ខេត្តកណ្តាល ៖ លួន សុខខេង អ្នកប្រដាល់មកពីក្លឹបសិង្ហកីឡា បានប្រកាសសាកស្នៀតគុនជាមួយសរ សី មកពីក្លឹបក្រសួងការពារជាតិនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាល្ងាចថ្ងៃ សុក្រ ទី ១៣ ឧសភាឆ្នាំ២០១១។
សុខខេង មិនធ្លាប់មានប្រវត្តិជួបប្រកួតជាមួយសរ សី ពីមុនមកទេ ហើយបើប្រៀបធៀបពីជីវិតនៅលើសង្វៀន សុខខេង ចាស់វស្សាជាងសរ សី តែវិជ្ជាគុនមិនប្រាកដថាខ្ពស់ជាងទេ ។ សុខខេង និងសរ សី មានជំនាញខាងលេងកណ្តាប់ដៃដូចគ្នា ចំណែកស្នៀតផ្សេងៗទៀតមិនដូចគ្នាទេ ។ សរ សី ទោះបីជាមិនសូវបានកម្ពស់តែគេអាចហក់វាយកែងទៅលើដៃគូបាន ។ ជាមួយនឹងការប្រើប្រាស់ក្បាច់គុនគ្រប់យ៉ាង សរ សី នៅមានប្រៀបមួយទៀត គឺទឹកចិត្ត និងកម្លាំង។ អ្នកប្រដាល់រូបនេះមិនសូវចេះដកថយទេ ទោះបីជាប៉ះចំដៃគូខ្លាំងយា៉ងណាក៏ដោយ ។ ប្រកួតចុងក្រោយកាលពីថ្ងៃទី៣០ មេសា កន្លងមក សរ សី បានយកឈ្នះពិន្ទុវង្ស សីុថៃ មកពីក្លឹបកងពលតូចលេខ៧០ ។ សមត្ថភាពប្រហែលស៊ីថៃ មិនអាចយកឈ្នះសរ សី បានផង ដូច្នេះសម្រាប់សុខខេង ពិតជាយ៉ាប់មិនខាន ។
ណាំ នឿន មកពីក្លឹបតាព្រហ្មមានជ័យ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយធិន សុវណ្ណ មកពីក្លឹបកងពលតូចលេខ៧០ ។ អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែជាជើងចាស់ធ្លាប់មានបទពិសោធន៍លើសង្វៀនយូរឆ្នាំមកហើយ ប៉ុន្តែពួកគេមិនសូវមានឈ្មោះបោះសំឡេងប៉ុន្មានឡើយ។ ណាំ នឿន ក៏ជាអ្នកលេងកណ្តាប់ដៃយ៉ាងល្អ ម្នាក់ដែរ នៅពេលដែលគេបានវាយចូលដៃគូ១ដៃហើយ គឺច្រើនតែវាយសម្រុកបន្ថែមទៀតមិនដកដៃ តែគេក៏អន់ល្វែងក្រោមដែរ ដែលជាញឹកញាប់ច្រើនត្រូវដៃគូទាត់ចន្ទល់ក្រោមឱ្យចុះចាញ់។ ណាំ នឿន បានបាត់មុខមួយរយៈមិនដែលឃើញបង្ហាញមុខលើសង្វៀនទេ ពេលនេះគេត្រឡប់មកវិញដោយដាក់ឱ្យប្រកួតជាមួយធិន សុវណ្ណ ដែលជាអ្នកប្រដាល់ចេះស៊ូទ្រាំម្នាក់មិនងាយចុះចាញ់ដោយងាយៗឡើយ។ ទោះបីជាយា៉ងណា រវាងគូនេះគ្មានអ្នកណាហ៊ានទស្សន៍ទាយលទ្ធផលទុកជាមុនបានឡើយ ។
ប្រាក់ មករា មកពីក្លឹបរស្មីកុមារកំព្រា ត្រូវប្រកួតជាមួយមាស ភិរម្យ មកពីក្លឹបកងទ័ពជើងទឹក ។ គូនេះ មិនែមនជាអ្នកប្រដាល់ថ្មីទេ គ្រាន់តែមិនសូវបានឡើងប្រកួតញឹកញាប់ប៉ុណ្ណោះ ។ រីឯអ្នកប្រដាល់រលកក្រោយឡុង ប៊ុនហេង មកពីក្លឹបសាលវ័ន្តកីឡា ត្រូវប្រកួតជាមួយថន វាសនា មកពីក្លឹបនាគមានជ័យ ។ សូ សុផាត មកពីក្លឹបតោមាស ត្រូវប្រកួតជាមួយយឹម វិចិត្រ មកពីក្លឹបឥន្ទ្រីកីឡា ។ គូនេះ ប្រកួតជាលក្ខណៈសាកល ៕
ចែករំលែកព័តមាននេះ