រាជធានីភ្នំពេញ ៖ ប្រជាជនកម្ពុជាភាគច្រើន(៩៥%) និយាយថា ការប្រែប្រួលធាតុអាកាសបានធ្វើឱ្យប៉ះពាល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។ ជាមួយគ្នានេះដែរ ពលរដ្ឋភាគច្រើនបានបង្ហាញការយល់ដឹងតិចតួចពីការប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រឆ្លើយតបនឹងការប្រែប្រួលទាំងនោះ។ នេះបើយោងតាមរបាយការណ៍ដែលមានចំណងជើងថា «ការស្វែងយល់ទស្សនៈសាធារណជនអំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ដែលបានចេញផ្សាយនៅថ្ងៃ១០ ឧសភា ដោយក្រសួងបរិស្ថាន។ របាយការណ៍បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនគិតថា ហេតុការណ៍អាកាសធាតុអាក្រក់នានាដូចជាទឹកជំនន់ និងភាពរាំងស្ងួតកើតឡើងញឹកញាប់ និងខ្លាំងជាងមុន ហើយពួកគេភ្ជាប់ការប្រែប្រួលធាតុអាកាសទៅនឹងកំណើនសីតុណ្ហភាពលំបាកក្នុងការងារកសិកម្ម ការធ្លាក់ចុះទិន្នផល ភាពរាំងស្ងួត កង្វះទឹក និងជំងឺជាដើម។
លោកបណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា «របាយការណ៍សិក្សាអំពីចំណេះដឹង ឥរិយាបថ និងការប្រព្រឹត្តនេះគឺជាជំហានដ៏សំខាន់មួយទៀតដែលផ្តល់លទ្ធភាពឱ្យយើងបានស្វែងយល់បន្ថែមទៀតអំពីទស្សនៈសាធារណជន និងធ្វើការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ការផ្សព្វផ្សាយព័ត៌មានឱ្យបានរហ័ស និងព័ត៌មានដែលពាក់ព័ន្ធ គឺជាប្រការសំខាន់ជួយឱ្យយើង និងដៃគូរបស់យើងអាចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាអភិវឌ្ឍដ៏ធំបំផុតរបស់សកលលោកក្នុងសតវត្សនេះ»។
ការប្រែប្រួលអាកាសធាតុអាចនឹងបង្កផលប៉ះពាល់ដល់ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គមមកលើប្រទេសកម្ពុជាដោយសារប្រជាជនកម្ពុជាមានធនធាន និងបច្ចេកវិទ្យាតិចតួចដើម្បីធ្វើការបន្ស៊ាំ។ ជាពិសេសកសិករនៅតាមទីជនបទដែលពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិក្នុងការប្រកបរបរចិញ្ចឹមជីវិត អាចទទួលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ។ ការស្វែងយល់ទស្សនៈសាធារណជនអំពីការប្រែប្រួលអាកាសធាតុ គឺមានសារសំខាន់ពិសេសចំពោះស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីឆ្លើយតប ដែលយកចិត្តទុកដាក់ជាចម្បងទៅលើសហគមន៍មូលដ្ឋាន ខណៈដែលពួកគេកំពុងប្រឈមនឹងការធ្លាក់ចុះទិន្នផលដំណាំ កង្វះទឹក និងកំណើនជំងឺ សត្វល្អិតបំផ្លាញដំណាំរបស់ពួកគេ។
ក្នុងនាមដៃគូឧបត្ថម្ភដល់ការសិក្សានេះ លោកប្រាយអ៊ិន ឡាន់ នាយកអង្គការអុកស្វាមប្រចាំតំបន់អាស៊ីខាងកើតបានមានប្រសាសន៍ថា «របកគំហើញនៃការសិក្សានេះមានសារសំខាន់ណាស់ដែលអាចជួយឱ្យគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ធ្វើការវិនិយោគដោយវៃឆ្លាតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់ជួយលើកកម្ពស់សិទ្ធិសហគមន៍ក្រីក្រ និងសហគមន៍ដែលទទួលបានការគិតគូរតិចតួចធ្វើការបន្ស៊ាំ និងចាកផុតពីគ្រោះភ័យដោយសារអាកាសធាតុ។ ការវិនិយោគទាំងនេះត្រូវតែជួយដល់សហគមន៍ងាយរងគ្រោះក្នុងការកសាងសមត្ថភាពសម្របខ្លួនទៅនឹងធាតុអាកាសមិនទៀងទាត់ដែលអាចបង្កផលប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ ជាពិសេសក្នុងផលិតកម្មកសិកម្ម»។
អ្នកចូលរួមក្នុងការសិក្សាជាងពាក់កណ្តាលយល់ថា ពួកគេមិនអាចមានលទ្ធភាពឆ្លើយតបទៅនឹងការប្រែប្រួលធាតុអាកាស ហើយមិនមានព័ត៌មានដែលពួកគេត្រូវការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះបានទេ។ ប្រជាជនភាគច្រើនដែលបានចូលរួមក្នុងការសិក្សានេះមិនបានយល់ដឹងស៊ីជំរៅអំពីមូលហេតុបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ ពួកគេបានភ្ជាប់ការប្រែប្រួលធាតុអាកាសទៅនឹងសកម្មភាពក្នុងមូលដ្ឋានរបស់ពួកគេ និងមិនបានយល់ច្បាស់អំពីមូលហេតុនេះជាសកលទេ។ អ្នកឆ្លើយតបពីរភាគបី(៦៧%) បាននិយាយថា ការបាត់បង់ព្រៃឈើ គឺជាមូលហេតុនាំឱ្យមានការប្រែប្រួលធាតុអាកាស។ តាមរបាយការណ៍វិទ្យាសាស្ត្រឱ្យដឹងថា ការប្រែប្រួលអាកាសធាតុមានទំនាក់ ទំនងជាមួយនឹងកត្តាធម្មជាតិ និងសកម្មភាពមនុស្ស ហើយសកម្មភាពចម្បងរបស់មនុស្សដែលបង្កបញ្ហានេះ រួមមានការដុតប្រេងហ្វូស៊ីលដើម្បីផលិតអគ្គិសនីកម្តៅ និងសកម្មភាពគមនាគមន៍។
ក្រោមកិច្ចសហការជាមួយអង្គការដានីដា អង្គការអុកស្វាម និងអង្គការយូអិនឌីភីកម្ពុជានៅឆ្នាំ២០១០ ក្រសួងបរិស្ថានបានផ្តល់សិទ្ធិដល់អង្គការ BBC World Service Trust ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើទស្សនៈសាធារណជនកម្ពុជាអំពីការប្រែប្រួលអាកាសធាតុ ដោយធ្វើការស្ទង់មតិប្រជាពលរដ្ឋកម្ពុជាចំនួន២.៤០១នាក់ និងសម្ភាសន៍បន្ថែមជាមួយមនុស្សសំខាន់ៗចំនួន១០១នាក់ផ្សេងទៀត រួមមានអ្នកសារព័ត៌មានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលក្នុង២៤ខេត្ត-ក្រុង រាជធានី ទូទាំងប្រទេសកម្ពុជា។ របាយការណ៍នេះមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងស៊ីជំរៅដល់គ្រប់ដៃគូពាក់ព័ន្ធដូចជាអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រសួង មន្ទីរ និងស្ថាប័នរដ្ឋាភិបាលនានា ព្រមទាំងផ្នែកឯកជនក្នុងការរៀបចំកម្មវិធីរបស់ខ្លួនដើម្បីជួយដល់ប្រជាជនកម្ពុជាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ៕
ចែករំលែកព័តមាននេះ