ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​ដ៏​ល្បី​មួយ​របស់​អា​មេ​រិ​ក​ប្រកាស​បិទទ្វារ ក្រោយ​ដំណើរការអស់​ជាង​១០០​ឆ្នាំ

9 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​ដ៏​ល្បី នៅ​សហរដ្ឋអាមេរិក ដែល​បាន​បង្កើត​ឡើង​ក្នុង​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​ដ៏​ល្បី នៅ​សហរដ្ឋអាមេរិក ដែល​បាន​បង្កើត​ឡើង​ក្នុង​ទី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ចាប់តាំងពី​ឆ្នាំ ១៨៩៦ និង​បាន​ផ្សព្វផ្សាយ​ខ្លួនឯង​ថា ជា​អ្នក​ផលិត​ស្រា​បៀរ​ឯករាជ្យ​ខ្នាត​តូច​ដំបូង​របស់​សហរដ្ឋអាមេរិក​នោះ បាន​ប្រកាស​បិទទ្វារ​ហើយ ក្រោយ​ដំណើរការ​លើ​វិស័យ​នេះ​អស់​ពេល ១២៧​ឆ្នាំ​។

ក្រុមហ៊ុន Anchor Brewing បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ឈប់​ប្រតិបត្តិការ ហើយ​បិទ​អាជីវកម្ម ដោយ​ចង្អុលបង្ហាញ​ពី​ការ​លក់​ធ្លាក់​ចុះ​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុមហ៊ុនផលិតស្រាបៀរ​ជប៉ុន Sapporo ដែល​បាន​ទិញ​ក្រុមហ៊ុន Anchor Brewing នៅ​ក្នុង​ឆ្នាំ ២០១៧ បាន​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ម៉ាក​យីហោ​មួយ​នេះ ស្ទុះ​ងើបឡើង​មក​វិញ បាន​បរាជ័យ​។

លោក Sam Singer អ្នកនាំពាក្យ​ក្រុមហ៊ុន Anchor Brewing បាន​ថ្លែង​ថា «​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​។ យើង​ទទួលស្គាល់​ពី​សារៈសំខាន់ និង​រឿង​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នៃ Anchor to San Francisco និង​ចំពោះ​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ អតិផរណា ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រួម​និង​ទីផ្សារ​ប្រកួតប្រជែង​ខ្ពស់ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​សម្រេចចិត្ត​បែប​នេះ ដែល​ជា​ការ​សម្រេចចិត្ត​ដ៏​សោកសៅ​ក្នុង​ការ​បញ្ឈប់​ប្រតិបត្តិការ​»​។

រសជាតិ​ស្រា​បៀរ Anchor Brewing បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​ដល់​អ្នក​ទទួលទាន និង​ត្រូវ​បាន​ចាត់ទុកជា​រសជាតិ​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ចំណោម​រសជាតិ​ដើម​មួយ​ចំនួន​ទៀត នៃ​ស្រា​បៀរ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ម៉ាក​យីហោ ដែល​បាន​ឈរ​ជា​ម៉ាក​យីហោ​លក់ដាច់​ជាងគេ​ទៅ​តាម​បារ និង​ភោជនីយដ្ឋាន​ជា​ច្រើន​មួយ​នេះ បាន​ជួប​ការ​លំបាក​បន្ថែម​ទៀត​នា​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ក្រុមហ៊ុនផលិតស្រាបៀរ​ជប៉ុន Sapporo ដែល​បាន​ទិញ​ក្រុមហ៊ុន Anchor Brewing នៅ​ក្នុង​តម្លៃ ៨៥​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៧ បានឱ្យ​ដឹង​ថា Anchor Brewing រក​ចំណូល​បាន ១០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​មុន ដែល​ធ្លាក់​ចុះ​ពី ១២​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២១​។ ក្រុមហ៊ុន Sapporo បានឱ្យ​ដឹង​ថា ខ្លួន​បាន​ព្យាយាម​ធ្វើ​ឱ្យ​ការ​លក់​ងើបឡើង​វិញ តាម​រយៈ​ការ​បន្ត​ផលិតផល និង​ការ​វិនិយោគ​ផ្សេង​ទៀត ប៉ុន្តែ​មិន​អាច​យកឈ្នះ​លើ​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ចេញពី​ជំងឺ​រាតត្បាត​រាតត្បាត​កូ​វី​ដ​-១៩ បាន​នោះ​ទេ​។

យោង​តាម​របាយការណ៍ សមាគម​ផលិត​ស្រា​បៀរ​របស់​សហរដ្ឋអាមេរិក បានឱ្យ​ដឹង​ថា ចំនួន​ស្រា​បៀរ​ដែល​បាន​លក់​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ ៣% ខណៈ​ដែល​នៅ​ឯ​ក្រុមហ៊ុន​ផលិត​ស្រា​តូច​ៗ បរិមាណ​នៃ​ការ​លក់​គឺ​ប្រហែលជា​មាន​ចំនួន​តិចតួច​បំផុត​។

ក្រុមហ៊ុន Anchor Brewing ដែល​បាន​ផ្តល់​ការ​ជូនដំណឹង​រយៈពេល ៦០​ថ្ងៃ​ដល់​បុគ្គលិក​របស់​ខ្លួន​ប្រហែល ៦០​នាក់ បាន​អះអាង​ថា ខ្លួន​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ក្នុង​ការ​ស្វែងរក​អ្នកទិញ​ថ្មី នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ បើ​ទោះបីជា ក្រុមហ៊ុន​បាន​ឈប់​ផលិត​ស្រា​បៀរ ប៉ុន្តែ​នឹង​បន្ត​វេច​ខ្ចប់ និង​ចែកចាយ​ដប​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា រហូត​ដល់​ចុងខែ​កក្កដា ហើយ​ហាង​ស្រា​ក្នុងស្រុក​របស់​ខ្លួន ក៏​នឹង​នៅ​តែ​បើក​ជា​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​លក់​ផលិតផល​ដែល​នៅ​សល់​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ