់ក្នុងស្បៃ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹសមានពស់វែកដែលមានទម្ងន់២ទៅ៣គីឡូក្រាម ខ្លះមានទម្ងន់ដល់៤ទៅ៥គីឡូក្រាម ។ ចំណែកតម្លៃវិញពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាម ក្នុង១គីឡូក្រាមតម្លៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តម្លៃ៣០.០០០រៀល គឺអាធំថ្លៃ អាតូចថោក ។

អ្នកលក់បានប្រាប់ថា សត្វពស់ដែលគាត់លក់មានរស់និងងាប់ជាប្រភេទពស់សាំងសឿគាត់ទិញចូល១គីឡូក្រាមតម្លៃ៤៥.០០០រៀល បើតូច១គីឡូក្រាមតម្លៃ៣០.០០០រៀល លក់ចេញអាធំ១គីឡូក្រាមតម្លៃ៥០.០០០រៀល និងតូច១គីឡូក្រាមតម្លៃ៣៥.០០០រៀល ហើយសត្វព្រៃដែលលក់នេះគាត់ទិញពីប្រជាពលរដ្ឋរកបានដូចជាពស់សាំងសឿ និងពស់វែកដែលជាប់មងយកមកលក់មិនមែនគាត់ដើរចាប់ទេ ។

ប្រជាពលរដ្ឋបាននិយាយថា នៅពេលគាត់ធ្វើដំណើរឆ្លងកាត់ផ្សារកូនដំរីដែលជាកន្លែងលក់សត្វព្រៃ មានដូចជាពស់រស់និងងាប់ និងសត្វស្លាប ដែលគេសម្លាប់ហើយយកមកលក់ពិតជាសោកស្តាយណាស់ មិនគួរអ្នកមានអំណាចខាងបង្ក្រាប បែរជាបណ្តោយឱ្យមានការដាក់លក់ ក្លាយជាទីផ្សារសត្វព្រៃបែបនេះឡើយ ៕





ចែករំលែកព័តមាននេះ