យោងតាមបណ្តាអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានអះអាងថា អ្នកកើតជំងឺបេះដូងនឹងប្រឈមជាមួយអត្រាស្លាប់ខ្ពស់ ប្រសិនជាពួកគេមានខ្លាញ់នៅជុំវិញចង្កេះច្រើន។
ក្រុមស្រាវជ្រាវដែលមានឈ្មោះថាMayo Clinicបានធ្វើវិភាគទិន្ន័យព័ត៌មានក្នុងលទ្ធផលនៃការសិក្សាចំនួន៥ពាក់ព័ន្ធជាមួយអ្នកជំងឺ១៥.៩២៣នាក់។ ក្រោយពីការវិភាគយ៉ាងល្អិតល្អន់ ក្រុមស្រាវជ្រាវបានរកឃើញថា បញ្ហានេះបានប៉ះពាល់ទៅលើអ្នកដែលមានរាងកាយធាត់ដុះពោះកំប៉ោង។ នៅក្នុងព្រឹត្តិបត្រAmerican College of Cardiologyបាននិយាយថា បណ្តាមនុស្សដែលមានខ្លាញ់ច្រើននៅជុំវិញចង្កេះគួរតែព្យាយាមបញ្ចុះទម្ងន់។
ចំណែកមូលនិធិរោគបេះដូងរបស់អង់គ្លេសក៏បាននិយាយដែរថា អ្នកធាត់ដុះពោះហើយមានជំងឺបេះដូងគួរតែប្រយ័ត្នប្រយែងឲ្យបានខ្លាំងបំផុត។ នៅក្នុងការពិសោធន៍ផងដែរ ក្រុមMayo Clinicក៏បានពិនិត្យមើលលើភាពខុសគ្នានៅជុំវិញចង្កេះនិងត្រគាក ហើយវាស់ខ្លាញ់នៅជុំវិញក្បាលពោះព្រមទាំងBMI(ដែលជាការវាស់ប្រៀបធៀបទម្ងន់និងកំពស់)។ អត្រាស្លាប់បានកើនឡើងដល់៧៥%ចំពោះអ្នកជំងឺដែលមានខ្លាញ់នៅជុំវិញចង្កេះក្នុងកម្រិតខ្ពស់។ សូម្បីតែអ្នកដែលមានកម្ពស់ធម្មតា(BMIចន្លោះពី២០ទៅ២៥)ក៏ប្រឈមនឹងអត្រាស្លាប់ខ្ពស់ណាស់ដែរ ប្រសិនជានៅបរិវេណជុំវិញចង្កេះរបស់ពួកគេផ្ទុកទៅដោយខ្លាញ់ ។
វេជ្ជបណ្ឌិតThais Coutinhoរបស់ក្រុមMayo Clinicបាននិយាយថា៖«BMIគ្រាន់តែជារង្វាស់ទម្ងន់សមាមាត្រទៅនឹងកម្ពស់ប៉ុណ្ណោះ។ អ្វីដែលជាការសំខាន់នោះគឺជាមធ្យោបាយដែលខ្លាញ់ត្រូវបានចែកចាយទៅឲ្យផ្នែកផ្សេងៗរបស់រាងកាយ»។ បណ្តាអ្នកស្រាវជ្រាវបានស្នើថា វេជ្ជបណ្ឌិតគួរតែវាស់ទំហំចង្កេះនិងត្រគាកគ្រប់អ្នកជំងឺបេះដូងទាំងអស់។ ការធ្វើបែបនេះគឺដើម្បីផ្តល់ដំបូន្មានពីវិធីសាស្រ្តកាត់បន្ថយអត្រាស្លាប់ដល់អ្នកជំងឺ។
អនុប្រធានមូលនិធិរោគបេះដូងអង់គ្លេស វេជ្ជបណ្ឌិតម៉ៃ នែបតុនបាននិយាយថា៖«ការសិក្សានេះបានបង្ហាញថាការធាត់ដុះពោះកំប៉ោងគឺជាការប្រឈមយ៉ាងធំមួយទៅនឹងគ្រោះថ្នាក់ដល់ស្លាប់សម្រាប់អ្នកមានជំងឺបេះដូង បើទោះណា BMIរបស់គេធម្មតាក៏ដោយ»។ ខ្លាញ់នៅក្បាលពោះនិងជុំវិញចង្កេះពិតជាមិនល្អឡើយ ហើយវាក៏ជាផ្នែកមួយដែលនាំឲ្យកើតជំងឺមួយចំនួនដូចជា ឡើងឈាម ទឹកនោមផ្អែមនិងកូឡេស្តេរ៉ូលឡើងខ្ពស់ទៀតផង៕
ចែករំលែកព័តមាននេះ