ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងតំណាងឱ្យឯកឧត្តម សៀង សុខ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ សមត្ថកិច្ចប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញានៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនខ្មែរ ធីបថបអ៊ីមិច ឯ.ក និងមេធាវីក្រុមហ៊ុន លោក ប៊ុន សុវណ្ណ បានធ្វើការដុតបំផ្លាញចោលសម្ភារៈវត្ថុតាងក្លែងក្លាយខូចគុណភាពនៃករណីបទល្មើសរោងចក្រផលិតបារីម៉ាក ESSE ក្លែងក្លាយប្រមាណជាង៤០តោន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានក្នុងខេត្តឲ្យដឹងថា ក្រោយពីមានការស្នើសុំពីក្រុមហ៊ុនខ្មែរធីបថប អ៊ីមិច ឯ.ក គណៈកម្មការប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដឹកនាំដោយកម្លាំងនាយកដ្ឋាន បានចុះបង្ក្រាបនូវទីតាំងលួចផលិតបារីក្លែងក្លាយ ESSEកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

លោកបន្តទៀតថា ក្នុងការចុះបង្ក្រាប កម្លាំងជំនាញបានដកហូតសម្ភារៈបម្រើឲ្យការផលិតនូវបារីក្លែងក្លាយ និងបានរំលោភទៅលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុនពិតប្រាកដមែន បន្ទាប់មកក៏បានចងក្រងជាសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីច្បាប់ រហូតមានចេញជាសាលក្រមមុនអង្គសេចក្តីតាមសំណើរបស់ក្រុមហ៊ុន ធ្វើការដុតបំផ្លាញចោលនូវបារី និងសម្ភារៈផលិតបារីក្លែងក្លាយនៅថ្ងៃនេះ ។

លោកបានឲ្យដឹងបន្តថា ពាក់ព័ន្ធជាមួយវត្ថុតាងដែលរឹបអូសបាន និងដុតបំផ្លាញចោលនៅថ្ងៃនេះមានចំនួន១៥មុខ ក្នុងនោះរួមមាន កន្ទុយស្នោបារីដើមតូច ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី ក្រដាសរ៉ូឡូមូរបារីដើមតូច ថង់ផ្លាស្ទិចស្រោបសុងបារី ថង់ប្លាស្ទិកស្រោបកញ្ចប់បារី ក្រដាសរ៉ូឡូអាលុយមីញ៉ូមសរសៃថ្នាំជក់(កេស) សរសៃថ្នាំជក់(ការ៉ុង) សម្បកកេស ក្រដាសមូកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាកESSE(មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច ។ សម្ភារសម្រាប់បម្រើការផលិតផលក្លែងក្លាយសរុបប្រមាណចំនួន ៤២.៤៦៥គីឡូក្រាម ៕








ចែករំលែកព័តមាននេះ