ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍ សាត់ និងប្រធាន-អនុប្រធានក្រុមការងារក្រុង ស្រុក ឃុំ និងសមាជិកសមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ ជួយមូលដ្ឋាន ក្រុង ស្រុក ទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដែលបានបូជាកម្លាំងកាយចិត្ត ដឹកនាំនិងចូលរួមយ៉ាងសកម្មក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកា ក្រុមការងារទាំងអស់ ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបក្ស និងប្រជាជនរបស់យើង ។ ស្នាដៃ និងលទ្ធផលនៃការខិតខំទាំងអស់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តពោធិ៍សាត់របស់យើង»។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ ក៏បានថ្លែងអំណរគុណកោតសរសើរ និងដឹងគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះប្រជាជននៃខេត្តពោធិ៍សាត់ទាំងមូល ដែលបាននាំគ្នាយ៉ាងច្រើនកុះកររហូតដល់ជាង៨៧% ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់ជាង៩០%។

លទ្ធផលដ៏ត្រចះត្រចង់នេះបង្ហាញឱ្យឃើញថា បងប្អូនពិតជាស្រឡាញ់សន្តិភាព ចង់បានការអភិវឌ្ឍ និងការការពារសង្គម ពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនយ៉ាងពិតប្រាកដ» ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋទូទាំងប្រទេស ៨.២១៣.២៦០នាក់ស្មើនឹង ៨៤,៥៨% បានទៅបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩.៧១០.៦៥៥នាក់ ។ ដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋបានទៅបោះឆ្នោតមានចំនួន ២៦០.៧៦៧នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៣០០.៣២៨នាក់ ។ ជាលទ្ធផល ខេត្តពោធិ៍សាត់ទទួលបានអាសនៈ៤លើ៤អាសនៈ ពោលគឺឈ្នះដាច់តែម្តង ៕

ចែករំលែកព័តមាននេះ