ថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេច កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ…
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេច កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ…
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេច កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។
សូមរម្លឹកថា ច្បាប់បោះឆ្នោតព្រឹទ្ធសភា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងនោះ សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
តាមច្បាប់ដដែល សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ នោះគឺអាសនៈនៅក្នុងព្រឹទ្ធសភា ដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវកំណត់ត្រឹម ចំនួន ៥៨រូប ដោយបែងចែកតាមភូមិភាគ ចំនួន ៨ភូមិភាគ រួមមាន៖ ១-ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦អាសនៈ។ ២-ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨អាសនៈ។ ៣-ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥អាសនៈ។ ៤-ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០អាសនៈ។ ៥-ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧អាសនៈ។ ៦-ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧អាសនៈ។ ៧-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩អាសនៈ។ ៨-ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦អាសនៈ។
ច្បាប់បោះឆ្នោតព្រឹទ្ធសភា ក៏បានកំណត់ថា អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាតំណាងរាស្ត្រ ក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។
ប្រវត្តិព្រឹទ្ធសភា៖
អនុលោមតាមច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។
១. ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)
ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង សម្រាប់រយៈពេល ៥ឆ្នាំ មានសមាជិកចំនួន ៦១រូប ក្នុងនោះ សមាជិកព្រឹទ្ធសភាចំនួន ០២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ រីឯប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា។
ដោយឡែក សមាជិកដទៃទៀត ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសមាជិក សមាជិកា នៃគណបក្សនយោបាយទាំងបី (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៊ី ) ដែលមានអាសនៈនៅរដ្ឋសភា ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដែលក្នុងនោះ មាន៖
– គណបក្សប្រជាជនកម្ពុជា (CPP) ៣១រូប
– គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ២១រូប
– គណបក្សសមរង្ស៊ី (SRP) ០៧រូប
ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាល ចំនួន ២ដង (ម្តង ១ឆ្នាំ) តាមព្រះរាជក្រឹត្យ ៖
-លើកទី១ : ព្រះរាជក្រឹត្យ នស/រកត/០២០៤/០៣០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥) ។
-លើកទី២ : ព្រះរាជក្រឹត្យ នស/រកត/១២០៥/០៧០ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៥ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥ រហូតដល់ព្រឹទ្ធសភា នីតិកាលទី២ ចូលកាន់តំណែង ) ។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា នីតិកាលទី១ មាន៖ សម្តេច ជា ស៊ីម ជាប្រធាន (CPP) ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងឯកឧត្តម ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ (FUN)។ មកដល់ខែសីហា ឆ្នាំ២០០៤ ឯកឧត្តម ញឹក ប៊ុនឆៃ បានលាលែងទៅបំពេញការងារ ក្នុងរាជរដ្ឋាភិបាល ហើយគណបក្សហ៊្វុនស៊ីនប៉ិច បានស្នើតែងតាំងឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺជំនួស។
២. ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី២ បានប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។
ព្រឹទ្ធសភា នីតិកាលទី២ មានសមាជិកចំនួន ៦១រូប ក្នុងនោះ ៥៧រូប ត្រូវបានបោះឆ្នោតជាអសកល ០២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង០២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។
ព្រឹទ្ធសភា នីតិកាលទី២ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៧រូប ដែលបានជាប់ឆ្នោត មានសមាសភាព មកពី៖
១– គណបក្សប្រជាជនកម្ពុជា (CPP)ចំនួន ៤៥រូប
២– គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ចំនួន ១០រូប
៣– គណបក្សសមរង្ស៊ី (SRP) ចំនួន ០២រូប
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី២ មាន៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP) ។
៣. ព្រឹទ្ធសភា នីតិកាលទី៣ (២០១២-២០១៨)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ជាលទ្ធផលក្នុងចំណោមសមាជិក ៥៧រូប ដែលជ្រើស តាំងដោយការបោះឆ្នោត មានសមាសភាព មកពី៖
– គណបក្សប្រជាជនកម្ពុជា(CPP) ចំនួន ៤៦រូប
– គណបក្សសមរង្ស៊ី(SRP) ចំនួន ១១រូប
ព្រឹទ្ធសភា នីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មាន៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) ឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ (CPP) និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP)។
ព្រឹទ្ធសភានីតិកាលទី៣ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន ឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ ។
៤. ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់ ៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុប មានចំនួន ៦២រូប បង្កើន ០១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន ០២អាសនៈ នៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភា នីតិកាលទី៦ មានសមាជិកសរុប ចំនួន ១២៥រូប) ។
ព្រឹទ្ធសភា នីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង ៦២រូប មានសមាជិកា ចំនួន ១០រូប។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន ឯកឧត្តម នៃ ប៉េណា ជាអនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម កា ត្រូវបានព្រឹទ្ធសភា ធ្វើការបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី១ ព្រឹទ្ធសភា៕
ចែករំលែកព័តមាននេះ