រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ឧសភា ឆ្នាំ២០១១ លោកអភិបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យរថយន្តអាចបន្តចតនៅជុំវិញផ្សារធំថ្មីវិញហើយក្រោយពីមានសំណូមពររបស់អាជីវករលក់ដូរក្នុងផ្សារ ហើយនៅព្រឹកថ្ងៃទី៩ឧសភា គេឃើញក្រុមហ៊ុនវីឡាប៉ាកគូរគំនូសសម្រាប់ចតរថយន្តនៅជុំវិញផ្សារ។
លោកសុខ គឹមហេង អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីឱ្យដឹងតាមទូរស័ព្ទថា នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១១ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់រដ្ឋាករស្វយ័តផ្សារធំថ្មីមិនអនុញ្ញាតឱ្យចតរថយន្តជុំវិញផ្សារ ហើយនៅព្រឹកថ្ងៃទី៧ ឧសភា មានអាជីវករលក់ដូរក្នុងផ្សារនាំគ្នាទៅកាន់ស្នាក់ការផ្សារធំថ្មី ដើម្បីសំណូមពរដល់លោកអភិបាលសាលារាជធានីភ្នំពេញតាមរយៈអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីសុំឱ្យសាលារាជធានីអនុញ្ញាតបន្តការចតរថយន្តនៅជុំវិញផ្សារដដែល ។ លោកបានរាយការណ៍ និងពាំនាំសំណូមពរអាជីវករជូនលោកអភិបាលសាលារាជធានី ហើយនៅរសៀលថ្ងៃទី៨ ឧសភា លោកអភិបាលបានយល់ព្រមឱ្យបន្តចតរថយន្តនៅជុំផ្សារវិញដដែល ។
អាជីវករលក់គ្រឿងអលង្ការក្នុងផ្សារធំថ្មីមួយរូបនិយាយថា ចំណាត់ការរបស់លោកអភិបាលសាលារាជធានីភ្នំពេញដែលបានអនុញ្ញាតឱ្យចតរថយន្តនៅជុំវិញផ្សារវិញនេះពិតជាត្រឹមត្រូវ ព្រោះភ្ញៀវបរទេសក៏ដូចជាភ្ញៀវជាតិតែងតែជិះរថយន្តមកផ្សារ បើមិនឱ្យចតរថយន្តតើយករថយន្តទៅចតនៅទីណា?បញ្ហានេះវាធ្វើឱ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករក្នុងផ្សារធំថ្មី ។ អាជីវករទាំងអស់បានថ្លែងអំណរគុណដល់លោកអភិបាលសាលារាជធានី ។
លោកអភិបាលស្វយ័តរដ្ឋាករផ្សារធំថ្មីបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ឧសភាឆ្នាំ២០១១ បុគ្គលិក កម្មកររបស់ក្រុមហ៊ុនវីឡាប៉ាកដែលជាក្រុមហ៊ុនទទួលសិទ្ធិជួសជុលផ្សារធំថ្មីបានគូរគំនូសសងខាងផ្លូវជុំវិញផ្សារធំថ្មី ដើម្បីឱ្យរថយន្តចតមានរបៀបរៀបរយ និងចៀសការកកស្ទះចរាចរណ៍ ៕
ចែករំលែកព័តមាននេះ