ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)
- ភ្នំពេញ
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)។
ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ថ្លែងនូវរបាយការណ៍សង្ខេប លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា គម្រោងបណ្ណាល័យអេឡិចត្រូនិចនៃក្រសួងបរិស្ថាន បានបង្កើតឡើងតបតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចែករំលែក សម្រាប់ចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យ សម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។ ជាមួយគ្នានេះ យើងរីករាយស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ ប្រើប្រាស់ជាផលប្រយោជន៍រួម។
ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារដែលបានអនុវត្តបានជោគជ័យសម្រេចបាននូវបណ្ណាល័យអេឡិចត្រូនិច (eLibrary) នេះឡើង ដែលជាមជ្ឍមណ្ឌលប្រមូលព័ត៌មានយ៉ាងសំខាន់មួយ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បណ្ណាល័យអេឡិចត្រូនិច មិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ ដែលនឹងប្រែក្លាយសង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសកម្ម ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត។
គួរបញ្ជាក់ថា បណ្ណាល័យអេឡិចត្រូនិច (eLibrary) នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងគេហទំព័រផ្លូវការនៃក្រសួងបរិស្ថាន ដែលមានស្រាប់ ដែលក្នុងគេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាព ប្រែក្លាយទៅជាគេហទំព័រដ៏សំបូរបែប និងប្រមូលផ្តុំគ្រប់ប្រព័ន្ធទិន្នន័យ ដែលបាន និងកំពុងអនុវត្ត ស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងបរិស្ថាន ដែលរួមមាន៖ (១)ព័ត៌មាន ដែលទាក់ទងនឹងក្រសួង និងមន្ទីរបរិស្ថាន (២)ចំណេះដឹងទូទៅពីបរិស្ថាន ព្រឹត្តិការណ៍ ឬយុទ្ធនាការបរិស្ថានផ្សេងៗ (៣)ព័ត៌មានអំពីប្រព័ន្ធ CEMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាប្រមូលព័ត៌មាន ថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (៤)ព័ត៌មានអំពីប្រព័ន្ធ NRMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (៥)ព័ត៌មានអំពីប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ (៦)ព័ត៌មានអំពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងគ្រប់មុខសញ្ញាការចំណាយរបស់ក្រសួង-ស្ថាប័ន និង(៧)បណ្ណាល័យអេឡិចត្រូនិច(eLibrary)៕ ( អត្ថបទ និងរូបភាពពីក្រសួងបរិស្ថាន )














ចែករំលែកព័តមាននេះ