រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ នៅសាលប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករខែមេសា ឆ្នាំ២០១១ ក្រោមអធិបតីភាពលោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស ។ លទ្ធផលចំណូលពន្ធអាករខែមេសា ឆ្នាំ២០១១នេះ សម្រេចបានជាង២៦៧ពាន់លានរៀល មានកំណើនប្រមាណ២៨ពាន់លានរៀល ឬប្រមាណ១២% បើប្រៀបធៀបនឹងខែមេសា ២០១០ ។
អង្គប្រជុំបានលើកឡើងនូវវិធានការចំពោះមុខ៧ចំណុចសំខាន់ៗ ដែលត្រូវបន្តអនុវត្តដើម្បីពង្រឹងប្រសិទ្ធភាពការងារគយនិងរដ្ឋាកររួម មាន ៖
១-ជំរុញកិច្ចប្រជុំផ្សព្វផ្សាយឱ្យបានទូលាយដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ឱ្យបំពេញការងារប្រកបដោយវិជ្ជាជីវៈ ឱ្យយល់ពីមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសពាក់ព័ន្ធនឹងបទប្បញ្ញត្តិថ្មីដែលបានចេញក្នុងឆ្នាំ២០១០ កន្លងមក និងពីវឌ្ឍនភាពការងារគយលើគ្រប់ផ្នែកដូចជា ការងារប្រមូលចំណូលពន្ធអាករគយ ការងារស្វ័យប្រវត្តិកម្ម ការគ្រប់គ្រងហានិភ័យ ការបង្ក្រាបអំពើរត់ពន្ធ និងការជំរុញយន្តការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយជាដើម ។
២-ពង្រឹងប្រសិទ្ធភាពការងារស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធបន្ថែមទៀត ដោយត្រូវខិតខំធ្វើឱ្យច្បាស់លាស់ថា បទល្មើសដែលបង្ក្រាបបាន គឺជាស្នាដៃពិតរបស់់មន្ត្រីគយមានសមត្ថកិច្ច ។
៣-ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគ្រប់គ្រងអាជីវកម្មស្ថានីយចរាចរណ៍ចែកចាយផលិតផលតេលសិលា ដោយរួមមានការកសាងបញ្ជីស្នាម ឯកសារគ្រប់គ្រងធុរជន និងអាជីវកម្មដ្ឋាន តាមការកំណត់របស់រាជរដ្ឋាភិបាល ។
៤-ជំរុញការការកសាងផែនការសកម្មភាព ពាក់ព័ន្ធការងារពង្រីកភាពគ្របដណ្តប់របស់ប្រព័ន្ធទិន្នន័យគ្រប់គ្រងហានិភ័យគយ ឱ្យដំណើរការនៅតាមមាត់ច្រកនានា ព្រមទាំងសម្រាប់បញ្ចូលលក្ខណវិនិច្ឆ័យដោយឡែករបស់មូលដ្ឋាននីមួយៗ និងពង្រឹងការសហការ អនុវត្តគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធតាមបទប្បញ្ញត្តិជាធរមាន ។
៥-ជំរុញកសាងបទប្បញ្ញត្តិមួយចំនួនបន្ថែមទៀត តាមការចាំបាច់របស់អង្គភាពគយនិងរដ្ឋាករ ។
៦-ជំរុញការធ្វើវិមជ្ឈការការងារកំណត់តម្លៃគិតពន្ធគយ ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមអង្គភាពគយសំខាន់ៗ ដោយត្រូវធ្វើការបណ្តុះបណ្តាលមន្ត្រីគយ ឱ្យមានលក្ខណសម្បត្តិសមស្របឆ្លើយតបតាមសំណូមពរការងារ ។
៧-បញ្ហាផ្សេងៗទៀតរួមមាន ៖
-ជំរុញការរៀបចំការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការជាតិសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជាពិសេស ការសម្រួលការដឹកជញ្ជូនឆ្លងកាត់តំបន់ត្រីកោណអភិវឌ្ឍន៍ ។
-ជំរុញការបិទផ្សាយជាសាធារណៈនូវបទប្បញ្ញត្តិសំខាន់ៗតាមបញ្ជរព័ត៌មាននៃអង្គភាពគយនានា ដើម្បីផ្នែកឯកជនអាចស្វែងយល់បន្ថែមទៀត។
-ការរៀបចំបំពេញបន្ថែម និងកែសម្រួលធនធានមនុស្សរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រាប់បញ្ចូលទាំងការកែសម្រួលធនធានមនុស្ស និងរបៀបរបបធ្វើការឱ្យបានសមស្រប ។
-ការរៀបចំកិច្ចប្រជុំលើកទី៣របស់យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ឱ្យបានមុខដំណាច់ខែឧសភា ឆ្នាំ២០១១នេះ ។
-ការបន្តពង្រីកខ្លួនប្រព័ន្ធ ASYCUDA និងប្រព័ន្ធគ្រប់គ្រងហានិភ័យគយនៅទូទាំង ប្រទេស៕
ចែករំលែកព័តមាននេះ