រាជធានីភ្នំពេញ ៖ អ្នកប្រដាល់មកពីក្លឹបស៊ីម៉ាក់នន់ ជំនិត បានព្រមានជាម អាដាំ មកពីក្លឹបឃ្លាំងមឿងកីឡា យ៉ាងចាស់ដៃក្នុងការប្រកួតនៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន កាលពីរសៀលថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ ។ នន់ ជំនិត និងជាម អាដាំ ជាអ្នកប្រដាល់ស្ថិតក្នុងលំដាប់អ្នកខ្លាំងដូចគ្នា ប៉ុន្តែក្នុងការជួបប្រកួតជាលើកដំបូងនេះ ជាម អាដាំ ត្រូវជំនិតព្រមានស្ទើរទ្រមខ្លួនទាំង៥ទឹក ជាពិសេសនៅក្នុងទឹកទី៥ត្រូវជំនិតវាយកែងបណ្តាលឱ្យមានរបួសលើមុខចំនួន៣កន្លែង ត្រូវវគ្រូពេទ្យដេរចំនួន១០ថ្នេរ។ អាដាំ ធ្លាប់ជាជើងខ្លាំងហើយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរនៅស្ថានីយទូរទស្សន៍ CTNជំនាន់ទី២ទៀតផង តែនៅពេលជួបជាមួយនន់ ជំនិត ស្នៀតគុនរបស់គេបែរជាវាយចេញមិនរួចហើយចាញ់ប្រៀបជំនិតស្ទើរគ្រប់ទឹក ។ លទ្ធផលចុងក្រោយ ជំនិតឈ្នះដោយពិន្ទុ ។
បឺត រិទ្ធី មកពីក្លឹបនិរោធមានជ័យ បានយកឈ្នះពិន្ទុដួង នីតា មកពីក្លឹបរកាខ្នុរបង្ក្រាបគ្រឿងញៀន ។ សម្រាប់៣ទឹកដំបូង នីតា ហាក់ដូចមានសន្ទុះខ្លាំក្លាដែរ និងមិនទាន់បង្ហាញនូវការចាញ់ប្រៀបគូប្រកួតនៅឡើយទេ ។ ប៉ុន្តែនៅ២ទឹកក្រោយមកទៀតនីតា ចាប់ផ្តើមថមថយកម្លាំង ជាហេតុនាំឱ្យរិទ្ធីវាយលុកយកប្រៀបបានរហូត ។
ម៉ាប់ ឆៃយ៉ា មកពីក្លឹបបក្សីស្លាបដែក បានយកឈ្នះពិន្ទុទាំងលំបាកលើពេជ្រ ប៊ុនសេន មកពីក្លឹបខេមរិន្ទមានឫទ្ធិ ។ គូនេះនៅទឹកទី១ មិនទាន់ក្តៅសាច់ដុំនៅឡើយទេ ការប្រកួតរបស់គេស្ថិតក្នុងភាពស្ទាបស្ទង់ ប៉ុន្តែចាប់ពីទឹកទី២ទៅជាការប្រកួតយ៉ាងស្វិតស្វាញ ។ ពេជ្រ ប៊ុនសេន មានឱកាសចាប់ទាញឆៃយ៉ាវាយជង្គង់ដែរ ប៉ុន្តែមិនត្រូវគោលដៅឡើយ ផ្ទុយទៅវិញ ត្រូវឆៃយ៉ារុញច្រានចេញហើយបញ្ជូនស្នៀតកណ្តាប់ដៃត្រូវផ្ទៃមុខបានល្អ ។
រស់ ស៊ីណាត មកពីក្លឹបនិរោធមានជ័យ បានយកឈ្នះពិន្ទុពេជ្រ សំពៅ មកពីក្លឹបក្រសួងការពារជាតិវិញម្តង ។ គួររំលឹកថា កាលពី៣សប្តាហ៍មុន រវាងគូនេះធ្លាប់ប្រកួតគ្នាម្តងហើយដោយពេលនោះពេជ្រ សំពៅ ជាអ្នកឈ្នះ លុះដល់ពេលសងសឹកនេះ ស៊ីណាតឈ្នះវិញម្តង ។ ការប្រកួតទាំង២លើកនោះ អ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែឈឺសាច់ដូចគ្នា ។
ឆៃ សំណាង មកពីក្លឹបកងទ័ពជើងគោក ប្រកួតចាញ់ពិន្ទុ ឈឹម សំណាង មកពីក្លឹបបាក់ខែងកីឡា ។ រីឯគង់ សំបូរ មកពីក្លឹបបុរីរាជសីហ៍មានឫទ្ធិ បានយកឈ្នះពិន្ទុនួន លីម មកពីក្លឹបតាឡីដំរីមានឫទ្ធិ។
ឃឹម ឌីម៉ា ផ្តួលវ៉ាន់ ចាន់វេត ឱ្យសន្លប់នៅទឹកទី៣ ក្លាយជាអ្នកមានពិន្ទុនាំមុខដណ្តើមប្រាក់ពីធនាគារ
ឃឹម ឌីម៉ា មកពីក្លឹបរស្មីភូមិគាប បានក្លាយជាអ្នកដែលមានពិន្ទុនាំមុខគេនៅក្នុងការប្រកួតប្រដាល់ដណ្តើមប្រាក់ពីធនាគារក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បន្ទាប់ពីបានយកឈ្នះវ៉ាន់ ចាន់វេត មកពីក្លឹបសិង្ហកីឡា នៅក្នុងទឹកទី៣ កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ឧសភា កន្លងមកនេះ ។
ឆ្លងកាត់ការប្រកួត២លើក ឌីម៉ា ឈ្នះទាំង២លើក មាន៦ពិន្ទុ នាំមុខគេរួចហើយ ។ ចាន់វេត ដែលធ្លាប់ឈ្នះការប្រកួត១លើក ហើយក៏ជាគូប្រជែងយ៉ាងសំខាន់ត្រូវឌីម៉ា វាយចូលមុខពេញៗជាច្រើនដៃ និងបង្ខំឱ្យដកថយអែបខ្សែរេញរហូត ។ ស្នៀតជង្គង់ និងស្នៀតកណ្តាប់ដៃរបស់ឌីមា៉ បានយកប្រៀបលើចាន់វេត តាំងពីទឹកទី២ មកម៉្លេះ ។ ចាន់វេត ប្រឹងដកថយដើម្បីរក្សាជំហរទាត់សងវិញ តែមិនទទួលបានលទ្ធផលល្អឡើយ ។ នៅក្នុងទឹកទី៣ ខណៈពេលដែលចាន់វេត ព្យាយាមពង្រឹងគោលជំហរប្រើស្នៀតជើងទាត់សងមកវិញនោះ ស្រាប់តែជើងឆ្វេងរបស់គេត្រូវភ្លាត់ក្រោកលែងរួចតែម្តង ។ ចាន់វេត ពេលនេះ ទើបតែមាន៣ពិន្ទុក្នុងដៃប៉ុណ្ណោះ ។
សំរិទ្ធ សុភាព មកពីក្លឹបក្រសួងកសិកម្ម បានប្រើស្នៀតជង្គង់ខាងឆ្វេងវាយផ្តួលសេក គឹមផាន មកពីក្លឹបសឹករងខេត្តសៀមរាប ឱ្យសន្លប់ក្នុងទឹកទី៣ ។ រវាងគូនេះសុទ្ធតែរងនូវការបរាជ័យម្តងម្នាក់រួចមកហើយកាលពីនៅជុំទី ១ ។ ចំណែកលើកនេះទាំងសងខាងសុទ្ធតែមានបំណងស្វែងរក៣ពិន្ទុដូចគ្នា ប៉ុន្តែគឹមផាន មិនបានសម្រេចតាមគោលបំណងរបស់គេឡើយ ។ ក្នុងទឹកទី ១ និងទី២ គឹមផាន ព្យាយាមបញ្ចេញស្នៀតជើងវាយសម្រុកយា៉ងខ្លាំងក្លាទៅរកសុភាព ប៉ុន្តែស្នៀតជើងរបស់សុភាពមិនបានផ្តល់ឱកាសឱ្យគឹមផាន ធ្វើអ្វីតាមតែចិត្តនោះឡើយ ។ ក្នុងទឹកទី២ និងទឹកទី ៣ គឹមផាន សូម្បីតែកម្លាំងក៏រក្សាមិនបានល្អផង ។ ស្នៀតជើងរបស់សុភាពបានជំរុញឱ្យគឹមផាន ដកថយយកខ្សែរេញធ្វើជាបង្អែករហូត ។ សុភាពយកឈ្នះលើគឹមផាន លើកនេះ គេអាចរកបាន៣ពិន្ទុហើយ ចំណែកគឹមផាន ចាញ់ការប្រកួត២លើកជាប់គ្នា ។
រីឯគូប្រកួតមិត្តភាព ខុម ពិសិដ្ឋ មកពីក្លឹបអូដឹមកីឡា យកឈ្នះឡុង គឹមសែន មកពីក្លឹបសាលវ័ន្តកីឡា ដោយពិន្ទុ ។ ចាន់ រតនៈ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ យកឈ្នះជិន រ៉ា មកពីសមាគមកកីឡាប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុ ។ ជឹម សារ៉ាត់ មកពីក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាលក្ខណៈសាកលអាជីពឈ្នះថា រ៉ាវី មកពីក្លឹបឥន្ទ្រីកីឡា ដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ